ម៉ានូអែលទី១ ស្តេចស្ថាបនា​នៃចក្រភព​អាណានិគម​ព័រទុយហ្គាល់

ម៉ានូអែលទី១ អ្នកផ្សងព្រេង មហារាជា និងជាស្តេចមានទ្រព្យដ៏ស្តុកស្តម្ភ ប្រសូតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៤៦៩ នៅទីក្រុងអាល់កូចេត និងទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៥២១ នៅរាជធានីលីស្បូន។ ព្រះអង្គគឺជាស្តេចទី១៤ របស់រាជាណាចក្រព័រទុយហ្គាល់ ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៤៩៥ រហូតដល់ថ្ងៃសោយទីវង្គត។

ចំណូលពីពាណិជ្ជកម្ម​ផ្តាច់មុខរបស់ព័រទុយហ្គាល់ ព្រមទាំងដែនដីអាណានិគមនានា បាន​ធ្វើ​ឲ្យ​​ព្រះរាជាម៉ានូអែលទី១ គឺជាស្តេចដែលមានបំផុតនៅអឺរ៉ុប។ នេះបាន​អនុញ្ញាតឲ្យព្រះអង្គ​ក្លាយ​ជាអ្នកគាំពារអ្នកប្រាជ្ញម្នាក់ដ៏ធំនៅយុគសម័យពន្លឺរបស់ព័រទុយហ្គាល់ ដែលអាច​បង្កើត​បាន​ជាស្នាដៃសិល្បៈ និងអក្សរសាស្រ្តជាច្រើន។ រាជនាបថ ម៉ានូអេ​ឡាំង ត្រូវបាន​ចាត់​ទុកជា​ស្ថាប​ត្យកម្មជាតិរបស់ព័រទុយហ្គាល់។

គ្រប់ក្រុមរុករករបស់ព័រទុយហ្គាល់គឺជាលទ្ធផលនៃផែនការរបស់ព្រះរាជាម៉ានូអែលទី១ ដើម្បី​ប្រឆាំងនឹងឥស្លាម និងនៅមហាសមុទ្រឥណ្ឌា​បិទខ្ទប់ឈូងសមុទ្រពែរ្យ៍ និងដើម្បី​គ្រប់គ្រង​​ពាណិជ្ជកម្មជាមួយប្រទេសចិន។ នេះចូលរួមស្ថាបនា​នៃចក្រភព​អាណានិគម​ព័រទុយហ្គាល់ ដែលធ្វើឲ្យប្រទេសព័រទុយហ្គាល់ក្លាយជាប្រទេសមួយមានទ្រព្យ​ធន និងមានអំណាច។

ព្រះរាជាម៉ានូអែលទី១ ពង្រីកងារឋានន្តរសក្តិផ្លូវការដើម្បីឆ្លុះបញ្ចាំងអំពីការរីកធំនៃរាជាណា​ចក្រ​​របស់​ព្រះអង្គ។ ព្រះអង្គប្រកាសខ្លួនថា ជាស្តេចនៃព័រទុយហ្គាល់ និងតំបន់អាល់ហ្គាកដែល​នៅ​ក្បែរសមុទ្រអាហ្វ្រិក។ ព្រះអង្គក៏ដាក់ងារខ្លួនថា ស្តេចត្រាញ់ហ្គីណេ ស្តេចត្រាញ់ចក្រពត្តិ ស្តេច​នៃ​នាវាចរណ៍ និងពាណិជ្ជកម្មនៅអេត្យូពី អារ៉ាប៊ី ពែរ្យ៍ និងឥណ្ឌា ។

ព្រះរាជាម៉ានូអែលទី១ ប្រើប្រាស់ធនធានដែលទទួលបានតាមរយៈការធ្វើពាណិជ្ជកម្មដើម្បី​ស្ថាបនា​សំណង់រាជាដោយយកតាមរចនាបថ ម៉ានូអេឡាំង ដូចជា ការសាងសង់វិហារ អីយ៉េរ៉ូនីមីតេស ដែលទាកទាញ​អ្នកសិល្បៈករ ព្រមទាំងអ្នកវិទ្យាសាស្រ្តនានាមក​កាន់រាជនានី​លីស្បូន។ ព្រះអង្គទំនុកបម្រុង​បញ្ញាជនព័រទុយហ្គាល់ជាច្រើន។

នៅក្រោមអំណាចរបស់ព្រះអង្គ អំណាចផ្តាច់ការរាជាគឺជាវិធីសាស្រ្តនៃការគ្រប់គ្រង។ សភា​នៃ​រាជាណាចក្របានជួបប្រជុំគ្នាតែ ៤ដងនៅរាជធានីលីស្បូននៅអំឡុងការសោយរាជ្យរបស់​ព្រះអង្គ។

ព្រះរាជាម៉ានូអែលទី១ ធ្វើកំណែទម្រង់តុលាការយុត្តិធម៌ រចនាសម្ពន្ធរាជធានីខេត្ត ដែល​អនុញ្ញាត​ឲ្យមានទំនើបកម្មការបង់ពន្ធ ព្រមទាំងទស្សនទាននៃសួយសាអាករ និងសិទ្ធ។

ព្រះរាជាម៉ានូអែលទី១ គឺជាស្តេចដែលមានជំនឿខ្លាំង ដែលបញ្ជូនទៅក្នុងដែនដីអាណានិគម​នូវសាសនៈទូត ដូចជា លោកបូជាចារ្យ ហ្វ្រ៉ងស៊ីស្កូ អាល់វ៉ារ៍ ដែលបាន​ធ្វើការស្ថាបនា​អគារសាសនា និងលើកកំពស់បូជនីយកិច្ចប្រឆាំងនឹងចក្រភពអូតូម៉ង់។ ព្រះរាជាម៉ានូអែលទី១ បាន​ទទួល​ផ្កា​កូឡាប​មាសពីព្រះហត្ថរបស់សម្តេចប៉ាបហ្ស៉ូលទី២ នៅឆ្នាំ១៥០៦។

បន្ទាប់ពីការចាប់ផ្តើមនៃការសោយរាជ្យរបស់ព្រះរាជាម៉ានូអែលទី១ គឺមានការអនុគ្រោះ​ជា​ខ្លាំង​សម្រាប់ជនជាតិហ្ស៉ីហ្វ ដោយសារការលុបមិនយកពន្ធ និងការដោះលែងទាសករ។

នៅ​អំឡុងការសម្លាប់ទ្រង់ទ្រាយធំនៅរាជធានីលីស្បូននៅឆ្នាំ១៥០៦ ជនជាតិហ្ស៉ីហ្វប្រមាណ ២០០០នាក់ ត្រូវបានធ្វើឃាត។ មេដឹកនាំនៃការកាប់សម្លាប់ត្រូវបានព្រះរាជាម៉ានូអែលទី១ ចាប់​ប្រហារជីវិត។

នៅខែធ្នូ ឆ្នាំ១៥២១ នៅខណៈដែលរាជធានីលីស្បូនរងនូវជំងឺរាតត្បាតជំងឺប៉េស្ត ព្រះរាជា​ម៉ានូអែល​ទី១ និងមន្រ្តីអមដំណើរបានស្ថិតនៅរាជវាំងរីបេអ៊ីរ៉ា។  នៅថ្ងៃទី៤ ខែធ្នូ ព្រះរាជា​ម៉ានូអែល​ទី១ ក៏ចាប់មានបង្ហាញរោគសញ្ញាគ្រុនខ្លាំង និងសោយទីវង្គតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​១៥២១ នៅព្រះជន្មាយុ ៥២ព្រះវិស្សា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Daily Program

Livesteam thumbnail