អ្នក​ព្យាបាលជំងឺនៅថៃ គួរធ្វើ​នៅក្នុងស្រុក ឬរកគោលដៅផ្សេង!

វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានកែលំអរច្រើន ជាពិសេសគុណភាព ការទទួលខុសត្រូវក៏កាន់តែប្រសើរ ស្របពេលដែលសេវាកម្មនិងអត្តចរិតក៏ដូចជាក្រមសីលធម៌ក៏កាន់តែមានការទទួលស្គាល់ ដូច្នេះបងប្អូនដែលធ្លាប់ទៅព្យាបាលនៅបរទេសជាពិសេសគឺនៅថៃគួរតែបង្វែរមករកសេវាកម្មនៅក្នុងស្រុកវិញ។

ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជាយើង ទោះបីជាមិនល្អឥតខ្ចោះមែនក៏ដោយ ប៉ុន្តែអ្វីៗគឺកាន់តែប្រសើរ ដែលយើងគួរតែនាំគ្នាគាំទ្រសេវាកម្មនៅក្នុងស្រុក។ មកដល់ពេលនេះ ក្រៅពីការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលនានាត្រូវបានលើកកម្ពស់ហើយនោះ ឧបករណ៍និងសំភារៈវេជ្ជសាស្រ្តនៅក្នុងបណ្តាមន្ទីរពេទ្យនៅក្នុងស្រុកក៏បានបំពាក់កាន់តែទំនើប ដែលយើងទាំងអស់គ្នាអាចមានទំនុកចិត្តបាន ហើយគួរតែងាកមកគាំទ្រវិស័យសុខាភិបាលនៅក្នុងស្រុក។

សម្រាប់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ និង បងប្អូនអាជីវករក្រៅប្រព័ន្ធក្តីក្នុងប្រព័ន្ធក្តីដែលមានប័ណ្ណបេឡាជាតិ​សន្តិសុខសង្គម​ដែលគេនិយមហៅថា ប.ស.ស គឺកាន់តែប្រពៃ ពីព្រោះថា កាលណាបងប្អូនមានប័ណ្ណនេះ គឺមានជំងឺជាច្រើនត្រូវបានក្រុមគ្រូពេទ្យព្យាបាលដោយមិនគិតថ្លៃនោះឡើយ ហើយប្រភេទជំងឺដែលត្រូវរ៉ាប់រងដោយសេវាកម្មសង្គមឥឡូវនេះក៏មានកាន់តែច្រើន រួមផ្សំ​និងជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ។

នៅក្នុងកាលៈទេសៈដូចជាពេលបច្ចុប្បន្ននេះ ការបន្តធ្វើដំណើរស្វែងរកការព្យាបាលនៅប្រទេសថៃ គឺការប្រថុយប្រថានមួយ ពីព្រោះតែប្រទេសទាំងពីរកំពុងតែមានអរិភាពនឹងគ្នាខ្លាំង ហើយក៏មានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យជាច្រើន ដែលបងប្អូនធ្លាប់យកលុយទៅព្យាបាលនោះ ក៏គេលែងព្យាបាលដល់ពលរដ្ឋយើងទៀតដែរ។ នៅពេលស្ថានភាពបែបនេះទៅហើយ​តើបងប្អូនចាំបាច់អ្វី នឹងត្រូវបន្តស្វះស្វែងរកការព្យាបាលនៅក្នុងប្រទេសនោះទៀត ខណៈដែលបងប្អូនមានលុយនៅក្នុងដៃស្រាប់ទៅហើយនោះ។

បងប្អូនគួរតែបង្វែរគោលដៅនៃការព្យាបាលនេះមកកាន់ប្រទេសផ្សេងប្រសិនបើនៅតែចង់ព្យាបាលនៅក្រៅប្រទេស ប៉ុន្តែប្រសិនបើគិតថា យើងសាកល្បងសេវាកម្មសុខាភិបាលនៅក្នុងប្រទេសយើងថា តើ៣ឆ្នាំចុងក្រោយនេះវាប្រែប្រួលយ៉ាងណា គួរតែសាកល្បងសាកមើល៕

Daily Program

Livesteam thumbnail