ការត្រួតពិនិត្យនិងរិតបន្តឹងច្បាប់ចរាចរណ៍ជិតដល់ពេលកំណត់ទៀតហើយ!
ថ្ងៃទី១ ខែកញ្ញាខាងមុខ នេះ ការត្រួតពិនិត្យនិងរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលបានផ្អាកចាប់តាំងពីផ្ទុះអរិភាពព្រំដែនជាមួយនឹងថៃ កាលពីខែកក្កដា ឆ្នំា២០២៥មក នឹងអនុវត្តឡើងវិញយ៉ាងហោចណាស់នៅខេត្ត៥ ។
ពាក់ព័ន្ធនឹងការរិតបន្តិចនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃធ្លាប់បានបង្ហើបថា សមត្ថកិច្ចនឹងរិតបន្តឹងឡើងវិញលើការត្រួតពិនិត្យច្បាប់រចរាចរណ៍ នៅតាមខេត្តរាជធានីដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេគឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង ។
ប្រភពដដែលបានបន្តថា គម្រោងនេះ គឺបានទទួលការយល់ព្រមជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលហើយ ។
សូមត្រៀមខ្លួន ប៉ុន្តែទោះជាយ៉ាងណានៅក្នុងនាមជាអ្នកប្រើប្រាស់ផ្លូវដែរយើងខ្ញុំគិតថា គួរតែត្រួតពិនិត្យទាំងអស់ទៅ មិនចាំបាច់ខេត្តរាជធានីអទិភាពអ្វីនោះទេ ពីព្រោះថា គ្រោះថ្នាក់ចរាចរណ៍វាអាចកើតមានគ្រប់កន្លែង ឲ្យតែល្មើស គ្រាន់តែថា ពេលដែលអនុវត្តនោះគឺសូមយកច្បាប់ជាគោល ។
ទាំងអ្នកអនុវត្តច្បាប់ និង អ្នកដែលត្រូវត្រួតពិនិត្យសូមយកច្បាប់ជាមូលដ្ឋាន ហើយគ្រប់គ្នាសូមកុំយកច្បាប់នេះទៅកាឡៃ ហើយកែច្នៃកេងចំណេញយកមកធ្វើជាប្រយោជន៍បុគ្គល ឫក្រុម សំខាន់គឺពង្រឹងនិងអនុវត្តដើម្បីសុវត្ថិភាពពិតប្រាកដ ។
គ្រោះថ្នាក់ចរាចរណ៍នៅពេលនេះកាន់តែរន្ធត់ ហើយអ្នកដែលល្មើសគឺមានច្រើន ណាស់ រីឯអ្នករំលោភក៏មានច្រើនដែរ ដូច្នេះសូមប្រើប្រាស់ច្បាប់ដោះស្រាយជាគោលដោយមិនត្រូវដោះស្រាយដោយផលប្រយោជន៍ ដោយយោគយល់ ដោយបក្សពួកឡើយ ។
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់មាន៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាពមាន២២ភាគរយ មិនប្រកាន់ស្ដាំមាន១២ភាគរយ ប្រជែងគ្រោះថ្នាក់មាន៧ភាគរយ បត់មិនប្រយ័ត្នមាន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹងមាន៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍មាន២ភាគរយ និងកត្តាយានយន្ត១ភាគរយ។
សរុបទៅគ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករអត់ស្រមោលវាអាចឆក់ជីវិត និង អាចបង្កររបួសស្នាមដល់យើងនៅពេលណាក៏បាននៅក្នុងមួយពព្រិចភ្នែក ដូច្នេះយើងគួរតែគោរពច្បាប់ ហើយកុំរំលោភកុំបំពាន ។ អ្នកខុសត្រូវមានទោសមានពិរុទ្ធ ហើយអ្នកអនុវត្តការត្រួតពិនិត្យក៏ត្រូវមានក្រិត្យក្រម មានច្បាប់ មិនមែនបានឱកាស យកច្បាប់ដើម្បីកាឡៃហើយធ្វើការដើម្បីតែលាភសក្ការៈឡើយ ។ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាហើយប្រើប្រាស់ផ្លូវសាធារណៈប្រកបដោយការទទួលខុសត្រូវ ។
