អំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទនៅតែមាន! សូមយកចិត្តទុកដាក់
នៅសម័យនេះអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទនៅតែមាននៅកម្ពុជា ដែលយើងគប្បីប្រយុទ្ធប្រឆាំងនឹងករណីនេះឲ្យដាច់ខាតថែមទៀត ដើម្បីធានានិងការពារសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិនិងយុត្តិធម៌សម្រាប់មនុស្សទាំងអស់។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួនកាលពីឆ្នាំ២០២៥ កម្ពុជាបានបង្ក្រាបករណីជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទសរុបចំនួន ២៧២ ករណីពោលគឺមាន កើនឡើង ៣៧ ភាគរយបើធៀបនឹងឆ្នាំមុន។
បើតាមរបាយការណ៍នៅក្នុងករណីបង្រ្កាបអំពើផ្ទុយនឹងច្បាប់នេះអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ៤១០ នាក់ រួមទាំងជនបរទេសចំនួន ៤៣ នាក់ផងដែរ ហើយក្រោយពេលដែលបង្រ្កាបជនរងគ្រោះសរុបចំនួន ៩៩៤ នាក់ត្រូវបានជួយសង្គ្រោះ ។
អ្វីដែលគួរឲ្យកត់សំគាល់និងយកចិត្តទុកដាក់ទៅទៀតនោះគឺថា ក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានអនីតិជនក្រោមអាយុ១៨ឆ្នាំដល់ទៅ ២០៩ នាក់ ដូច្នេះវាគឺជាឧក្រិដ្ឋកម្មដែលយើងត្រូវតែបន្តពង្រឹងនូវការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីធានាថា ប្រទេសយើងពិតជាយកចិត្តទុកដាក់នឹងបញ្ហានេះ ហើយប្រទេសយើងគឺជាប្រទេសដែលស្អប់ខ្ពើមនឹងឧក្រិដ្ឋកម្មនេះ។
ជាទូទៅករណីជួញដូរមនុស្សទាំងនេះត្រូវរកឃើញថា វាត្រូវក្រុមឧក្រិដ្ឋជនអូសទាញនិងបានផ្សារភ្ជាប់ពួកគេទៅនឹង ឧក្រិដ្ឋកម្មក្លែងបន្លំ ជម្លោះការងារ ការងារ និងអន្តោប្រវេសន៍ខុសច្បាប់ជាដើម ហើយពួកគេខ្លះគឺជាជនបរទេសថែមទៀត។
មកដល់ពេលនេះដើម្បីបំពេញតាមការ សន្យាលុបបំបាត់ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទ និងការឆបោកតាមអ៊ីនធឺណិតគ្រប់ប្រភេទ និងក៏ដើម្បីបង្កើនការគោរពសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គម យើងទាំងអស់គ្នាចាំបាច់ត្រូវតែមានការប្តេជ្ញាចិត្តឲ្យខ្ពស់ ហើយក៏ខិតខំពង្រឹងច្បាប់ឲ្យបានហ្មត់ចត់ ជាទីបំផុត។
ក្រៅពីនោះពលរដ្ឋយើងក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយដាច់ខាតក៏កុំលង់ខ្លួននឹងការអន្ទងដោយយកការងារ ប្រាក់ចំណូល ឫ ក៏ភាពឡូយឆាយជីវិតហ៊ឺហា។ អ្វីដែលគេបង្ហាញគឺគ្រាន់តែជាអន្ទាក់ ដែលគេរាយជាមួយនឹងនុយ ដើម្បីឲ្យយើងចូល។ នៅពេលដែលយើងចូលទៅបានដឹងថា វាគឺជាអន្ទាក់វាហួសពេល ហើយទម្រាំដល់មានការសង្រ្គោះជីវិតយើងកិត្តិយសយើង អនាគតយើងក៏វាទៅតាមនោះផងដែរ ដូច្នេះក្រៅពីគេជួយយើងក៏ត្រូវតែចេះជួយនិងចេះការពារខ្លួនឯងផងដែរ៕