ការកើនឡើងនៃការរំខានលើសញ្ញា GPS នៅក្នុងច្រកសមុទ្រអ័រមូស បង្កើន​ហានិភ័យសម្រាប់ការធ្វើនាវាចរាចរណ៍

យោងតាមសហគ្រាសបច្ចេកវិទ្យាចរាចរណ៍ផ្លូវសមុទ្រ វីនវ៉ដ (Windward) បានឲ្យដឹងថា នាវា ជាង ១១០០ គ្រឿង ត្រូវទទួលរងឥទ្ធិពលពីការរំខានលើសញ្ញា GPS នៅក្នុងឈូងសមុទ្រ​ពែរ្ស៍ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ ការវាយប្រហារនានាដែលផ្តល់នូវហានិភ័យសម្រាប់ការធ្វើនាវាចរណ៍ និងចូលរួមចំណែកធ្វើ​ឲ្យ​ការរាំងស្ទះនៃច្រកសមុទ្រយុទ្ធសាស្រ្ត អ័រមូស។

នេះគឺជាច្រកគន្លឹះនៃការឆ្លងកាត់នៃពាណិជ្ជកម្មពិភពលោក ដែលស្ទើតែបានឈប់ទ្រឹង។ ចាប់​តាំង​ពីការផ្ទុះឡើងនូវជម្លោះនៅមជ្ឈិមបូព៌ា នាវារាប់រយគ្រឿង បានបោះយុថ្កា​នៅក្បែរ ឬ​ឆ្ងាយ ពីច្រកសមុទ្រអ័រមូស ដែលបែងចែកប្រទេសអ៊ីរ៉ង់ និងឧបទ្វីបអារ៉ាប៊ី។ 

ឆ្នាំបដិវត្តន៍អ៊ីរ៉ង់ ដែលប្រកាសកាលពីថ្ងៃទី៤​ខែមីនា ថាបានគ្រប់គ្រងទាំងស្រុងនៃច្រកសមុទ្រ ធ្លាប់បានព្រមានចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ថ្ងៃទី១ នៃការវាយប្រហាររបស់អ៊ីស្រាអែល និង​អាម៉េរិកលើអ៊ីរ៉ង់ ថា មិនមាននាវាណាដែលនឹងអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រនេះ បន្ទាប់​មក​​​ក៏គំរាមវាយប្រហារលើនាវាដែលហ៊ានផ្សងព្រេងឆ្លងកាត់។ ចាប់តាំងពីពេលនោះ នាវាជា​ច្រើន​​ត្រូវបានវាយប្រហារ មានជាអាទិ៍ ពីដ្រូន។ ទីភ្នាក់ងារសន្តិសុខ​ខាង​ផ្លូវ​សមុទ្រ បាន​តម្លើង​ដល់​កម្រិតអាសន្ននូវហានិភ័យសន្តិសុខ​នៅច្រកសមុទ្រនេះ ដែលជា​ទី​កន្លែង​ដែលមានការដឹក​ជញ្ជូន ២០% នៃប្រេងរបស់ពិភពលោក។

ប៉ុន្តែការគំរាមកំហែងច្បាស់នេះ មិនមែនជាស្ថានភាពលំបាកតែមួយប្រភេទ​ដែលនាវា​នានា​ត្រូវ​​​ប្រឈមមុខនោះទេ។ ពួកគេក៏ត្រូវប្រឈមមុខនឹង​ការរីកធំឡើង​នៃ​ការ​ជ្រៀតជ្រែករំខាន​ខាង​ប្រព័ន្ធអេឡិចត្រូនិកផងដែរ។

កាលពីថ្ងៃទី១ មីនា សហគ្រាសបច្ចេកវិទ្យាផ្លូវសមុទ្រ វីនវ៉ដ បានរៀបរាប់ឲ្យដឹងថា នាវា​ច្រើន​ជាង ១១០០ គ្រឿង ត្រូវបានប៉ះពាល់ដោយការរំខានលើប្រព័ន្ធ GPS នៅក្នុងឈូងសមុទ្រពែរ្ស៍ រយៈពេល ២៤ម៉ោង។

លោកចច វ៉ូឡូស្ហ៊ីន George Voloshin អ្នកវិភាគឯករាជ្យផ្នែកថាមពល ដែល​បាន​ទាក់ទង​ដោយ​​ក្រុមអ្នកសារព័ត៌មានអ្នកសង្កេតការណ៍ (Observateurs) បានបកស្រាយថា ៖  ”ឧប្បត្តិវហេតុ​​នានាត្រូវបានរាយការណ៍ថា មានជារយៈពេលខ្លីៗ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៥ ប៉ុន្តែវិសាលភាពរបស់​វាបានកើនឡើងយ៉ាងឆាប់រហ័ស និងមានសក្តានុពល បន្ទាប់​ពី​មាន​​ការ​រីក​ធំ​នៃភាពតានតឹងដោយយោធាកាលពីថ្ងៃទី២៨ ខែកុម្ភៈ”។

ពួកវាមានទម្រង់ពីរ​សំខាន់នៃការជ្រៀតជ្រែករំខានប្រព័ន្ធ ជីអេនអេសៗ GNSS ដែលសញ្ញា GNSS កំណត់​នៃប្រព័ន្ធពិភពលោកនៃការចាប់ទីតាំងនៅលើផែនដីដោយប្រព័ន្ធផ្កាយ​រណប ហើយក្នុងចំណោមនេះ ក៏មានប្រព័ន្ធ GPS របស់អាម៉េរិកផងដែរ។ លោកចច វ៉ូឡូស្ហ៊ីន បកស្រាយ​ថា វិធីទី១ ឬក៏សាមញ្ញបំផុត គឺការរំខានប្រព័ន្ធ GNSS ឬហៅថា ជែមមីង “jamming” ជាភាសាអង់គ្លេស។ ការរំខាននោះធ្វើឲ្យ​សញ្ញាអគ្គិសនី​វិទ្យុ​​ដែល​បញ្ជូន​មកពីផ្កាយ​រណប​ត្រូវបានបំពានដោយ‘សម្លេងរំខាន’ខ្លាំងនៅ​លើ​ប្រេកង់​ដូច​គ្នា ហើយ​ឧបករណ៍​ទទួល​សញ្ញា​​​នឹងបាត់បង់ការតភ្ជាប់ជាមួយផ្កាយរណប។” លោកថូម៉ាស វីតធីងថុន Thomas Withington អ្នកជំនាញផ្នែកសង្គ្រាមអេឡិចត្រូនិកនៅវិទ្យាស្ថាន​ភូមិន្ទសេវាកម្មរួបរួម​នៅ​ចក្រភព​​អង់គ្លេស (Royal United Services Institute)  បាន​បកស្រាយ​ដែរថា វិធីសាស្រ្ត​កាន់តែ​ស្មុគស្មាញ គឺការក្លែងបន្លំប្រព័ន្ធ GNSS (ឬហៅថា spoofing” ដែលមានន័យថា “ជាការ​បញ្ចូល​ព័ត៌មាន​ក្លែងក្លាយទៅក្នុងឧបករណ៍ទទួល GNSS ដើម្បី​ឲ្យវាបង្កើតទិន្នន័យនៃការ​ធ្វើនាវា​ចរណ៍​​ក្លែងក្លាយ។  វិធីសាស្រ្ត​នេះកាន់តែត្រូវបានគេប្រើច្រើនឡើងៗ នៅក្នុងតំបន់ជម្លោះ។

ភាគច្រើននៃប្រព័ន្ធនៃដំណើររបស់កប៉ាលនានា​ពឹងផ្អែកលើទិន្នន័យពីប្រព័ន្ធជីភីអេស GPS ហើយ​ក៏មានដូចជាករណីប្រព័ន្ធ AIS (Automatic Identification System) ប្រព័ន្ធ​កំណត់​អត្ត​សញ្ញាណ​ស្វ័យប្រវត្តិ​ដែលអាចអនុញ្ញាតឲ្យពួកគេ​កំណត់ផ្លូវបើកបរបាន។

 

Daily Program

Livesteam thumbnail