ការប៉ុនប៉នធ្វើឃាតលោកដូណាល់ ត្រាំ បានជះឥទ្ធិពលលើការសម្រេចចិត្តរបស់គាត់លើការវាយប្រហារអ៊ីរ៉ង់
ការនិយាយអំពីភាពតឹ្រមត្រូវនៃសង្រ្គាមដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតុននៅអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែលហាក់ដូចជាមានភាពស្រពិចស្រពិលបន្ទាប់ពីការចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នៅក្នុងការប៉ុនប៉ងធ្វើសេចក្តីពន្យល់ លោកម៉ាកកូ រ៉ូប៊ីយ៉ូ ប្រមុខការទូតអាម៉េរិក កាលពីដើមសប្តាហ៍ បានពន្យល់ទៅកាន់អ្នកកាសែតថា ការវាយប្រហារបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២៨ កុម្ភៈ ប្រឈមទៅនឹងការគំរាមកំហែងដែលអាចកើតមានឡើងនៃការ វាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ដែលបង្កឲ្យមានគំនិតថា គឺទីក្រុងតេវ អាវីវ ជាអ្នក ជំរុញឲ្យទីក្រុងវ៉ាស៊ីនតុន ធ្វើប្រតិកម្ម។
ទោះបីជាយ៉ាងណា កាលពីថ្ងៃទី៣ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានថ្លែងថា ការវាយប្រហារទាំងនេះគ្រោងធ្វើរយៈពេលដ៏យូរ និងថា ប្រហែលជាលោកផង ដែលរុញដៃអ៊ីស្រាអែលឲ្យធ្វើ។ លោកបាននិយាយថា ប្រសិនបើយើងមិនវាយប្រហារទេនោះ ពួកគេអ៊ីរ៉ង់ នឹងវាយប្រហារមុន លោកយល់ថា អីចឹង។ ដូច្នេះ រឿងវាយប្រហារនេះត្រូវតែធ្វើ។
មកដល់ពេលនេះ លោកដូណាល់ ត្រាំ នៅមិនទាន់ផ្តល់ភស្តុតាងដែលពន្យល់ថា ហេតុអ្វី រដ្ឋបាលរបស់លោកគិតថា អ៊ីរ៉ង់បានបង្កជាការគំរាមកំហែងដែលអាចកើតឡើងភ្លាមៗ សម្រាប់សហរដ្ឋអាម៉េរិកនោះ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិកបានទទួលស្គាល់នៅបណ្តាញ ព័ត៌មាន អេប៊ីស៊ីញូ ABC News ថា ការវាយប្រហារនៅអ៊ីរ៉ង់មានវិមាត្រពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់លោក។ ប្រធានាធិបតីបានរៀបរាប់ឲ្យដឹងអំពីព្រឹត្តិការណ៍ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតលោកនៅឆ្នាំ២០២៤ នៅអំឡុងយុទ្ធនាការប្រធានាធិបតី បានរួមចំណែកជាផ្នែកនៃកត្តានៃការសម្រេចចិត្តដើម្បីដំណើរការប្រតិបត្តិការយោធារួមគ្នា របស់អាម៉េរិក និងអ៊ីស្រាអែល ដែលបានសម្លាប់លោកអាយ៉ាតូឡា ខាមឺណៃ។
នៅឆ្នាំ២០២៤ នៅពេលលោកចូ បាយឌិន នៅជាប្រធានាធិបតី ហើយលោកដូណាល់ ត្រាំជាបេក្ខភាពប្រធានាធិបតី សេវាចារកម្មសម្ងាត់របស់អាម៉េរិក បានបង្ហាញថា អ៊ីរ៉ង់មានផែនការដើម្បីធ្វើឃាតបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ ដើម្បីសងសឹក សម្រាប់ការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ កាសេម សូឡៃម៉ានី នៅក្នុងការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតុននៅអ៊ីរ៉ាក់ នៅខែមករា ឆ្នាំ២០២០ នាអំឡុងអណត្តិទីមួយរបស់លោកដូណាល់ ត្រាំ។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាតុលាការអាម៉េរិក បានប្រកាសអំពីការចោទប្រកាន់លើទីភ្នាក់ងារចារកម្មអ៊ីរ៉ង់ ដែលរងការជាប់ចោទថាបានទទួលបញ្ជាពីទីក្រុងតេអេរ៉ង់ រៀបចំគម្រោងធ្វើឃាតនៅសហរដ្ឋអាម៉េរិក ដែលសំដៅជាពិសេសលើលោកដូណាល់ ត្រាំ។
លោកម៉ាក វ៉ល ឯកអគ្គរដ្ឋទូតរបស់លោកដូណាល់ ត្រាំនៅអង្គការសហប្រជាជាតិក៏បានលើកឡើងអំពីអំណះអំណាងនេះ ក្នុងចំណោមអំណះអំណាងដទៃៗទៀត ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការវាយប្រហាររបស់អាម៉េរិកលើអ៊ីរ៉ង់ផងដែរ។ នៅអំឡុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ លោកបានថ្លែងថា ៖ “អ៊ីរ៉ង់គឺជាអ្នកទទួលខុសត្រូវនៃការវាយប្រហារយោធាជាបន្តបន្ទាប់ដែលមិនត្រូវមាន ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ នេះរំលោភលើសន្ធិសញ្ញានៃអង្គការសហប្រជាជាតិ និងការគំរាមកំហែងដែលដាក់ទម្ងន់លើសន្តិភាព និងសន្តិសុខអន្តរជាតិនៅតំបន់មជ្ឈិមបូព៌ា។” ប្រទេសអ៊ីរ៉ង់នេះក៏បានព្យាយាមធ្វើឃាតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំផងដែរ។”
ប្រសិនបើហេតុផលនៃការចូលប្រឡូកក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់ស្ថិតនៅស្រពិចស្រពិល លោកដូណាល់ ត្រាំ បានរាប់អំពីគោលដៅរបស់លោកចំនួន ៤ផងដែរ នៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់ មានដូចជា ការបំផ្លាញមីស៊ីល និងកងទ័ពជើងទឹកអ៊ីរ៉ង់ និងការកាត់បន្ថយឲ្យដល់កម្រិតសូន្យនូវមហិច្ចតានុយក្លេអ៊ែរអ៊ីរ៉ង់ និងសមត្ថភាពក្នុងការគាំទ្រភេរវកម្មរបស់ប្រទេសនេះ មានជាអាទិ៍នៅលីបង់ទៅឲ្យក្រុមហេប៊ូឡា។