សូមកុំចេះតែវិនិច្ឆ័យសង្គមផ្តេសផ្តាស !
ក្រោយសង្គមជួបប្រទះរឿងរន្ធត់ពីរករណីជាបន្តបន្ទាប់ នាំអោយមានការរិះគិតជារួមខ្លះលេចឡើងថា កូនអ្នកធំឬអ្នកមានអំណាចឬអ្នកមានឥទ្ធិពលច្រើនមានឥរិយាបទបើកបរលឿន ហើយនៅពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍ពួកគេច្រើនតែរួចខ្លួនរួចពីការទទួលខុសត្រូវផ្នែកច្បាប់។
ករណីដែលកើតឡើងពីរចុងក្រោយនេះ គឺករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨មីនា ដែលមជ្ឈដ្ឋានមហាជនដាក់បន្ទុកថាបង្កឡើងដោយ កូនប្រុសអភិបាលស្រុកម្នាក់ តែត្រូវបានដោះលែងឱ្យមានសេរីភាព ខណៈសមត្ថកិច្ចបញ្ជាក់ថាជនបង្កមិនមែនជាបុរសម្នាក់នោះទេតាមពិតជាមនុស្សស្រីបណ្តាលឲ្យក្មេងប្រុសម្នាក់របួស។ ហើយករណីទី២ គឺជាគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន៥នាក់។
ករណីទីពីរ ត្រូវបានគេដឹងថា ជនបង្កអាច ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ ដែលមានវ័យក្មេងត្រឹមតែ អាយុ២០ឆ្នាំ ពីព្រោះរូបគេគឺជាម្ចាស់រថយន្តទំនើប ម៉ាក MERCEDES BENZ ដែលជារថយន្តបង្ក។
ចំពោះករណីទី១ឥឡូវនេះហាក់ស្ងប់ក្រោយសមត្ថកិច្ចពន្យល់និងបកស្រាយហើយមានការសូមទោសពីជនដែលសារភាពទទួលខុសត្រូវ ក៏ដូចជាដោះស្រាយបញ្ហាសំណងផ្សេងៗ ប៉ុន្តែករណីទី២កំពុងក្តៅគគុក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះសមត្ថកិច្ចបានកំពុងតែធ្វើការ ដោយជនសង្ស័យត្រូវបានកោះហៅឲ្យចូលបំភ្លឺហើយ។
ករណីដ៏ក្តៅគគុកនេះ មហាជនកាន់តែចាប់អារម្មណ៍នៅពេលដែលជនសង្ស័យ ត្រូវបានគេដឹងថាជាកូនចៅមន្ត្រីមានបុណ្យស័ក្តិមានតួនាទីនៅក្នុងសង្គម។
ពាក់ព័ន្ធនឹងករណីនេះមានការវិភាគស៊ីជម្រៅជាច្រើនទៀតដែលទាក់ទងនឹងអំពើអយុត្តិធម៌នៅក្នុងប្រទេស ហើយក្នុងនោះក៏មានការផ្សារភ្ជាប់វាយតម្លៃអ្វីដែលកើតឡើងទៅនឹងសង្គមនិងឥរិយាបទ យុវជនទំនើង ក្នុងសង្គមដែលអាចប៉ះពាល់ជារួមដល់យុវជនផ្សេងៗទៀត។
ជាការពិតករណីគ្រោះថ្នាក់តែ២ ករណីមិនអាចផ្សាភ្ជាប់ទៅនឹងឥរិយាបទសង្គមជាពិសេសក្រុមយុវវ័យ ជារួមបានទេ។ នៅក្នុងសង្គមនេះមានយុវជននិងយុវនារីដែលគេមានការអប់រំខ្ពស់មាន ឥរិយាបទថ្នៃថ្នូរ និង មានការទទួលខុសត្រូវជាច្រើនដែរនៅក្នុងសង្គម។
សរុបមកវិញសូមកុំយកករណីមួយឬពីរទៅទៅលាបពណ៌វាយប្រហារសង្គមទាំងមូល ឥរិយាបទនិងការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗវាខុសគ្នាទៅតាមការអប់រំទូន្មានប្រៀនប្រដៅ។ ជាការពិតរឥរិយាបទយុវជនកូនត្រកូលអ្នកមានកិត្តិយសមានអំណាចតិចទេដែលមានចរិកនិងឥរិយាបទបែបនោះ ប៉ុន្តែមិនទាំងអស់ឡើយ ។ សូមកុំយកករណីមួយទៅផ្សារភ្ជាប់នឹងសង្គមធំដ៏ធំទូលាយនៃយើងទាំងអស់គ្នា។ នៅពេលដែលមានករណីមួយកើតមានឡើងសូមនាំគ្នាប្រើប្រាស់ច្បាប់កុំប្រើប្រាស់លុយ អំណាចឥទ្ធិពល ដោះស្រាយ។ គ្រប់គ្នាមានសិទ្ធិស្មើភាពគ្នាដោយមានច្បាប់ជាបង្អែក នរណាក៏ដោយគឺស្ថិតនៅក្រោមច្បាប់ទាំងអស់៕