សម័យបណ្តាញសង្គមរីកស្គុះស្គាយដូចបច្ចុប្បន្ន កុំភូតភរប្រយ័ត្នបែកធ្លាយព្រោះករណីចៃដន្យ!
អ្នកដែលមិនស្មោះត្រង់ និងចូលចិត្តនិយាយមិនត្រង់ អាចនឹងប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹងសុចរិតភាព និងសេចក្តីស្មោះត្រង់ ប្រសិនបើជួបករណីបែកធ្លាយដោយចៃដន្យ ព្រោះមិនមានការព្រៀងទុក ដោយសារតែការរីកស្គុះស្គាយនៃបណ្តាញសង្គមនៅក្នុងពេលបច្ចុប្បន្ន។
ក្រុមអ្នកដែលប្រឈមមុខនឹងបញ្ហានេះ រួមមានសិស្សគេចសាលា បុរស ឬស្ត្រីដែលមានភាពមិនស្មោះត្រង់ និងបុគ្គលិកដែលមានចិត្តវៀចវេរជាដើម។ តើក្រុមមនុស្សទាំងនោះអាចប្រឈមមុខនឹងពិរុទ្ធភាពដោយរបៀបណា? ហើយតើពិរុទ្ធភាពរបស់ពួកគេត្រូវបែកធ្លាយយ៉ាងម៉េចតាមបណ្តាញសង្គម?
មកដល់ពេលបច្ចុប្បន្ននេះ យុវសិស្ស ឬយុវនិស្សិតខ្លះអាចភូតភរឪពុកម្តាយ ឬលោកគ្រូអ្នកគ្រូថាមានហេតុផលនេះ ឬហេតុផលនោះ ដើម្បីយកលេសទៅដើរលេងមិនចូលសាលា ឬមិនចូលផ្ទះ និងទៅទីនេះទីនោះ។ ក្រៅពីយុវសិស្ស ឬយុវនិស្សិត បុគ្គលិករប៉ិលរប៉ូចខ្លះដែលខូចខិលក៏ធ្លាប់មានបញ្ហាដែរ ដោយគេចមិនចង់ទៅធ្វើការ ឬយកលេសចង់បានច្បាប់សម្រាក គឺអាចប្រាប់មេ ឬកន្លែងធ្វើការថាឈឺ ប៉ុន្តែធាតុពិតយកពេលនោះទៅដើរលេងដែរ។
ដោយឡែក ក្រុមមនុស្សដែលខិលខូច ទាំងស្ត្រី និងបុរសមិនស្មោះត្រង់ខ្លះ ក៏គួរដឹងខ្លួនផងដែរនៅក្នុងករណីស្រដៀងគ្នานេះ។ ពួកគេអាចនឹងយកលេសទាំងនេះ ដើម្បីបិទបាំងសកម្មភាពដែលពួកគេប្រព្រឹត្ត ឬធ្វើជាក់ស្តែងទាំងស្រុង ប៉ុន្តែនៅក្នុងករណីចៃដន្យខ្លះ ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ឬសហសេវិក និងសូម្បីតែចៅហ្វាយខ្លះ អាចនឹងដឹងរឿងនោះបានច្បាស់ៗដោយសារតែបណ្តាញសង្គម។
ព្រោះតែចង់លាក់កំបាំងសកម្មភាពទាំងនេះ ពួកគេពិតជាមិនផុស ឬមិនចែករំលែកអ្វីដែលពួកគេបានរាយការណ៍នោះទេ ហើយមានអ្នកខ្លះរហូតដល់ថ្នាក់រក្សារូបភាព និងស្ថានការណ៍ចាស់ៗ ហើយយកមកបង្ហោះដើម្បីបិទបាំងសេចក្តីពិតនេះផងដែរ។ ប៉ុន្តែដោយចៃដន្យ វត្តមាន ឬសកម្មភាពរបស់ពួកគេអាចនឹងត្រូវថត ឬផ្តិតយកដោយអ្នកដទៃ ដែលផ្សព្វផ្សាយដោយមិនបានព្រៀងទុក។
អ្វីដែលគេផ្សព្វផ្សាយ និងចែករំលែកទាំងនោះ គឺគេចែករំលែក និងផ្សព្វផ្សាយតែរឿងផ្ទាល់ខ្លួនរបស់គេនោះទេ ប៉ុន្តែវាក៏អាចចៃដន្យមានរូប ឬអត្តសញ្ញាណរបស់ពួកគេនៅក្នុងនោះដែរ។ នៅក្នុងស្ថានភាពបែបនេះ គឺអាថ៌កំបាំងដែលបិទបាំងនឹងត្រូវលាតត្រដាង ដូច្នេះសូមប្រុងប្រយ័ត្ន!
ជារួមមក ការមិនស្មោះត្រង់ ការនិយាយកុហក និងការប្រើលេសដើម្បីបិទបាំងទង្វើរបស់ខ្លួន គឺជាអាកប្បកិរិយាដែលអាចបង្កឱ្យមានផលវិបាកនៅថ្ងៃណាមួយ ទោះបីជាមនុស្សម្នាក់ខិតខំលាក់បាំងយ៉ាងណាក៏ដោយ។ ជាពិសេស នៅក្នុងសម័យដែលបណ្តាញសង្គមមានការរីកចម្រើនយ៉ាងខ្លាំង សកម្មភាពដែលមនុស្សម្នាក់មិនចង់ឱ្យអ្នកដទៃដឹង អាចត្រូវបានថតរូប ថតវីដេអូ ឬចែករំលែកដោយចៃដន្យពីសំណាក់មនុស្សជុំវិញខ្លួន ដែលធ្វើឱ្យការពិតត្រូវបានលាតត្រដាងដោយមិនបានត្រៀមទុកជាមុន។
ហេតុនេះ សិស្ស និស្សិត បុគ្គលិក និងមនុស្សគ្រប់រូប គួរតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ សុចរិតភាព និងការទទួលខុសត្រូវចំពោះពាក្យសម្តី និងទង្វើរបស់ខ្លួន។ យើងគួរចងចាំថា ការកុហកអាចជួយបិទបាំងការពិតបានតែមួយរយៈពេលខ្លី ប៉ុន្តែមិនអាចធានាថាការពិតនឹងមិនបែកធ្លាយឡើយ។ ដូច្នេះ ការរស់នៅដោយស្មោះត្រង់ និងមិនបោកប្រាស់អ្នកដទៃ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត កិត្តិយស និងទំនាក់ទំនងល្អក្នុងសង្គម ព្រោះអាថ៌កំបាំងអាចត្រូវបានលាក់បាំង ប៉ុន្តែការពិតអាចលេចចេញមកគ្រប់ពេលវេលា។
