ទោះបីមានការចរចាតាមការទូតក៏ដោយ អ៊ីរ៉ង់បង្កើនការបង្រ្កាប
ការឃាត់ខ្លួនលើក្រុមអ្នកកែទម្រង់ និងការចោទប្រកាន់លើលោក ណាហ្ស៉េស ម៉ូហាម៉ាឌី ពានរង្វាន់ណូបែលសន្តិភាព អ៊ីរ៉ង់ពង្រីកការបង្រ្កាបនៅខាងក្នុងប្រទេស ហើយក៏នៅរក្សាផ្លូវការទូតចំហជាមួយសហរដ្ឋអាម៉េរិក។
លោកអាបបាស អារ៉ាជី ប្រមុខការទូតអ៊ីរ៉ង់ បានព្រមានថា ទោះបីមានការចាប់ផ្តើមកិច្ចសន្ទនាកាលពីថ្ងៃសុក្រ សប្តាហ៍មុននៅប្រទេសអូម៉ង់ សម្លេងនៅតែម៉ឺងម៉ាត់ និងមានការមិនទុកចិត្តយ៉ាង ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក។
ប្រឈមមុខនឹងស្ថានភាពលំបាកបំផុតមួយក្នុងចំណោមស្ថានភាពលំបាកធំៗ ប្រមុខកំពូលអ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមឺណៃ បានអំពាវនាវឲ្យជនរួមជាតិអ៊ីរ៉ង់បង្ហាញនូវភាពអត់ធ្មត់នាឱកាសខួបនៃសប្តាហ៍នៃបដិវត្តន៍អ៊ីស្លាមនៅឆ្នាំ១៩៧៩។ មេដឹកនាំអ៊ីរ៉ង់ បានបញ្ចាក់ថា អំណាចរបស់ជាតិមួយមិនស្ថិតនៅលើកាំជ្រួច និងយន្តហោះរបស់ខ្លួនទេ ប៉ុន្តែស្ថិតនៅលើឆន្ទៈ និងភាពអត់ធ្មត់របស់ប្រជាជន។ លោកបានបន្ថែមថា សូមបង្ហាញរឿងនេះម្តងទៀត និងបំបាក់ផែនការរបស់សត្រូវ។
មេដឹកនាំអ៊ីរ៉ង់ បានផ្ញើសារដ៏មុតស្រួចនៅខណៈដែលអាជ្ញាធរបង្កើនការបង្រ្កាបទៅលើសម្លេងរិះគន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឲ្យដឹងថា បុគ្គល ៥រូប នៃក្រុមសម្ព័ន្ធមិត្តនៃរណសិរ្សកំណែទម្រង់ ត្រូវបានកោះហៅសាកសួរកាលពីថ្ងៃអាទិត្យ ដែលរួមមានប្រមុខក្រុម លោកអាហ្ស៉ាម៉ង់ស៊ូរី អ្នកនាំពាក្យលោក លោកចាវ៉ា អេម៉ាម និងអតីតអ្នកតំណាងរាស្រ្ត លោកអាលី ស្ហ៉ាគូរី រ៉ាដ។
ចលនាតវ៉ាត្រូវបានបង្រ្កាបដោយបង្ហូរឈាមពីអាជ្ញាធរ។ អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងារថ្មីសកម្មជនសិទ្ធមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា មានអ្នកស្លាប់ ៦៩៦៤នាក់ ភាគច្រើនគឺជាបាតុករ និងមនុស្សត្រូវបានឃាត់ខ្លួន មាន ៥១៧៩០នាក់។
ចំណែកតាំងពីខែមករា ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបង្កើននូវការគំរាមកំហែងនៃការចូលធ្វើអន្តរាគមន៍យោធាលើអ៊ីរ៉ង់ ប្រឈមនឹងការបង្រ្កាបលើក្រុមអ្នកប្រមូលផ្តុំ។ ប៉ុន្តែប្រធានបទនេះហាក់ដូចជាត្រូវបានជៀសវាងមិននិយាយ នៅក្នុងអំឡុងពេលការចរចាដែលបានប្រព្រឹត្តនៅប្រទេសអូម៉ង់ ដែលជាការចរចាលើកដំបូង បន្ទាប់ពីសង្គ្រាម១២ថ្ងៃ ដែលបានចាប់ផ្តើមឡើងដោយអ៊ីស្រាអែលកាលពីខែមិថុនា ឆ្នាំ២០២៥។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការនៃសាធារណរដ្ឋឥស្លាម Irna បានរាយការណ៍ថា ឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពក្នុងការធ្វើឲ្យស្តុកសារធាតុវិទ្យុសកម្ម អ៊ុយរ៉ានីយ៉ូម ដែលបង្កើនដល់កម្រិតបន្សុទ្ធ ៦០% ហើយ (ដែលជិតដល់កម្រិត ៩០% ដែលចាំបាច់សម្រាប់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ) ត្រូវថយចុះ ប្រធានអង្គភាពថាមពលអាតូមិកអ៊ីរ៉ង់ លោក ម៉ូហាម៉េដ អេស្ល៉ាមី បានប្រកាសថា រឿងនេះ វាអាស្រ័យលើការដោះចេញទាំងស្រុងនៃទណ្ឌកម្ម ដែលជាការដោះដូរ។
មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល និងអាម៉េរិកលើមជ្ឈមណ្ឌលនុយក្លេអ៊ែរ កាលពីខែមិថុនា ឆ្នាំមុន អ៊ីរ៉ង់បានបង្កើនកម្រិតសារធាតុអ៊ុយរ៉ានីញ៉ូមបន្សុទ្ធដល់ទៅ ៦០% លើសពីកម្រិត ៣,៦៧% ដែលអនុញ្ញាតដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលសម្រេចដោយមហាអំណាចធំៗ នៅឆ្នាំ២០១៥ ហើយដែលកិច្ចព្រមព្រៀងនេះបានក្លាយជាគ្មានប្រសិទ្ធភាពទៀត បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតុននៅឆ្នាំ២០១៨។
សហរដ្ឋអាម៉េរិកដែលបានដាក់ពង្រាយកងកម្លាំងនាវាដ៏ធំនៅក្នុងតំបន់ឈូងសមុទ្រ ទាមទារនូវកិច្ចព្រមព្រៀងឲ្យកាន់តែទំលំទូលាយ ដែលរួមបញ្ចូលទាំងការកម្រិតសមត្ថភាពមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ និងការឈប់គាំទ្រសម្រាប់ក្រុមប្រដាប់អាវុធនានាប្រឆាំងនឹងអ៊ីស្រាអែល។