ជីវិតលើដងវិថី និងសោកនាដកម្មដែលមិនអាចទាយទុកមុន

នៅពេលដៃកាន់ចង្កូតយានជំនិះ ហើយភ្នែកសម្លឹងត្រង់ទៅមុខ មនុស្សគ្រប់គ្នាតែងតែរំពឹង និងប្រាថ្នាចង់ទៅដល់គោលដៅដោយសុវត្ថិភាព និងតាមពេលវេលាកំណត់។ ប៉ុន្តែ នៅលើដងផ្លូវដ៏មមាញឹក «គ្រោះថ្នាក់» គឺជាពាក្យដែលគ្មាននរណាម្នាក់ចង់ឮ និងតែងតែប្រឹងចៀសវាង។ ទោះជាយ៉ាងណា សូម្បីតែមួយនាទីខាងមុខ ក៏យើងមិនអាចទាយដឹងមុនបានឡើយ ជាពិសេសនៅពេលដែលដងវិថីខ្វះការប្រុងប្រយ័ត្ន និងការគោរពច្បាប់។

អ្នកស្រី សុខ ពេជ្រនីតា អាយុ ៣៤ ឆ្នាំ ជាស្ត្រីមេផ្ទះម្នាក់ បានរំឭកទាំងក្តុកក្តួល ខណៈដៃកំពុងឱបកូនប្រុសវ័យ ១ ឆ្នាំជាប់នឹងទ្រូង។ អ្នកស្រីបានពណ៌នាពីទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើដងផ្លូវវេងស្រេង នាជាយរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

នាវេលាម៉ោងជិត ៨ យប់ ស្របពេលដែលចរាចរណ៍កំពុងកកស្ទះយ៉ាងខ្លាំង មនុស្សម្នាដែលរស់នៅអមសងខាងផ្លូវ បាននាំគ្នាចេញមកអើតមើលទៅផ្លូវប្រសព្វមួយដោយក្តីឆ្ងល់។ នៅពេលរថយន្តរបស់អ្នកស្រីបើកទៅដល់ ទិដ្ឋភាពដ៏រន្ធត់ញាប់ញ័របានលេចឡើងចំពោះមុខ។

«គ្រោះថ្នាក់ចរាចរណ៍មួយ ឃើញបែកក្បាលចេញខួរមកក្រៅឈាមស្រោចពេញថ្នល់ សាកសពត្រូវបានគេយកក្រណាត់សដណ្តប់ទុកនៅកណ្តាលផ្លូវ ហើយឮថាមានមនុស្ស ២ ទៅ ៣ នាក់ទៀត ត្រូវដឹកទៅសង្គ្រោះបន្ទាន់។ ពេលឃើញហើយ ខ្ញុំស្លុតខ្លាំងណាស់ ញ័រខ្លួនប្រាណលែងចង់ហ៊ានមើលបន្ត។ សូម្បីតែពេលញ៉ាំបាយ ក៏នៅតែនឹកឃើញ រហូតលេបបាយមិនចូល។ ឥឡូវនេះ គ្រាន់តែឆ្លងថ្នល់ក៏សឹងតែមិនហ៊ានដែរ ព្រោះអារម្មណ៍នៅភ័យខ្លាចខ្លាំងពេក»។ នេះជាការរៀបរាប់ទាំងសំឡេងញ័រៗរបស់អ្នកស្រី ពេជ្រនីតា។

ចាកចេញពីដងផ្លូវវេងស្រេង មកកាន់បន្ទប់ជួលតូចមួយនៅក្នុងសង្កាត់ស្ទឹងមានជ័យ យើងបានជួបជាមួយអ្នកស្រី ខាត់ វាសនា កម្មការិនីរោងចក្រកាត់ដេរជុងហាយ។ នៅក្នុងបន្ទប់ដ៏ចង្អៀតនោះ ស្ត្រីសម្បុរស្រអែមរូបនេះ អង្គុយសម្លឹងមើលទៅស្វាមី និងកូនប្រុសទាំងពីរ មុននឹងលាត់ជើងខោបង្ហាញដានរបួសបាក់ស្មងជើងដែលទើបនឹងជាសះស្បើយ ប៉ុន្តែនៅតែធ្វើទុក្ខឈឺចុកចាប់ម្តងម្កាល។

អ្នកស្រី វាសនា បានចាត់ទុកខ្លួនឯងថាមាន «សំណាងនៅក្នុងគ្រោះ» ព្រោះគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនោះមិនបានឆក់យកជីវិតរបស់អ្នកស្រីទៅ។ អ្នកស្រីបានរៀបរាប់ពីហេតុការណ៍នាថ្ងៃនោះថា៖

«ពេលនោះខ្ញុំមើលខាងនោះ ស្រាប់តែឡានមកខាងនេះ បុកប៉ាំងតែម្តង! គាត់បើកគេចគេមកបុកខ្ញុំ។ ដល់ពេលលើកជើងឡើង ឃើញជើងខ្លួនឯងទន់រឡិក ទើបដឹងថាបាក់ជើងហើយ ភ័យខ្លាចគេកាត់ជើងចោលទៅជាមនុស្សពិការណាស់។ ខ្ញុំឈឺស្រែកយំខ្លាំងណាស់ សំណាងបានគេជួយលើកបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ហើយភាគីខាងឡានក៏មិនបានរត់ដែរ គាត់នៅមើលថែរហូតវះកាត់រួច»។

ទោះបីជាថ្លៃព្យាបាលវះកាត់ត្រូវបានជួយទូទាត់ទាំងស្រុងពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ក៏ដោយ ប៉ុន្តែការចំណាយប្រចាំថ្ងៃក្នុងកំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានធ្វើឱ្យគ្រួសារអ្នកស្រីធ្លាក់ក្នុងស្ថានភាពលំបាក រហូតដល់ថ្នាក់ត្រូវលក់ម៉ូតូស៊េរីឆ្នាំ ២០១២ មួយគ្រឿងដើម្បីដោះស្រាយជីវភាព។ ព្រឹត្តិការណ៍នោះបានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយអ្នកស្រីបញ្ជាក់ថា ឥឡូវនេះឱ្យតែឃើញឡានគឺញ័រដៃញ័រជើង ហើយបើគ្មានគ្នាដើរដកឃ្លាច្រើនទេ គឺដាច់ខាតមិនហ៊ានឆ្លងថ្នល់ឡើយ។

មិនខុសគ្នាប៉ុន្មានឡើយ យុវជន សុគន្ធ ពៅ ដែលមានរាងកាយស្គមស្តើង បានហើបមាត់សារស័ព្ទជំនួសស្រ្តីជាម្តាយ ដែលមិនចង់រំលឹកឡើងវិញនូវការចងចាំដ៏ឈឺចាប់។ ម្តាយរបស់លោកត្រូវធ្លាក់ខ្លួនពិការជើងស្តាំ ត្រង់ចំណុចស្មងជើង ដោយសារតែអ្នកបើកបររ៉ឺម៉កម្នាក់មិនគោរពភ្លើងសញ្ញាចរាចរណ៍ បានបើកពារបុកគាត់ធ្លាក់ពីលើម៉ូតូឌុប ហើយបើករត់គេចខ្លួនបាត់ស្រមោលទាំងកណ្តាលថ្ងៃត្រង់។

លោក សុគន្ធ ពៅ បានរៀបរាប់ទាំងក្តុកក្តួលពីផលវិបាកក្រោយគ្រោះថ្នាក់ថា ៖«គ្រួសារយើងត្រូវប្រើប្រាស់ថវិកាផ្ទាល់ខ្លួនអស់ជាច្រើនដើម្បីព្យាបាលគាត់។ អ្វីដែលអាសូរជាងនេះ គឺក្រោយគ្រោះថ្នាក់ ម្តាយខ្ញុំត្រូវបាត់បង់ការងារ បាត់បង់ចំណូល។ អាជីពជាអ្នកសិល្បៈ (តារា) របស់គាត់ត្រូវបញ្ចប់ទាំងស្រុង។ ធ្លាប់តែបានជួបជុំមិត្តភក្តិធ្វើការ បែរជាត្រូវមកដេកនៅតែផ្ទះ រហូតកើតជំងឺស្រ្តេស ពិបាកចិត្ត មួម៉ៅច្រើន ព្រោះទៅណាដឹងណាអត់រួច។ ឯពួកខ្ញុំជាកូនៗ ត្រូវដាក់វេនគ្នាដើម្បីមើលថែទាំគាត់»។

រាល់ពេលឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ពេកនៅលើដងផ្លូវ បានធ្វើឱ្យអ្នកស្រី ស្រីទូច ដែលជាភរិយារបស់លោក ប្រុស ពៅ តែងតែមានក្តីបារម្ភមិនឈប់ឈរចំពោះសុវត្ថិភាពស្វាមី ដែលត្រូវជិះម៉ូតូទៅធ្វើការទាំងយប់ទាំងថ្ងៃ។ អ្នកស្រីបានលើកឡើងថា៖

«យើងដឹងថាប្តីយើងពាក់មួកសុវត្ថិភាព និងគោរពច្បាប់ត្រឹមត្រូវ ប៉ុន្តែយើងមិនអាចទុកចិត្តអ្នកដទៃបានឡើយ ព្រោះពេលខ្លះមានអ្នកបើកបរទាំងស្រវឹង ឬមិនគោរពច្បាប់។ យើងការពារខ្លួនឯង តែគេមិនការពារយើង។ ចឹងហើយបានជាខ្ញុំកំពុងស្វែងរក និងគិតគូរទិញសេវាធានារ៉ាប់រង (Insurance) ដែលមានទំនុកចិត្តមួយ ដើម្បីបង្ការហានិភ័យចៃដន្យ និងធ្វើឱ្យយើងមានភាពកក់ក្តៅក្នុងចិត្ត»។

គំនិតនេះស្របគ្នាទៅនឹងអ្នកស្រី ពេជ្រ ចន្ថា ដែលបានយល់ឃើញថា គ្រាន់តែការគោរពច្បាប់ចរាចរណ៍តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ឡើយក្នុងការការពារលំនឹងសេដ្ឋកិច្ចគ្រួសារពីគ្រោះថ្នាក់ចៃដន្យ។ ហេតុទើបអ្នកស្រីបានសម្រេចចិត្តលើកទឹកចិត្ត និងជ្រើសរើសទិញសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ជូនស្វាមី។

អ្នកស្រី ចន្ថា បានបញ្ជាក់ពីមូលហេតុថា ៖«ក្នុងគ្រួសារខ្ញុំ មានសមាជិក និងមានកូនរហូតដល់ទៅ ៣ នាក់។ បើសិនជាមានបញ្ហាណាមួយកើតឡើងចំពោះប្តីខ្ញុំ ដែលជាបង្គោលគ្រួសារ នោះយើងមុខជាជួបការលំបាកខ្លាំងណាស់។ ការទិញធានារ៉ាប់រងនៅក្រុមហ៊ុនមេនូឡាយហ្វ៍នេះ គឺដើម្បីបង្ការថ្ងៃណាមួយប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើងចំពោះគាត់ គ្រួសារយើងនឹងទទួលបានថវិកាមកជួយទំនុកបម្រុង មិនបណ្តោយឱ្យសេដ្ឋកិច្ចគ្រួសារត្រូវដុនដាបឡើយ»៕

 

Daily Program

Livesteam thumbnail