លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា អ្នកនយោបាយវ័យក្មេង ពីតំណែងក្រុមប្រឹក្សាទីក្រុង ទៅជានិស្សិតទេវវិទ្យាល័យ
លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា គឺជាសមាជិកគ្រួសារប៉ូស្ទីហ្គូ ពិច។ ម្តាយរបស់លោក គឺលោកស្រី រ៉ូហ្ស៉ា ពិច និងមានកូនច្រើនជាង១៥នាក់។ គ្រួសារនេះមានឫសគល់នៅតំបន់ កាតាឡូនៀ ប្រទេសអេស្ប៉ាញ។ បងប្រុសរបស់លោក គឺបូជាចារ្យ ប៉ាប្ល៉ូ ពិច អាហ្គីឡឺរ៉ា នៅទីក្រុងបាសេឡូណា។
លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា គឺជាតំណាងដឹកនាំគណបក្ស វ៉ូក នៅអង្គភាពរដ្ឋបាលក្រុង វ៉ាល់ដូរ៉េអ៊ិក នៅប្រទេសអេស្ប៉ាញ។ លោកបានលាលែងពីតំណែងរបស់លោក ដើម្បីចូលរៀននៅទេវវិទ្យាល័យ ភូមិភាគព្រះសហគមន៍កាតូលិក ទែរ៉ាសា សម្រាប់ឆ្នាំសិក្សាថ្មី ខណៈដែលលោកនឹងចាប់ផ្តើមទទួលការបណ្តុះបណ្តាលឆ្ពោះទៅកាន់ជីវិតជាបូជាចារ្យ។
លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា បានរៀបរាប់ថា លោកប្រឈមមុខនឹងផ្លូវថ្មីនេះដោយសេចក្តីរីករាយ និងមានការជឿជាក់ថា លោកបានរកឃើញទីតាំងនៃជីវិតរបស់ខ្លួនហើយ។
យោងតាមការផ្សាយនៃសារព័ត៌មានក្នុងតំបន់ តូត សាន គូហ្គា (Tot Sant Cugat) លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា និយាយថា ៖ “នយោបាយគឺជាការផ្សងព្រេងខ្លី ប៉ុន្តែពោរពេញដោយភាពរីករាយ ហើយលោកសុខចិត្តក្នុងការបញ្ចប់វា ដោយវិធីល្អបំផុតតាមដែលអាចធ្វើទៅបាន។”
អតីតក្រុមប្រឹក្សា គណបក្ស វ៉ូក បានបញ្ជាក់ថា លោកនឹងចាប់ផ្តើមដំណាក់កាលថ្មីនៃជីវិត ដោយមានសេចក្តីរីករាយ និងការរំភើបយ៉ាងខ្លាំង ហើយបានសង្ខេបការផ្លាស់ប្តូរដែលជីវិតដែលលោកនឹងប្រឈមមុខក្នុងឆ្នាំខាងមុខ ដោយប្រើប្រយោគមួយថា ៖ “រហូតមកដល់ពេលនេះ ផ្លូវរបស់លោក គឺការបម្រើប្រជាជន។ ចាប់ពីពេលនេះតទៅ វានឹងជាការបម្រើផែនដី ដែលមានទិសដៅឆ្ពោះទៅរកការបម្រើអស់កល្បជានិច្ច”។
ព័ត៌មាននៃការចាកចេញរបស់លោក ក៏ត្រូវបានទទួលដោយការគោរពពីតំណាងនយោបាយផ្សេងៗនៅតំបន់វ៉ាល់ដូរ៉េអ៊ិក Valldoreix និងបានប្រើឱកាសក្នុងសម័យប្រជុំ ដើម្បីលាគ្នា និងជូនពរឲ្យលោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា ទទួលបានជោគជ័យក្នុងដំណាក់កាលជីវិតថ្មីដែលលោកកំពុងចាប់ផ្តើម។
សូម្បីតែតំណាងគណបក្សនយោបាយ ដែលមានគោលគំនិតផ្សេងពីគណបក្សវ៉ូក ក៏បានបង្ហាញជាសាធារណៈនូវការអបអរសាទរដ៏ល្អបំផុតសម្រាប់ផ្លូវអនាគតរបស់លោកឆ្ពោះទៅរកជីវិតនៃភាពជាបូជាចារ្យ។
សម្រាប់ឆ្នាំសិក្សាថ្មី ខាងមុខនេះ លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា នឹងចាប់ផ្តើមទទួលការបណ្តុះបណ្តាលនៅទេវវិទ្យាល័យភូមិភាគ ទែរ៉ាសសា ដែលលោកនឹងចាប់ផ្តើមដំណើរការសម្រាប់ពិចារណាខាងផ្លូវវិញ្ញាណ ការបណ្តុះបណ្តាលចំណេះដឹង និងការរៀបចំសម្រាប់បេសកកម្មព្រះសហគមន៍ ដែលជាជំហានមុនពេលទទួលបានការតាំងជាបូជាចារ្យ។
សេចក្តីសម្រេចចិត្តរបស់លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា តំណាងឲ្យព័ត៌មាននៃក្តីសង្ឃឹមសម្រាប់ព្រះសហគមន៍កាតូលិក នៅតំបន់ កាតាឡូនៀ និងនៅភូមិភាគទែរ៉ាសា ដែលនឹងទទួលសិស្សថ្មីមួយរូបសម្រាប់ជីវិតជាបូជាចារ្យ នៅពេលដែលបូជាចារ្យភាព ស្ថិតនៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ព្រះសហគមន៍កាតូលិក នៅប្រទេសអេស្ប៉ាញ។
ខណៈពេលមិត្តរួមការងារពីគ្រប់បក្សនយោបាយបានជូនពរឲ្យលោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា មានដំណើរជីវិតដ៏មានអត្ថន័យ។ ដំណើរជីវិតរបស់លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា បានរំឭកយ៉ាងខ្លាំងថា ការត្រាស់ហៅខ្លះ ខ្ពស់លើសពីអាជីព ឥទ្ធិពល និងមហិច្ចតា ដែលនឹងដឹកនាំជីវិតជំនួសមកវិញ ដោយសេចក្តីជំនឿ និងការការលះបង់។