សន្និបាតលោកកាឌីណាល់លើកទី៩ ជជែកគ្នាលើបញ្ហា២ ធំៗ

នាយកការិយាល័យព័ត៌មានសន្តអាសនៈលោក ម៉ាតេអូ ប្រ៊ុននី ( Matteo Bruni) បានអះអាងថា សន្និបាតលើកទី៩ក្រោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូសោយទិវង្គត គឺបានពិភាក្សាលើប្រធានបទធំៗចំនួន ២។
លោកបាន បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ថា សន្និបាតនេះ មានវត្តមានលោកកាឌីណាល់១៧៧ រូប ដោយរួមទាំងកាឌីណាល់ដែលមានសិទ្ធិបោះឆ្នោតសរុប ១២៧ រូប។
សន្និបាតនេះ បានចាប់ផ្តើមនៅម៉ោង ៩:00 ព្រឹកដោយការអធិស្ឋាន ហើយបន្ទាប់មកគឺមានបទអន្តរាគមន៍ ចំនួន ២៦លើប្រធានបទទាក់ទងនឹងកិច្ចការពីរធំៗ គឺការរួបរួមនៅក្នុងព្រះសហគមន៍ និងភាតរភាពនៅក្នុងពិភពលោក។
ក្រៅពីនោះ សន្និបាតក៏បានពិភាក្សាទាក់ទងនឹងកិច្ចការសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលជារឿយៗបានលើកឡើងទាក់ទងនឹងការប្រកាសដំណឹងល្អ កិច្ចសហការ និងសាមគ្គីភាពក្នុងចំណោមព្រះសហគមន៍នានា តួនាទីរបស់ច្បាប់ព្រះសហគមន៍ ការលើកកម្ពស់សន្តិភាពនិងតម្លៃនៃការអប់រំ។
ក្រៅពីនោះក្រុមលោកកាឌីណាល់ក៏បានលើកឡើងអំពីបំណងបន្តរៀបចំពិធីឆ្លងឆ្នាំមហាករុណាទិគុណ ដែលជាព្រឹត្តិការណ៍ផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូនៅពេលដែលទ្រង់មានព្រះជន្ម៕
Daily Program
