កំហឹង​របស់ទីក្រុងគៀវ ទល់នឹងការខិតជិតគ្នារវាងរុស្ស៊ី និងចិន

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី តម្លើងសម្លេងយ៉ាងខ្លាំងប្រឆាំងនឹងចិន។ ប្រធានាធិបតី​អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ទីក្រុងប៉េកាំងដាក់សំពាធទៅលើប្រទេសនានា​ដើម្បីឲ្យពួកគេ​មិនចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាព ដែលរៀបចំឡើងនៅប្រទេសស្វីស ដែលត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៥ ទៅថ្ងៃទី១៦ ខែមិថុនា។

កិច្ចប្រជុំដ៏ធំនេះ ដែលប្រទេសចំនួន១០ប្រទេសបានបញ្ជាក់ថាចូលរួម បើតាម ប្រធានាធិបតី អ៊ុយក្រែន នឹងមិនឃើញតំណាងរុស្ស៊ីទេ។ ប្រទេសរុស្ស៊ីមិនត្រូវបាន​អញ្ជើញ​តាមការស្នើសុំ​របស់​អ៊ុយក្រែន ហើយក៏នឹងមិនមានតំណាងប្រទេសចិន​ចូលរួមផង​ដែរ។ ទីក្រុង ប៉េកាំងបា​ន​រិះគន់​យ៉ាងខ្លាំងក្លាការមិនអញ្ជើញរុស្ស៊ី។ ចិនបញ្ជាក់ថា ការខិតជិត​គ្នា​រវាង​ចិន និងរុស្ស៊ី គឺ​កាន់​តែខ្លាំងក្លា។

ដោយធ្វើមិនដឹងអំពី​ទំនាក់​ទំនងរវាងប្រទេសធំទាំងពីរ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រាថ្នា​ស្វែង​​រក​ការស្រុះស្រួល​ជាមួយទីក្រុងប៉េកាំង ​ជាមួយក្តីសង្ឃឹមថា ប្រទេសចិននឹង​ចូល​រួម​កាន់​តែតិចក្នុងការជួយវិមានក្រឹមឡាំងក្នុងកិច្ចខិតខំប្រឹងប្រែងខាងសង្រ្គាម​នៅអ៊ុយក្រែន។  ប្រធានាធិបតីអ៊ុយក្រែននៅរក្សាការរិះគន់ដោយផ្ទាល់ទៅកាន់សមភាគីចិនរបស់លោក លោក​ស៊ី ជីនពីង នៅខណៈដែលលោកស៊ី តែងបង្ហាញបញ្ចេញឃើញច្បាស់នូវមិត្តភាពស្និទ្ធស្នាល​ជាមួយ​លោកវ្លាឌីមៀ ពូទីន។      ល្បែងការទូតរបស់អ៊ុយក្រែន ដែលប្រហែលជាអាចបរាជ័យ​មុន​ផង នៅ​ខណៈ​​ដែលទំនាក់ទំនង​ពាណិជ្ជកម្ម​រវាងរុស្ស៊ី និងចិន កើនឡើងទ្វេដង​នៅ​រយៈ​ពេល ៣ឆ្នាំ ចុងក្រោយនេះ ដែលឈានលើសពី ២៤០ពាន់លានដុល្លារនៅឆ្នាំ២០២៣។ ហើយ​លោក​ពូទីន និងលោកស៊ី​ ជីនពីង មិនដែល​ឈប់​បង្ហាញ​អំពី​គោលបំណងតែមួយបើ​ក្រឡេក​មើល​ទៅកាន់ពិភពលោក មានជាអាទិ៍ ការទាត់ចោលនូវ​គំរូ​របស់លោកខាងលិចជាដើម។  

ប្រទេសចិនចង់ធ្វើខ្លួនជាពិសេសឲ្យភ្នែកមើលពិភពលោកមើលឃើញថា ចិនគឺជា​កម្លាំង​សន្តិភាព និងជាអ្នកសម្របសម្រួលឲ្យអ៊ុយក្រែន។ ប៉ុន្តែការអធិប្បាយអំពី​សង្រ្គាមរបស់ចិន​ចំពោះ​រុស្ស៊ីអ៊ុយក្រែន គឺចម្លងតាមទីក្រុងមូស្គូ ដូចជាមិនដែលថ្កោលទោសជាផ្លូវការ​លើការ​ឈ្លានពាន​របស់រុស្ស៊ី និងវាយតម្លៃជាទៀងទាត់ថា ការគាំទ្ររបស់លោកខាងលិច​ចំពោះទីក្រុង​គៀវ គឺនាំឲ្យសង្រ្គាមកាន់តែរីករាលដាល និងអំពាវនាវ​ឲ្យមានការគោរព​ការព្រួយ​បារម្ភខាង​សន្តិសុខ​​របស់រុស្ស៊ីផង។ ទាំងនេះសុទ្ធតែពាក្យសំដីដូចគ្នា​ដែលប្រើប្រាស់ដោយ​ប្រព័ន្ធ​ឃោសនា​​​របស់ទីក្រុងមូស្គូ។  

ការទូតរវាងចិន និងអ៊ុយក្រែន និងដែលតែងប៉ះទង្គិចជារឿយៗ តើនឹងអាចត្រូវរ៉ូវគ្នាមុនការខិត​មក​ដល់របស់កិច្ចប្រជុំកំពូល​អំពី​សន្តិភាពដែលរៀបចំឡើងនៅប្រទេសស្វីសដែរឬទេ?  សម្រាប់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ព្រឹត្តិការណ៍នេះត្រូវតែតំណាងជាឱកាសនៃការប្រមូលផ្តុំ ប្រទេសចំនួនដ៏ច្រើន និងទូលំទូលាយបំផុតនៅក្នុងពិភពលោកនៅជុំវិញ​បុព្វហេតុ​របស់​អ៊ុយក្រែន និងប្រឆាំងនឹងរបបរបស់លោកវ្លាឌីមៀ ពូទីន។ ប្រធានបទបីនឹងត្រូវលើកមក​ចំ​កណ្តាលនៃការពិភាក្សា ក្នុងនោះមាន សន្តិសុខនុយក្លេអ៊ែរ សន្តិសុខចំណីអាហារ និងការដោះ​លែង​អ្នកទោសសង្រ្គាម ព្រមទាំងក្មេងៗអ៊ុយក្រែន​ដែលចាប់យកដោយរុស្ស៊ី។  

ចំណែករុស្ស៊ី ក៏បានបង្កើនឡើងច្រើនដងនូវការប្រកាសដើម្បីបង្ហាញថា ព្រឹត្តិការណ៍នេះគឺ​មិន​ស្រប​ច្បាប់ និងបញ្ចុះបញ្ចូលប្រទេសទាំងឡាយ​កុំឲ្យចូលរួម។ ប៉ុន្តែ​លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា នេះគឺជាការប៉ុងប៉ង​ធ្វើឲ្យបាត់ស្ថិរភាព ដែលប្រទេសចិនក៏បាន​ចូលរួម​ចំណែកដែរ។ អ្វីដែលរុស្ស៊ីកំពុងធ្វើ គឺរុស្ស៊ីបានធ្វើដំណើរទៅប្រទេសជាច្រើន​នៅក្នុង​ពិភពលោក និងគំរាមរាំងខ្ទប់ផលិតផល​កសិកម្ម ផលិតផលចំណីអាហារ និងគំរាម​នឹង​បង្កើន​តម្លៃថាមពល។ រុស្ស៊ីក៏ប្រើប្រាស់ជាពិសេសនូវឥទ្ធិពល​របស់ចិន និងការទូតរបស់​ចិន​ដើម្បីធ្វើ​ឲ្យ​​ខូចខាត​ដល់កិច្ចប្រជុំកំពូលសន្តិភាពទៀត។   

 

Daily Program

Livesteam thumbnail