សង្ឃឹមថា តម្លៃស្រូវនឹងមិនចុះថោកជាងនេះបន្តទៀត!​

តម្លៃស្រូវសើមដែលកសិករប្រមូលផលហើយត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រកាសថ្មីៗនេះឃើញថា មានការធ្លាក់ថ្លៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសង្ឃឹមថា ផ្នែកពាក់ព័ន្ធនឹងរួបរួមគ្នារកវិធានការដើម្បី កុំអោយស្រូវបន្តធ្លាក់ថែមទៀត។

តម្លៃស្រូវសើមដែលកសិករលក់នៅពេលប្រមូលផលកាលពីឆ្នាំទៅគឺមានតម្លៃប្រមាណជា ១០០០ រៀលនៅក្នុងមួយគីឡូក្រាម ប៉ុន្តែកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥ គឺនៅកន្លែងខ្លះបានធ្លាក់ចុះដល់កម្រិត ៦៩០ រៀលនៅក្នុងមូយគីឡូក្រាម។​

តម្លៃស្រូវសើមដែលស្រុតតម្លៃចុះនោះ ត្រូវបានគេដឹងថា គឺជាប្រភេទស្រូវពូជ អូអឹម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្រាប់ស្រូវសែនក្រអូបដែលជាប្រភេទស្រូវផ្តល់អង្ករប្រណីតសម្រាប់នាំចេញនោះ គឺនៅតែមានតម្លៃចាប់ពី​១០០០ទៅ១០៤០​រៀលឡើងនៅក្នុងមួយគីឡូក្រាមនៅឡើយ។​

តាមប្រភពដដែលតម្លៃស្រូវដែលកសិកលក់បានថោកជាងគេនោះគឺនៅម្តុំស្រុកមង្គលបុរី និង ភ្នំស្រុកនៅក្នុងខេត្តបន្ទាយមានជ័យ រីឯនៅតំបន់កណ្តាលៗ​ហើយនិងបណ្តាខេត្តដែលជាប់ព្រំដែន វៀតណាមវាចុះថោក ប៉ុន្តែមិនថោកដល់នៅបន្ទាយមានជ័យដែលនៅជាប់នឹងថៃនោះទេ។

តម្លៃស្រូវសើមនៅខេត្តផ្សេងៗក្រៅពីបន្ទាយមានជ័យចេញគឺកសិករអាចលក់បាននៅក្នុងមួយគីឡូក្រាមតម្លៃ ៧០០ ដល់៧៨០ រៀលនៅក្នុងមួយគីឡូ។

ផ្អែកតាមស្ថានភាពនេះ យើងខ្ញុំសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់លើបញ្ហានេះដើម្បីពន្យល់កសិករ ហើយក៏ដើម្បីរកមធ្យោបាយជួយកសិករ ពីព្រោះតាមទំនោរនិងតាមខ្យល់ក៏ដូចជានិន្នាការនៃផលិតកម្មស្រូវនៅលើពិភពលោក តម្លៃស្រូវគឺទំនងជាមិនអាចរក្សាតម្លៃបានល្អដូចជាកាលពីឆ្នាំទៅបន្តទៀតបានឡើយ។

ទិន្នផលស្រូវនៅលើពិភពលោកគឺបង្ហាញថា មានកំណើន ហើយនៅពេលដែលគេមានកំណើនតម្រូវការ និងការផ្គត់ផ្គង់ក៏មានបញ្ហាដែរ ដូច្នេះតម្លៃក៏វានឹងអាចទៅតាមនោះដែរ ប៉ុន្តែប្រសិនបើមានដំណោះស្រាយ ជាការស្តុកទុក ឫក៏ដំណោះស្រាយសមស្របតាមជំនាញកសិកម្ម និងទីផ្សារស្រូវអង្ក​ដែលមានប្រសិទ្ធភាព ផ្សេងទៀតអាចជួយកសិករបានគួរតែប្រញាប់សិក្សានិងដាក់ចេញ។​

នៅក្នុងស្ថានភាពនេះយើងខ្ញុំគិតថា ភាគីពាក់ព័ន្ធនឹងយល់ ហើយស្តាប់ហេតុផលទាំងអស់គ្នាហើយអាចរកបាននូវដំណោះស្រាយមួយដែលឈ្នះហើយនិងឈ្នះ។​

យោគយល់មានហេតុមានផលគឺជារឿងសំខាន់បំផុតនៅក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ ពីព្រោះរឿងបញ្ហាតម្លៃស្រូវ/អង្ករនេះគឺជាបញ្ហាមួយជ្រុងទេ កម្ពជានៅមានកិច្ចការជាតិជាច្រើនដែលត្រូវធ្វើនៅក្នុងអំឡុងពេលនេះដោយរួមទាំងបញ្ហាស្វែងរកសន្តិភាពនៅព្រំដែនជាមួយនឹងប្រទេសថៃផងដែរ៕

 

Daily Program

Livesteam thumbnail