ថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ១៧,២០-២៦ អត្ថាធិប្បាយគម្ពីរដោយ៖លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
នៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះ ព្រះយេស៊ូបានទូលអង្វរព្រះបិតា សូមឱ្យក្រុមសាវ័ករបស់ព្រះអង្គរួមគ្នាជាធ្លុងមួយ។ ជំពូកទី ១៧ នៃអត្ថបទដំណឹងល្អតាមសន្តយ៉ូហាន បានរំលឹកយើងថា ការដែលយើងជាគ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងមួយ គឺជារឿងសំខាន់ណាស់។
ទោះបីជាយើងឃើញថា នៅក្នុងប្រវត្តិសាស្ត្រ ព្រះសហគមន៍បានបែកចែកចេញជាច្រើននិកាយ ដូចជានិកាយអរតូដុក្ស (Orthodox) និកាយប្រូតេស្តង់ និងនិកាយផ្សេងៗទៀតក៏ដោយ ក៏ព្រះសហគមន៍ពិតប្រាកដដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះយេស៊ូ គឺមានតែមួយគត់ នោះគឺព្រះសហគមន៍នៃអស់អ្នកដែលខិតខំព្យាយាមរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ចំពោះយើងដែលជាសមាជិកនៃព្រះសហគមន៍កាតូលិក អត្ថបទថ្ងៃនេះដាស់តឿនយើងឱ្យយកចិត្តទុកដាក់ខ្ពស់លើការកសាងសាមគ្គីភាព និងការរួមគ្នាជាធ្លុងមួយនៅក្នុងព្រះសហគមន៍។ តើយើងជាអ្នកដែលចូលចិត្តនិយាយដើមគេ និយាយដើមលោកអភិបាល លោកបូជាចារ្យ បងស្រី ឬគ្រីស្តបរិស័ទដទៃទៀតដែរឬទេ? តើយើងកំពុងតែនាំភ្លើងបង្កជម្លោះ ឬក៏កំពុងជួយកសាងឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នា? ការរួបរួមគ្នានេះ មិនមែនចំពោះតែគ្រីស្តបរិស័ទកាតូលិកប៉ុណ្ណោះទេ ប៉ុន្តែក៏រួមទាំងគ្រីស្តបរិស័ទអរតូដុក្ស និងគ្រីស្តបរិស័ទប្រូតេស្តង់ ដែលកំពុងមានវត្តមានយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះហើយ យើងមិនត្រូវរិះគន់គ្រីស្តបរិស័ទដទៃទៀតឡើយ។
យើងទាំងអស់គ្នាមានជំនឿតែមួយ ទោះបីជាការប្រតិបត្តិជាក់ស្តែងមានទម្រង់ខុសៗគ្នាក៏ដោយ ប៉ុន្តែនៅក្នុងព្រះហឫទ័យរបស់ព្រះយេស៊ូ យើងទាំងអស់គ្នាគឺជាអង្គតែមួយ។ ហេតុនេះ សូមឱ្យយើងយកចិត្តទុកដាក់ឱ្យបានខ្លាំង ព្រោះឯកភាពនិងការរួមគ្នាជាធ្លុងមួយ គឺជារឿងសំខាន់បំផុត ដូចព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលរួមគ្នាជាអង្គតែមួយដូច្នោះដែរ។ ដូច្នេះ សូមឱ្យយើងខិតខំកសាងព្រះសហគមន៍ឱ្យមានសាមគ្គីភាព និងរួមគ្នាជាធ្លុងមួយជានិច្ច៕
