ស្លាកសញ្ញាចរាចរណ៍គួរដំឡើងនៅទីតាំងណាដែលងាយស្រួលមើលឃើញសម្រាប់អ្នកបើកបរ!
ស្លាកសញ្ញាចរាចរណ៍នានា មន្ត្រីជំនាញគួរស្វែងរកទីតាំងណាដែលអ្នកធ្វើដំណើរងាយស្រួលមើលឃើញច្បាស់ មិនចាំងភ្នែក និងមិនបាំងកំបាំង ដើម្បីងាយស្រួលគោរពតាម ខណៈដែលស្លាកសញ្ញាខ្លះដែលដំឡើងនៅតាមដងផ្លូវមួយចំនួន ស្ថិតនៅទីតាំងពិបាកមើលឃើញ។
ជាក់ស្តែង ស្លាកសញ្ញាកំណត់ល្បឿនដែលបានដំឡើងជាច្រើនកន្លែងនៅតាមដងផ្លូវជាតិនានា ត្រូវបានកំណត់ និងដំឡើងនៅទីតាំងដែលមានពន្លឺចាំងខ្លាំងពិបាកមើល។ កន្លែងដំឡើងខ្លះទៀត គឺស្ថិតនៅតាមកន្លៀត ហើយកន្លែងខ្លះទៀត មានស្លាកសញ្ញាច្រើនស្អេកស្កះ រួមផ្សំជាមួយស្លាកឃោសនា ក៏ដូចជាស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំឱ្យអ្នកប្រើប្រាស់ផ្លូវពិបាកមើល និងពិបាកគោរពតាម។
ក្រៅពីនោះ ក៏មានស្លាកសញ្ញាមួយចំនួនទៀត ត្រូវបានដើមឈើ ឬមែកឈើបាំង ដែលជាឧបសគ្គដល់ការគោរពច្បាប់របស់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរនៅតាមដងផ្លូវផងដែរ។ មិនត្រឹមតែស្លាកសញ្ញាកំណត់ល្បឿនប៉ុណ្ណោះទេ នៅមានស្លាកសញ្ញាជាច្រើនទៀត ដូចជាស្លាកសញ្ញាកំណត់ទិសចរាចរណ៍ ហាមបត់ឆ្វេង ហាមបត់ស្តាំ ហើយសូម្បីតែភ្លើងស្តុបបញ្ជាចរាចរណ៍មួយចំនួននៅរាជធានីភ្នំពេញ ពេលខ្លះក៏ពិបាកមើលផងដែរ។
ម្យ៉ាងវិញទៀត ភ្លើងបញ្ជាចរាចរណ៍នៅក្នុងប្រទេសយើង ក៏មិនទាន់មានភាពឯកភាពគ្នានៅឡើយទេ។ កន្លែងខ្លះមានតែភ្លើងពណ៌ក្រហម លឿង និងបៃតង ប៉ុន្តែកន្លែងខ្លះទៀត បែរជាមានភ្លើងសញ្ញាបន្ថែមសម្រាប់បញ្ជាឱ្យបត់ស្តាំ ឬបត់ឆ្វេង។ ក្នុងស្ថានភាពបែបនេះ អ្នកបើកបរដែលមិនធ្លាប់ឆ្លងកាត់តំបន់នោះ ជួនកាលមានការភាន់ច្រឡំ មិនដឹងថាគេអនុញ្ញាតឱ្យទៅ ឬមិនឱ្យទៅ រហូតបង្កជាបញ្ហាថ្នាំងថ្នាក់ពីអ្នកធ្វើដំណើរខាងក្រោយ ដោយស៊ីផ្លេ ឬពេលខ្លះមានការបោះសម្តីដាក់គ្នាថែមទៀតផង។
នេះគឺជាបញ្ហាដែលយើងគួរតែគិតគូរ និងរៀបចំ។ ទោះបីជាបញ្ហានេះមើលទៅហាក់ដូចជាតូចតាច ប៉ុន្តែវាជាចំណុចមួយដែលយើងគួររៀបចំឱ្យមានស្តង់ដារតែមួយ និងមានការឯកភាពគ្នា។ កន្លែងណាដែលមានបញ្ហាបាំងគំហើញដូចដែលបានរៀបរាប់ខាងលើ គួរតែកែលម្អ ហើយកន្លែងដែលមានការបាំងស្លាកសញ្ញា គួរតែយកចិត្តទុកដាក់កាប់ឆ្ការមែកឈើ ឬដើមឈើចេញ។ ចំណែកស្លាកសញ្ញាចាស់ៗ ក៏គួររៀបចំបាញ់ថ្នាំសម្អាតឡើងវិញ ដើម្បីឱ្យអ្នកបើកបរមើលឃើញបានច្បាស់។
ការរៀបចំស្លាកសញ្ញា និងភ្លើងបញ្ជាចរាចរណ៍ឱ្យមានភាពច្បាស់លាស់ ងាយមើលឃើញ និងមានស្តង់ដារឯកភាពគ្នា គឺជាចំណុចសំខាន់មួយក្នុងការលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍។ ស្លាកសញ្ញាគួរត្រូវបានដាក់នៅទីតាំងសមស្រប មិនត្រូវឱ្យមានពន្លឺចាំង មិនត្រូវបានដើមឈើ ឬវត្ថុផ្សេងៗបាំង ហើយគួរតែមានការថែទាំ សម្អាត និងជួសជុលជាប្រចាំ ដើម្បីធានាថាអ្នកប្រើប្រាស់ផ្លូវអាចមើលឃើញ និងយល់បានច្បាស់។ ជាមួយគ្នានេះ ការរៀបចំប្រព័ន្ធភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ឱ្យមានទម្រង់ និងវិធីសាស្ត្រប្រើប្រាស់ស្របគ្នានៅទូទាំងប្រទេស នឹងជួយកាត់បន្ថយការភ័ន្តច្រឡំ និងជម្លោះរវាងអ្នកប្រើប្រាស់ផ្លូវ។ ដូច្នេះ បញ្ហាដែលមើលទៅជារឿងតូចតាចទាំងនេះ គួរត្រូវបានយកចិត្តទុកដាក់កែលម្អ ព្រោះវាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យការធ្វើដំណើរមានសុវត្ថិភាព និងសណ្តាប់ធ្នាប់កាន់តែប្រសើរ។
