អតីតសម្តេចប៉ាបត្រូវបានចាត់ទុកថា ជាកម្មករសង្គមដែលមិនចេះនឿយហត់

លោកកាឌីណាល់ វិចទ័រ ម៉ានូអែល ហ្វឺណាន់ដេ (Victor Manuel Fernández) ដែលគេដឹងថា ជាមិត្តដ៏ល្អរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានប្រសាសន៍ថា ទ្រង់ជាកម្មករសង្គមដែលមិនចេះនឿយហត់។

លោកកាឌីណាល់បានមានប្រសាសន៍បែបនេះ នៅក្នុងពេលលោកបានចូលរួមដឹកនាំពិធីថ្វាយអភិបូជា នាថ្ងៃទី ០១ ខែឧសភា ចំថ្ងៃនៃទីវាពលកម្មអន្តរជាតិ។

លោកកាឌីណាល់ ដែលជាអ្នកដឹកនាំក្រសួងគោលលទ្ធិនិងជំនឿរបស់សន្តអាសនៈ បានលើកឡើងថា  សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គឺតែងតែឱ្យតម្លៃលើភាពសកម្មហើយក៏តែងតែអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដល់កម្មករនិងពលករនានា។

លោកបានមានប្រសាសន៍ថា សម្រាប់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ "ការងារគឺបង្ហាញ និងលើកតម្កើងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ"។

លោកបានមានប្រសាសន៍ថា កម្មករបានអនុញ្ញាតឱ្យយើងអភិវឌ្ឍសមត្ថភាពរបស់យើង កម្មករក៏ជាអ្នកជួយយើងឱ្យរីកចម្រើនក្នុងទំនាក់ទំនងរបស់យើង ហើយពួកគេក៏អនុញ្ញាតឱ្យយើងមានអារម្មណ៍ថាយើងគឺជាអ្នកសហការរបស់ព្រះជាម្ចាស់ក្នុងការថែរក្សា និងធ្វើឱ្យពិភពលោកនេះប្រសើរឡើង។

លោកបានបន្ថែមថា ការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស មានន័យថា ការធ្វើឱ្យមនុស្ស “អភិវឌ្ឍនូវរាល់សេចក្តីល្អដែលខ្លួនមាននៅក្នុងខ្លួន​របស់ពួកគេ ដើម្បីចិញ្ចឹមជីវិតជាមួយនឹងអំណោយដែលព្រះជាម្ចាស់​បានប្រទានដល់ពួកគេ អភិវឌ្ឍសមត្ថភាពរបស់ពួកគេ”។

លោកកាឌីណាល់បានរំឮកថា សម្តេចប៉ាបបានធ្វើការមិនត្រឹមតែពេលព្រឹកជាមួយនឹងការប្រជុំ ក្រុមការងារ  ការប្រារព្ធពិធី និងការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណាយពេលរសៀលផងដែរ។

លោកកាឌីណាល់បានមានប្រសាសន៍ថា កាលពីបួនថ្ងៃមុនពេលទ្រង់សោយទិវង្គត ទោះបីជាអការៈទ្រង់ខ្សោយក៏ទ្រង់ទទូចចង់ទៅសួរសុខទុក្ខបងប្អូនអ្នកទោសនៅពន្ធនាគារ។

លោកកាឌីណាល់បានបន្តថា កាលនៅក្មេងពោលគឺយុវវ័យរបស់​សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ មិនដែលចេញទៅភោជនីយដ្ឋាន មហោស្រព ដើរលេង ឬមើលកុនទេ ហើយទ្រង់ក៏មិនដែលសម្រាកពេញមួយថ្ងៃដែរ។

 

លោកកាឌីណាល់ បានបន្តថា សម្រាប់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ការងារប្រចាំថ្ងៃរបស់ទ្រង់ គឺជាការឆ្លើយតបរបស់ទ្រង់ចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail