សង្ឃឹមថា ផលិតផលក្លែងក្លាយនិងគ្រោះថ្នាក់ចំពោះពលរដ្ឋនឹងកាត់បន្ថយ !

ក្តីបារម្ភនិងកង្វល់អំពីគ្រោះថ្នាក់និងហានិភ័យផ្សេងៗបណ្តាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយនិងផលិតផលមិនមានគុណភាពសមស្របនៅតែមាន ប៉ុន្តែយើងខ្ញុំសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់ពង្រឹងកិច្ចការនេះ។
មកដល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋពិតជាពិបាកវិនិច្ឆ័យបំផុតលើផលិតផលក្លែងក្លាយនិងផលិតផលដែលមានគុណភាពមិនគ្រប់តាមស្តង់ដា ដូច្នេះពលរដ្ឋមានតែពឹងផ្អែកលើសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដែលមានដូចជា ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ជាដើម ។ ស្ថាប័នទាំងនេះនៅមានភ្នាក់ងារនិងអង្គភាពចំណុះផ្សេងៗទៀត នៅក្នុងការពង្រឹងកិច្ចការនេះ ប៉ុន្តែទាល់តែ ទាំងអស់យកចិត្តទុកដាក់លើការងារនេះ។
ក្តីបារម្ភរបស់ពលរដ្ឋគឺគ្រប់យ៉ាង ដែលមានតាំងពីគ្រឿងកំប៉ុង នំចំណី ភេសជ្ជៈ ផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ... ដូច្នេះនៅពេលដែលពលរដ្ឋបានទទួលព័ត៌មានអំពីការបង្រ្កាបរបស់ខូចគុណភាពក្តី របស់មានគ្រោះថ្នាក់ដល់សុខភាពក្តីគឺមានការយកចិត្តទុកដាក់ណាស់។
ជាក់ស្តែងចំពោះជំនួបរវាងមន្រ្តីក្រសួងសុខាភិបាល និង ខាងកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម កាលពីថ្ងៃទី ១០ខែកញ្ញា ក៏ពលរដ្ឋមានទំនុកចិត្តផងដែរ។
តាមរយៈជំនួបនេះលើផលិតផលមួយចំនួនដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដែលមានដូចជា ផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ យើងខ្ញុំសង្ឃឹមថា នឹងអាចធានាបានសុវត្ថិភាពនិងភាពកក់ក្តៅជូនពលរដ្ឋ។
យើងខ្ញុំរំពឹងថាអ្នកជំនាញរវាងក្រសួងសុខាភិបាល និង គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នឹងពង្រឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ពិតប្រាកដ។
បន្ទាប់ពីក្រសួងសុខាភិបាលនេះទៅ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នឹងបន្តកិច្ចការនេះជាមួយនឹងស្ថាប័ននានា បន្ថែមទៀត។
សរុបទៅក្រោយជំនួបនិងទទួលភ្លើងខៀវនេះហើយពលរដ្ឋកម្ពុជានឹងអាចកាត់បន្ថយហានិភ័យដោយការគំរាមកំហែងដោយផលិតផលក្លែងក្លាយនិងក្លែងបន្លំគុណភាពបន្តិចម្តងៗរហូតដល់សង្គមមានសុវត្ថិភាព ។ សូមអស់លោក/លោកស្រីទាំងអស់ធ្វើកិច្ចការនេះដោយមនៈសិកានិងការទទួលខុសត្រូវខ្ពស់ ហើយយកផលប្រយោជន៍ជាតិនិងប្រជាជនជាមូលដ្ឋានចំបង៕
Daily Program
