គម្រោងជួសជុលព្រះវិហារលើភ្នំបូកគោ ដំណើរឆ្ពោះទៅរកការរស់ឡើងវិញ

គម្រោងជួសជុលព្រះវិហារដ៏ចំណាស់នៅលើកំពូលភ្នំបូកគោ កំពុងបោះជំហានទៅមុខយ៉ាងមុតមាំ ជាមួយនឹងចក្ខុវិស័យក្នុងការប្រោសឱ្យទីតាំងសក្ការៈនេះមានជីវិតឡើងវិញ ដើម្បីអបអរសាទរខួបលើកទី ១០០ របស់ខ្លួន នៅឆ្នាំ ២០២៨ ខាងមុខ។

ក្រោយការបោះបង់ចោលអស់ជាច្រើនទសវត្សរ៍ ទីតាំងប្រវត្តិសាស្ត្រនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនព្រះសហគមន៍កាតូលិកជាផ្លូវការក្នុងឆ្នាំ ២០១៧ ដើម្បីជួសជុល និងប្រើប្រាស់ក្នុងវិស័យសាសនាឡើងវិញ។ គម្រោងនេះស្ថិតក្រោមការឧបត្ថម្ភរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលត្រូវបានរៀបចំឡើងជាបេសកកម្មពហុវិមាត្រ ដោយផ្ដោតលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ៖ ការស្តារស្មារតីជំនឿ ការអភិរក្សប្រវត្តិសាស្ត្រ និងការទទួលខុសត្រូវលើបរិស្ថាន។

កិច្ចខិតខំប្រឹងប្រែងនេះ ដឹកនាំដោយស្ថាបត្យករ Anton Tung ដែលជាអ្នកជំនាញខាងស្ថាបត្យកម្មសាសនា រួមជាមួយ លោកអភិបាល ​អូលីវីយ៉េ​ ជ្មីត​ហស្លេ និង លោកអភិបាលឧបត្ថម្ភកៈ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ សិលា សួន ហង្សលី។ ក្រុមការងារស្នូលក៏រួមមាន លោកបូជាចារ្យ Will Conquer នៃក្រុមសាសនទូតក្រៅប្រទេសក្រុងប៉ារីស (MEP) ដែលបានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបេសកកម្មនេះដល់សាធារណជន។

លោកអភិបាល ​អូលីវីយ៉េ​ ជ្មីត​ហស្លេ បានថ្លែងថា ៖«គម្រោងជួសជុលនេះ គឺជាការអំពាវនាវឱ្យមានការកសាងឡើងវិញ មិនត្រឹមតែជញ្ជាំងថ្មប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកសាងស្មារតីនៃឯកភាព និងជំនឿនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីទាំងមូល»។

លោកអភិបាលឧបត្ថម្ភកៈ សិលា សួន ហង្សលី ក៏បានបន្ថែមថា៖«ព្រះវិហារភ្នំបូកគោ គឺជាព្រះវិហារដ៏ល្បីល្បាញបំផុតរបស់យើង។ ទីតាំងនេះត្រូវតែប្រែក្លាយទៅជាតួចង្កៀងបំភ្លឺផ្លូវសម្រាប់អ្នកធ្វើធម្មយាត្រា និងជាប្រភពនៃក្ដីសង្ឃឹម»។

គោលបំណងសំខាន់ៗនៃគម្រោងជួសជុលព្រះវិហារលើភ្នំបូកគោនេះ  គឺក្នុងទិដ្ឋភាពជំនឿសាសនា នឹងបម្រើជាទីសក្ការៈសម្រាប់ថ្វាយបង្គំ ការធ្វើបូជនីយចរ និងការធ្វើ​អគ្គសញ្ញា​អាពាហ៍ពិពាហ៍ ដែលជាទីស្ថានដ៏ស្ងប់ស្ងាត់លើកំពូលភ្នំ សម្រាប់កិច្ចសញ្ជឹងគិតផ្លូវចិត្ត និងការប្រកាសដំណឹងល្អ។

គំនិតផ្តួចផ្តើមនេះ មានបំណង​អភិរក្សរចនាបថស្ថាបត្យកម្មអាណាព្យាបាល​បារាំងកាលពីសម័យ​ដើម និងប្រព័ន្ធសំឡេង​តាម​បែប​បុរាណ​ (Acoustics) ដ៏វិសេសវិសាល ព្រមទាំងផ្តល់ការអប់រំដល់ភ្ញៀវទេសចរអំពីអតីតកាលនៃសម័យអាណានិគម និងភាពរឹងមាំនៃព្រះវិហារដែលបានរស់រានឆ្លងកាត់សម័យកាលដ៏ច្របូកច្របល់កន្លងមក។

គម្រោងនេះបានបញ្ជ្រាបនូវកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងបរិវេណឧទ្យានជាតិដំបូងបង្អស់របស់កម្ពុជា ដោយផ្តោតលើការគ្រប់គ្រងការច្រោះដី និងការបង្កើនជីវចម្រុះតាមរយៈការដាំដុះរុក្ខជាតិក្នុងស្រុក៕

Daily Program

Livesteam thumbnail