អាហារបរទេសទទួលទានចុះ ប៉ុន្តែកុំញឹកញាប់ពេក!

ដើម្បីសុវត្ថិភាព សន្សំសំចៃ លើកកំពស់សមត្ថភាពសេដ្ឋកិច្ច ហើយជាពិសេស គឺលើកស្ទួយផលិតផលនៅក្នុងស្រុកយើងទាំងអស់គ្នា គួរតែទទួលទានអ្វីដែលប្រជាពលរដ្ឋកម្ពុជាយើងផលិតនិងផ្គត់ផ្គង់នៅក្នុងស្រុកដោយខ្លួនឯងមិននាំចូលពីក្រៅ។
ដោយសារតែស្រុកទេសយើងសន្តិភាព មានទំនាក់ទំនងល្អជាមួយនឹងប្រទេសនានា ផលិតផលដែលបម្រើការហូបចុកទទួលទានកាន់តែសម្បូណ៍បែប ហើយប្លែកៗសឹងតែគ្រប់ទិសទីនៅលើពិភពលោក ដែលត្រូវបានគេនាំចូលមកបម្រើសេចក្តីត្រូវការនៅក្នុងស្រុក។
ជាទូទៅផលិតផលប្លែកៗដែលនាំចូលពីប្រទេសទាំងនេះមានតម្លៃថ្លៃ ហើយនៅតែមានអ្នកដែលទទួលទានជាហូរហែរ។ អ្នកខ្លះព្រោះតែចង់ស្គាល់ចង់ដឹងរសជាតិក៏បានសន្សែសន្សំលុយហើយទទួលទាននឹងគេផងដែរ។
ហូបម្តងម្កាលចុះ ប៉ុន្តែកុំញឹកញាប់ពេក។ ការហូបចុករបស់ប្លែកហើយថ្លៃនេះ ជាទូទៅគឺនាំឲ្យយើងខាតបង់ ពោលគឺយើងខ្លួនឯងអស់លុយ លើការហូបចុកបែបហ៊ឺហារនេះ។ ហើយអ្វីដែលសំខាន់ទៅទៀតនោះ ព្រោះតែចង់យកចំណេញខ្លាំង អាចមានក្រុមឈ្មួញខិលខូចលួចបន្លំយកផលិតផលស្រុកគេដែលមានបញ្ហាដូចជា ផលិតផលហួសកាលបរិច្ឆេទ ផលិតផលដែលមានសាធាតុប៉ះពាល់ដល់សុខភាពជាដើម។
ជាក់ស្តែងថ្មីៗកន្លងទៅនេះ សមត្ថកិច្ចបានរកឃើញត្រីសាម៉ុនដែលដឹកតាមឡានក្រុង១គ្រឿងមានបរិមាណដល់ទៅ ១៤០ កេស ស្មើនឹង ៣.០១០គីឡូក្រាម គឿងក្នុងសត្វមាន់ ចំនួន ២១០កេស ស្មើនឹង ២.៥២០គីឡូក្រាម ទឹកស៊ីអ៊ីវ ចំនួន ១០០ប៊ីដុង ស្មើនឹង ៤០០លីត្រ វ៉ាសាប៊ិ ចំនួន ២កេស ស្មើនឹង ១០០គីឡូក្រាម សរុបចំនួន ៥.៦៣០គីឡូក្រាម និង ៤០០លីត្រ។
ជាលទ្ធផល ក្រោយពីមន្រ្តីជំនាញធ្វើការត្រួតពិនិត្យបានរកឃើញថា ទំនិញទាំងអស់ត្រូវបានខូចគុណភាព ដោយសារការដឹកជញ្ជូន និងការរក្សាទុក ពុំត្រឹមត្រូវតាមលក្ខខណ្ឌ បច្ចេកទេស។ ហេតុនេះ ព្រះរាជអាជ្ញារងក៏បានអនុញ្ញាតឱ្យរឹបអូសដើម្បីម្ទេចចោលទៅតាមនីតិវិធី។
នេះគឺករណីសមត្ថកិច្ចរកឃើញ ចុះបើរកមិនឃើញផលិតផលនាំចូលទាំងនេះ នឹងលេចធ្លាយទៅទីផ្សារ ដូច្នេះអ្នកដែលទទួលទានក្រៅពីហូបចុករបស់ដែលគ្មានសុវត្ថិភាព គឺចំណាយប្រាក់ដោយឥតប្រយោជន៍ និងនាំឲ្យសុខភាពមិនល្អថែមទៀត។
ករណីដូចជាត្រីសាលម៉ុនជាដើម គឺមានតម្លៃដល់ទៅ ៣០ទៅ៤០ ដុល្លារ ខណៈដែលត្រីចិញ្ចឹមនិងត្រីធម្មជាតិមួយគីឡូ ២ម៉ឺនរៀល គឺពលរដ្ឋរអ៊ូ ដូច្នេះតើយើងខាតបង់ប៉ុណ្ណា។ ករណីនេះគឺដូចជាករណីដែលបានលើកឡើងខាងលើ គឺក្រៅពីចំណាយច្រើនហើយ គឺបានផលិតផលដែលមិនមានគុណភាពថែមទៀត ដូច្នេះវាគឺជាការខាត់បង់ខ្លាំងណាស់ ដែលយើងទាំងអស់គ្នាគប្បីត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះ។
សរុបទៅប្រសិនបើយកល្អ គឺគួរតែទម្លាប់ជាតិនិយមបន្តិច ពោលគឺហូបចុកទទួលទានតែនៅលើផលិតផលនៅក្នុងស្រុក ដើម្បីលើកកំពស់កម្រិតជីវភាពរបស់អ្នកដែលពាក់ព័ន្ធ ហើយសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងនៅពេលអនាគត៕
Daily Program
