សង្ឃឹមថា ចិននឹងជាប់មាត់នឹងរស់ជាតិទុរេនខ្មែរ!

ទុរេនខ្មែរត្រូវបានបន្តដឹកចេញទៅកាន់ទីផ្សារចិនបន្ថែមទៀតហើយដោយការនាំចេះកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ត្រូវបានក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា គឺបានដឹកចេញសុទ្ធតែតាមយន្ត ហោះតែម្តង។
ដំណើរការដឹកជញ្ជូនទុរេនខ្មែរទៅកាន់ប្រទេសចិននេះអាចថា ជាផលិតផលទុរេនខ្មែដំបូងៗដែលបានដឹកចេញទៅកាន់ប្រទេសចិន ក្រោយពេលដែលអាជ្ញាធរចិនបានយល់ព្រមទទួលយកទុរេនរបស់ខ្មែរ យកទៅចូលទីផ្សាររបស់ខ្លួន។
ទុរេនលើកនេះត្រូវបានគេដឹងថា ជាប្រភេទទុរេនស្រស់ដែលមានបរិមាណសរុប ២តោន ហើយគោលដៅនោះគឺទៅកាន់ខេត្តហេណាន ដែលជាខេត្តមួយស្ថិតនៅភាគកណ្តាលនៃប្រទេសចិនតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា Air Cambodia ដែលជាដំណើរការដឹកជញ្ជូនទុរេនដំបូងបំផុតតាមយន្តហោះទៅកាន់ទីផ្សារទុរេនដ៏ធំបំផុតនៅលើពិភពលោក ។
នេះមិនមែនជាទុរេនដំបូងដែលកម្ពុជានាំចេញទៅកាន់ទីផ្សារចិននោះទេ ដោយកាលពីខែកក្កដា កន្លងទៅ កម្ពុជាបាននាំចេញទុរេសនស្រស់ប្រមានជា ១៧ តោនម្តងរួចមកហើយទៅកាន់ទីផ្សារចិន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបរិមាណនាំចេញទុរេនកម្ពុជាគឺមិនអាចច្រើនបានទេ ដោយសារតែមកដល់ពេលនេះផ្ទៃដីដាំដុះទុរេនកម្ពុជានៅមានកំណត់នៅឡើយ។
មកដល់ពេលនេះកម្ពុជាគឺទើបតែអាចដាំដើមទុរេនលើផ្ទៃដីជាង ១១.០០០ ហិកតា ហើយអាចផ្តល់ផលបានត្រឹមតែ ១២ ម៉ឺនតោនប៉ុណ្ណោះ ដោយភាគច្រើនគឺផ្គត់ផ្គង់ត្រឹមតែទីផ្សារនៅក្នុងស្រុកទេ ។
ទុរេនស្រស់ត្រូវបានគេដឹងថា បានក្លាយជាផលិតផលកសិកម្មទី៩ហើយដែលកម្ពុជាអាច ទទួលបាននូវការអនុញ្ញាតិនាំចេញទៅកាន់ទីផ្សារចិនដែលមានប្រជាពលរដ្ឋសរុប ១,៤ ពាន់លាននាក់ ។ ផលិតផលដែលចិនអនុញ្ញាតិនាំចូលពីកម្ពុជាមាន ដូចជា អង្ករ កន្ទក់ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ដូង និងម្រេច។
សរុបទៅជាមួយនឹងកសិផលដែលប្រមូលផលដោយធម្មជាតិយើងសង្ឃឹមថា ទុរេនកម្ពុជានឹងកាន់តែមានទីផ្សារនៅប្រទេសចិន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សូមរិះគិតអំពីតម្រូវការទីផ្សារនៅក្នុងស្រុកខ្លះផងដែរ ។ ពីព្រោះទុរេនគឺជាផលិតផលដែលមានតម្លៃថ្លៃ ហើយពលរដ្ឋកម្ពុជាភាគច្រើនគឺមានចំណង់ចំណូលចិត្តនឹងផ្លែឈើនេះខ្ពស់៕
Daily Program
