កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀងបើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី ៣០ មិថុនា ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយលោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។
សមិទ្ធផលដ៏សំខាន់នេះ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័ត នូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានដុល្លារ ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការរីកលូតលាស់នៃ ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាមេរិកទាំងអស់។
កម្ពុជា នៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូក្នុងការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងការពង្រឹងក្របខ័ណ្ឌអាកាសចរណ៍ទ្វេភាគី ដែលមានស្រាប់៕