ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន២០,១៩-២៣ អត្ថាធិប្បាយគម្ពីរដោយ៖លោកបូជាចារ្យ គង់ វៀល
សូមគោរពជម្រាបសួរ បងប្អូនទាំងអស់គ្នា! ថ្ងៃនេះជាថ្ងៃយ៉ាងពិសេស និងជាថ្ងៃបុណ្យដ៏ឱឡារិកម្តងទៀត គឺពិធីបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក (បុណ្យថ្ងៃទីហាសិប / បុណ្យបុណ្យថ្ងៃទី៥០)។
យោងតាមគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន នៅថ្ងៃដែលព្រះយេស៊ូទទួលព្រះជន្មថ្មីពីព្រះបិតា ព្រះអង្គបានផ្លុំខ្យល់ គឺព្រះវិញ្ញាណលើក្រុមសាវ័ក។ ព្រះវិញ្ញាណ គឺជាព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ ចំណែកឯតាមសន្តម៉ាថាយ សន្តលូកា និងសន្តយ៉ូហាន នៅថ្ងៃដែលព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា ព្រះយេស៊ូបានចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អ។
រីឯសន្តលូកា ដែលជាអ្នកនិពន្ធគម្ពីរកិច្ចការគ្រីស្តទូតផងដែរនោះ លោកបានចែងថា ព្រះយេស៊ូបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធមកនៅថ្ងៃទី ៥០ វិញ ត្រូវជាថ្ងៃដែលជនជាតិយូដាប្រារព្ធពិធីរំលឹកអំពីព្រះជាម្ចាស់ប្រទានធម្មវិន័យនៅលើភ្នំស៊ីណៃកាលពីដើម។ សន្តលូកាចែងដូច្នេះ ដើម្បីពន្យល់ថា ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ គឺជាធម្មវិន័យថ្មីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ដែលជាប្រជារាស្ត្រថ្មីរបស់ព្រះជាម្ចាស់ មានភារកិច្ចប្រមូលមនុស្សដែលបែកបាក់គ្នា ឱ្យមករួបរួមគ្នានៅក្នុងមហាគ្រួសារតែមួយ។ នេះជាពិធីបុណ្យដែលយើងប្រារព្ធនៅថ្ងៃនេះ ជាបុណ្យដែលយើងឃើញមនុស្សគ្រប់ជាតិសាសន៍ និងបងប្អូនដែលនិយាយភាសាខុសៗគ្នា បានចូលរួមថ្វាយបង្គំព្រះជាម្ចាស់រួមគ្នាក្នុងភាសាតែមួយ គឺ «ភាសានៃសេចក្តីស្រឡាញ់»។
បងប្អូនជាទីស្រឡាញ់! ប្រទេសកម្ពុជារបស់យើងពិតជាពិសេសណាស់ ដែលមានវត្តមានគ្រីស្តបរិស័ទមកពីបណ្តាប្រទេសជាច្រើន ដូចជាកូរ៉េ បារាំង អេស្ប៉ាញ អាមេរិកឡាទីន និងអាមេរិកខាងត្បូងជាដើម។ ពិតជាអស្ចារ្យមែនទែន ដែលបងប្អូនជាច្រើនបានជ្រើសរើសទឹកដីកម្ពុជា ជាកន្លែងប្រកបដោយសេរីភាព ដើម្បីទទួលព្រះវិញ្ញាណដ៏វិសុទ្ធសារជាថ្មី។
ប៉ុន្តែនៅថ្ងៃនេះ យើងត្រូវតែនាំយកព្រះវិញ្ញាណដ៏វិសុទ្ធនោះ ទៅផ្សព្វផ្សាយដល់បងប្អូនខ្មែរយើងផងដែរ។ សម្រាប់អ្នកខ្លះដែលកំពុងតែរៀនភាសាខ្មែរដូចរូបខ្ញុំផ្ទាល់ ហើយមិនទាន់ចេះបានច្បាស់លាស់ក្តី ក៏យើងនៅតែអាចទទួលព្រះវិញ្ញាណ ដើម្បីអាចចែករំលែកកាន់តែច្បាស់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
ហេតុនេះ ថ្ងៃនេះសូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធ យាងមកសារជាថ្មីលើទឹកដីសុវណ្ណភូមិ លើប្រទេសកម្ពុជា ដើម្បីឱ្យយើងបានស្គាល់សេចក្តីសុខសាន្តដែលមកពីព្រះជាម្ចាស់។ សូមព្រះអង្គប្រទានពរជ័យដល់ប្រទេសកម្ពុជាឱ្យមានសេចក្តីសុខក្សេមក្សាន្ត មានសុខដុមរមនា និងមានជំនឿកាន់តែមុតមាំលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះអង្គសង្គ្រោះពិភពលោក និងប្រោសឱ្យយើងបានក្លាយជាបុត្រធីតារបស់ព្រះជាម្ចាស់ ប្រកបដោយសេរីភាពពេញលេញ។
សូមបងប្អូនទាំងអស់គ្នាទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ជាពិសេសថ្ងៃនេះ សម្រាប់ប្អូនៗយុវជន-យុវនារី ដែលទទួល «អគ្គសញ្ញាលាបថ្ងាស» (អគ្គសញ្ញាមាំមួន) សូមឱ្យប្អូនៗកាន់តែរីកចម្រើនឡើងនៅក្នុងជំនឿ និងមានចិត្តក្លាហានក្នុងការប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។
សូមអរព្រះគុណ និងអរគុណបងប្អូនទាំងអស់គ្នា សូមរីករាយក្នុងថ្ងៃបុណ្យដ៏វិសេសនេះ! អាម៉ែន។
