និស្សិតកម្ពុជាបង្កើតប្រព័ន្ធ AI ពិនិត្យក្រណាត់ក្នុងវិស័យកាត់ដេរ ឈ្នះជ័យលាភីកម្រិតពិភពលោកពីកម្មវិធី Huawei ICT Competition
ក្រុមនិស្សិតកម្ពុជាមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសាងមោទនភាពជាតិយ៉ាងធំធេងនៅលើឆាកអន្តរជាតិ ដោយបានដណ្តើមបានជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាដ៏ធំដុំ «Huawei ICT Competition 2025–2026» លើកទី១០ កម្រិតពិភពលោក។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺសម្រេចបានតាមរយៈការបង្កើតឡើងនូវប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដ៏វៃឆ្លាតមួយ ដែលអាចជួយដោះស្រាយបញ្ហាប្រឈមធំៗក្នុងការពិនិត្យគុណភាពក្រណាត់នៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ។
នៅក្នុងការប្រកួតនោះ ក្រុមនិស្សិតតំណាងឱ្យប្រទេសកម្ពុជា បានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមនិស្សិតឆ្នើមៗចំនួន ១៨០ក្រុម ដែលមកពីជាង ១០០ប្រទេស និងតំបន់ជុំវិញពិភពលោក រហូតឈានទៅដណ្តើមបានមេដាយជូនជាតិមាតុភូមិ។
ក្រុមនិស្សិតជ័យលាភីរបស់កម្ពុជា ដែលបានរួមគ្នច្នៃប្រឌិតបច្ចេកវិទ្យានេះឡើង មានឈ្មោះក្រុមថា «BORISOTH» (បរិសុទ្ធ) ដោយមានសមាជិកចំនួន ៣រូប រួមមាន កញ្ញា ហេង សិរីរតនៈ, លោក សាន សិទ្ធិស័ក្ត, លោក ញ៉ែម ដារ៉ាយុទ្ធ និងមានការដឹកនាំផ្ទាល់ពីលោកគ្រូ សេង ធារ៉ា។
លោក សាន សិទ្ធិស័ក្ត និស្សិតជំនាញអភិវឌ្ឍកម្មវិធីសូហ្វវែរ (Software Development) នៃក្រុម BORISOTH បានរៀបរាប់ឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យា AI មួយនេះ គឺជាស្នាដៃដែលផលិតឡើងដោយកូនខ្មែរពិតៗ ដោយនៅក្នុងនោះមានការរួមបញ្ចូលគ្នារវាងម៉ាស៊ីន CNC ស្កេនស្វ័យប្រវត្តិ ប្រព័ន្ធបោះត្រាសម្គាល់ឆ្លាតវៃ និងកម្មវិធីគ្រប់គ្រងទិន្នន័យឌីជីថល។ លោកបានបន្តថា មូលហេតុចម្បងដែលនាំឱ្យក្រុមរបស់លោកបង្កើតប្រព័ន្ធ BORISOTH នេះឡើង គឺក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនៃការពិនិត្យក្រណាត់ដោយភ្នែកមនុស្ស ដែលកំពុងជួបប្រទះនៅក្នុងរោងចក្រកាត់ដេរនាពេលបច្ចុប្បន្ន។
បើតាមការបញ្ជាក់បន្ថែមពីលោក សិទ្ធិស័ក្ត តាមរយៈការស្កេនផ្ទៃក្រណាត់ក្នុងល្បឿនលឿនពី ២០ ដល់ ៤០ ម៉ែត្រក្នុងមួយនាទី ប្រព័ន្ធ AI នេះ អាចស្វែងរក និងបោះត្រាសម្គាល់កំហុសនៅលើជាយក្រណាត់ដោយស្វ័យប្រវត្តនូវប្រភេទទឹកខ្មៅរលាយក្នុងទឹក។ មុខងារដ៏ឆ្លាតវៃនេះ នឹងជួយឱ្យរោងចក្រកាត់បន្ថយការខាតបង់សម្ភារៈ ដោយសារតែអាចជៀសវាងកន្លែងខូចខាតបានយ៉ាងងាយស្រួល ព្រមទាំងផ្តល់នូវរបាយការណ៍ឌីជីថល (Audit Trail) ច្បាស់លាស់ សម្រាប់ប្រើប្រាស់ជាភស្តុតាងក្នុងការទាមទារសំណងពីអ្នកផ្គត់ផ្គង់ក្រណាត់ពីបរទេសថែមទៀតផង។
លើសពីនេះទៅទៀត ក្រុមការងារអ្នកបង្កើតបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាថ្មីនេះមិនមែនបង្កើតឡើងដើម្បីដកហូតឱកាសការងាររបស់កម្មករ-កម្មការិនីឡើយ ប៉ុន្តែវាបានជួយលើកកម្ពស់កម្រិតជំនាញ និងជួយការពារសុខភាពភ្នែករបស់ពួកគេ។ កម្មករនឹងត្រូវផ្លាស់ប្តូរតួនាទីពីការអង្គុយពិនិត្យក្រណាត់ដោយប្រើភ្នែកផ្ទាល់ ដែលប្រឈមនឹងការស្រវាំងភ្នែក មកធ្វើជាអ្នកបញ្ជាប្រព័ន្ធ AI និងគ្រប់គ្រងគុណភាពវិញ ដែលជាការងារមួយមានតម្លៃផ្នែកជំនាញខ្ពស់ជាងមុន។
ជុំវិញភាពជោគជ័យ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យារបស់យុវជនកម្ពុជានេះដែរ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍លើកឡើងថា កម្មវិធី Huawei ICT Competition ពិតជាបានផ្ដល់ឱកាសដ៏មានតម្លៃដល់និស្សិតឆ្នើមកម្ពុជា បានចូលរួមប្រកួតប្រជែងសមត្ថភាពនៅកម្រិតតំបន់ និងសកលលោក។ ជាមួយគ្នានេះ វាក៏បានជំរុញទឹកចិត្តយ៉ាងខ្លាំងដល់ការកសាងមូលធនមនុស្សឌីជីថល និងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើបរិវត្តិកម្មឌីជីថលនៅក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា តាមរយៈការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI របស់ក្រុមនិស្សិតខ្មែរនេះ វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្មបានរហូតដល់ទៅជាង ៤០% លើសការត្រួតពិនិត្យគុណភាពក្រណាត់ដោយដៃ (Manual Work) បែបប្រពៃណី ដែលត្រូវការពលកម្មខ្ពស់ មានភាពយឺតយ៉ាវ និងចំណាយថវិកាច្រើន៕