ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៤,២៧-៣១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទ ជម្រាបសួរ បងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលនៅក្នុងសប្ដាហ៍ទី៥រដូវបុណ្យចម្លង គឺយ៉ូហាន១៤ (២៧-៣១)ជាពាក្យដែលព្រះយេស៊ូផ្ដែផ្ដាំឱ្យយើងអំពីសេចក្ដីសុខសាន្ត។
ពិភពលោករបស់យើងបាត់បង់សេចក្ដីសុខសាន្តច្រើន សូម្បីតែសេចក្ដីសុខសាន្តដែលយើងកំពុងព្យាយាមស្វែងរកសព្វថ្ងៃនេះ ក៏ជាសេចក្ដីសុខសាន្តបែបលោកីយ៍ដែរ។ ដូចជាយើងសប្បាយនៅពេលយើងមានផ្ទះ មានទ្រព្យសម្បត្តិ មានឡាន មានម្ហូបឆ្ងាញ់ៗញ៉ាំ នេះជាតាមរបៀបលោកីយ៍។
ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះយេស៊ូថ្ងៃនេះប្រាប់ថា ព្រះអង្គនឹងទុកសេចក្ដីសុខសាន្តឱ្យយើង ហើយសេចក្ដីសុខសាន្តដែលព្រះអង្គប្រទានឱ្យយើងនោះ មិនដូចសេចក្ដីសុខសាន្តដែលលោកនេះឱ្យទេ។ តើសេចក្ដីសុខសាន្តរបៀបព្រះអង្គឱ្យយើងហ្នឹង យ៉ាងដូចម្ដេច? សូមឱ្យបងប្អូនស្វែងរកសេចក្ដីសុខសាន្តតាមរបៀបផ្លូវវិញ្ញាណ តាមផ្លូវចិត្តដែលចេញមកពីព្រះជាម្ចាស់។ យើងសប្បាយដោយសារយើងមានព្រះជាម្ចាស់គង់នៅជាមួយយើង ហើយអំណរសប្បាយរបស់យើងគឺយើងមានព្រះយេស៊ូគ្រីស្តក្នុងជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់! ទោះបីអ្វីៗមិនឋិតថេរ ប៉ុន្តែសេចក្តីសុខសាន្តដែលព្រះជាម្ចាស់ប្រទានឲ្យយើងគឺជា ឋិតថេរជានិច្ច សម្រាប់អ្នកជំនឿ សម្រាប់អ្នកដែលមានព្រះយេស៊ូគ្រីស្ត នេះជាឱកាសពិសោធន៍ថា យើងមានសេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនៅក្នុងជីវិតរបស់យើង។
សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូន ហើយសូមឱ្យបងប្អូនទាំងអស់គ្នា មានព្រះអម្ចាស់យេស៊ូគ្រីស្តដែលជាប្រភពនៃសេចក្ដីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ អាម៉ែន៕
