ក្រុមអ្នកបុរាណវិទ្យាបានធ្វើការស្រាវជ្រាវរកទីតាំងមនុស្សរស់នៅសម័យបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ
ក្រុមអ្នកបុរាណវិទ្យាកំពុងធ្វើការសិក្សាស្រាវជ្រាវពីទីតាំងមនុស្សរស់នៅសម័យបុរាណ នៅរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារបានសហការជាមួយវិទ្យាស្ថាន Max Planck Institute for Geo-anthropology (MPI) មកពីប្រទេសអាល្លឺម៉ង់ ចុះសិក្សាស្រាវជ្រាវទីតាំងមនុស្សរស់នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ តាមរយៈការសិក្សាបុរាណវិទ្យា និងខួងយកសំណាកដីដើម្បីវិភាគអំពីអាយុកាលនៃកុលាលភាជន៍ ធ្បូង លម្អងផ្កា និងដី។
ការចុះសិក្សាស្រាវជ្រាវនេះគេក៏អាចស្វែងយល់បានអំពីជីវិតរស់នៅសម័យបុរាណ ការវិវត្តរាជធានីកោះកេរ អាយុកាលនៃការតាំងទីលំនៅ ការប្រែប្រួលអាកាសធាតុ និងប្រភេទរុក្ខជាតិនិងសត្វក្នុងសម័យអតីតកាល។
រមណីដ្ឋានប្រាសាទកោះកេរខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណជា៨ពាន់ហិកតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។
រមណីដ្ឋានកោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕