ប្អូនៗរៀនអីរៀនទៅជំនាញអ្វីក៏សំខាន់ដែរឲ្យតែចេះប្រាកដ !
ក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិបានបញ្ចប់ប្អូនៗខ្លះនៅក្នុងចំណោមប្អូនៗដែលបានឆ្លងកាត់ការប្រឡងប្រមាណជាជាង១៥ម៉ឺននាក់កំពុងកង្វល់នឹងបញ្ហាអាជីព ការងារ និង ការបន្តចំណេះ ហើយបញ្ហានេះមិនត្រឹមតែប្អូនៗទេ សូម្បីតែឪពុកម្តាយខ្លះក៏កំពុងតែវិលវល់ដែរ ។
នៅក្នុងចំណោមប្អូនៗទាំង១៥ម៉ឺននាក់នោះអ្នកដែលអាចមានកង្វល់ច្រើនគឺជាង១២ម៉ឺននាក់ដែលជាប់ ខណៈដែលអ្នកធ្លាក់មកដល់ពេលនេះភាគច្រើនយើងខ្ញុំជឿជាក់ថា មានការសម្រេចចិត្តរួចរាល់ហើយ ។
ហេតុផលដែលប្អូនៗជាង១២ម៉ឺននាក់កំពុងកង្វល់គឺពាក់ព័ន្ធនឹងជំនាញនិងមុខវិជ្ជាក៏ដូចជាស្ថាប័នអប់រំឧត្តមសិក្សាដែលប្អូនៗត្រូវជ្រើសរើស ។ ជាការពិតប្អូនៗខ្លះចង់រៀនមុខជំនាញនេះនៅស្ថាប័ននោះ ប៉ុន្តែទោះត្រង់ឪពុកម្តាយឫអាណាព្យាបាលជំទាស់ឫក៏ជូនយោបល់បែបនេះបែបនោះដែលនាំឲ្យប្អូនៗមានអារម្មណ៍ថា វិលវល់ពិបាកសម្រេចចិត្ត ។
ជាការពិតអាជីប និង ជំនាញវាពិតជាមានច្រើន ហើយស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក៏មានច្រើន ជាមួយគ្នានោះកម្មវិធីអាហារូបករណ៍ក៏សំបូរដែរ ដូច្នេះហើយទើបបានជាពិបាក ។
នៅក្នុងស្ថានភាពបែបនេះ យើងខ្ញុំសូមចែករំលែកថា មកដល់ពេលនេះយើងអាចនិយាយបានថា រៀនអ្វីក៏នៅតែជាធនធានមនុស្សដ៏អស្ចារ្យសម្រាប់ជាតិ ហើយរៀននៅស្ថាប័នណាក៏ដូចគ្នាមិនថាស្ថាប័ននោះតូចឫធំ ល្បីឫមិនល្បីនោះទេ ។ សំខាន់អាជីពណាក៏ដូចជាអជីពណាដែរគឺំសុទ្ធតែមានប្រយោជន៍សុទ្ធតែមានតម្រូវការ សុទ្ធតែមានគុណតម្លៃរបស់វា ។ យើងត្រូវចាំថា សង្គមរបស់យើងវាអាចដើរទៅមុខបានគឺត្រូវការធនធានមនុស្សដែលមានសមត្ថភាពនិងបំណិនគ្រប់វិស័យទាំងអស់មិនមែនវិស័យមួយទុកចោលវិស័យមួយនោះទេ ។
ដោយឡែកស្ថាប័នវិញក៏ដូចគ្នាដែរ មិនថាស្ថាប័ននោះមានលក្ខណៈយ៉ាងណានោះទេ ប្រសិនបើយើងតាំងចិត្តរៀន តាំងចិត្តស្រាវជ្រាវ ដាក់ចិត្តដាក់កាយប្រឹងសិក្សា ប្រឹងស្វែងយល់ ហើយយើងចេះនោះតម្លៃនឹងមានសម្រាប់យើង ។
ប៉ុន្តែនៅក្នុងករណីយើងរៀននៅស្ថាប័នល្អមានគុណតម្លៃល្បីតែយើងមិនខំរៀន មិនខំស្រាវជ្រាវ ខំតែប្រើប្រាស់ បញ្ញាសិប្បនិម្មិត ជំនួស នោះចំណេះនិងជំនាញរបស់យើងក៏ទៅតាមនោះដែរ ។
សរុបទៅ មុខជំនាញណាក៏សំខាន់ ហើយរៀននៅស្ថាប័នណាក៏ល្អទាំងអស់ឲ្យតែស្ថាប័ននោះ អាចផ្តល់ចំណេះនិងជំនាញដល់យើងគ្រប់ ហើយ យុវជនខ្លួនឯងនោះសំភី និងឧស្សាហ៍ប្រឹងប្រែងនៅក្នុងការសិក្សានិងស្រាវជ្រាវ ។ នៅពេលជ្រើសរើសរៀនមុខវិជ្ជាណា សូមរៀនមុខវិជ្ជានិងជំនាញនោះឲ្យខ្លាំងនោះយើងនឹងមានគុណតម្លៃសម្រាប់ទីផ្សារការងារនិងទំនួលខុសត្រូវដែលយើងមានពិតប្រាកដ ។
