សូមកុំត្រេកត្រអាលនឹងតួលេខធ្លាក់ចុះឲ្យសោះ រឿងគ្រោះថ្នាក់ចរាចរណ៍ !

ឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍ និង ចំនួនអ្នករងគ្រោះធ្លាក់ចុះតិចនាំគ្នាត្រេកត្រអាលហើយភ្លេចគិតការប្រុងប្រយ័ត្ននិងលើកកំពស់ការគោរពច្បាប់ចរាចរណ៍។​

តាមស្ថិតិដែលសមត្ថកិច្ចបានផ្សព្វផ្សាយហើយត្រូវបានសារព័ត៌មានយកមកផ្សាយបន្តវាពិតជារីករាយដែលយើងទាំងអស់គ្នាបានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំហើយឃើញបានផលបែបនេះ ប៉ុន្តែសូមកុំប្រហែស ពីព្រោះអត្រានេះវាអាចកើនឡើងគ្រប់ពេលឲ្យតែយើងទាំងអស់គ្នាប្រហែសនិងមើលស្រាល ច្បាប់ចរាចរណ៍ ។

ស្ថិតិដែលផ្សព្វផ្សាយបានឲ្យដឹងថា កាលពីឆ្នាំ២០២៥កន្លងទៅ បានកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនត្រឹមតែ២.៣៤៥ ករណី ធ្លាក់ចុះ ១៧,៥ ភាគរយធៀបនឹង ២.៨៤៤ ករណីដែលវាបានកើតមានឡើងកាលពីឆ្នាំ២០២៤ ។​

ប្រភពដដែលបានបន្តថា ដោយឡែក ចំនួនអ្នករងគ្រោះដល់ជីវិតិ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក៏បានធ្លាក់ចុះមកត្រឹម ១.៤៦៧ នាក់ ដែលជាការថយចុះ ២,៧៨ ភាគរយធៀបនឹង ១.៥០៩ កាលពីឆ្នាំមុននេះ ។

ក្រៅពីចំនួនអ្នកស្លាប់ គ្រោះថ្នាក់ចរាចរណ៍បានបង្ករបួសដល់មនុស្សតែ ៣.២១៣ នាក់ ធ្លាក់ចុះ ១៣,៦ ភាគរយពីធៀបនឹងចំនួនអ្នករបួស ៣.៧២០ នាក់មួយឆ្នាំមុននេះ ។

នេះគឺជាដំណើរវិវត្តន៍ដ៏វិជ្ជមានក្រោយពេលដែលយើងទាំងអស់គ្នាបានខិតខំប្រើប្រាស់ផ្លូវដ៏មានការទទួលខុសត្រូវ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់មានការប្រុងប្រយ័ត្នទេនោះ សូមលើកកំពស់បន្ថែម ហើយនៅពេលដែលបើកបរសូមកុំមើលស្រាល ហើយធ្វេសប្រហែសឲ្យសោះ ។

បងប្អូនសូមគោរពនិងអោយតម្លៃលើជីវិតខ្លួនយើងនិងអ្នកដទៃ ហើយត្រូវបន្តយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់ផ្លូវប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត​ដើម្បីធ្វើយ់ាងណាឲ្យអត្រាករណីគ្រោះថ្នាក់ អ្នករងគ្រោះដល់ជីវិត និង អ្នករបួសធ្លាក់ចុះបន្ថែមទៀត ។​

គ្រោះថ្នាក់ចរាចរណ៍វាថយចុះមែន ប៉ុន្តែជាទូទៅអត្រានេះគឺនៅតែខ្ពស់ដដែល ពីព្រោះផ្អែកតាមស្ថិតិយើងឃើញថា  នៅក្នុងមួយថ្ងៃជាទូទៅអាចមានគ្រោះថ្នាក់ចរាចរណ៍ជាមធ្យមពី ៦ទៅ៧ករណី ហើយអ្នកបាត់

បង់ជីវិតគឺមានដល់ទៅ៤នាក់ រីឯអ្នករបួសវិញគឺមានពី ៨ទៅ៩នាក់នៅក្នុងមួយថ្ងៃជាមធ្យម ដូច្នេះអត្រានេះនៅតែខ្ពស់គួរសម ដែលយើងទាំងអស់គ្នាគួរតែបន្តលើកកំពស់ការប្រុងប្រយ័ត្នបន្ថែមទៀត ។ អ្នកដែលប្រុងប្រយ័ត្នគឺត្រូវតែបន្តប្រុងប្រយ័ត្នថែមទៀត រីឯអ្នកដែលធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍គួរប្រុងប្រយ័ត្នដើម្បីឲ្យសង្គមយើងបន្តកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តទៀតនៅពេលអនាគត៕

 

 

 

Daily Program

Livesteam thumbnail