មានពិរុទ្ធពីព្រោះតែសប្បាយខុសតម្រា !

ក្មេងទំនើង៩រូបដែលមានវ័យពី១៦ ដល់១៨ ឆ្នាំ ត្រូវសមត្ថកិច្ចក្របួចឲ្យទទួលខុសត្រូវករណីបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារតែវាយកំទេចរថយន្តគេ។

រឿងរ៉ាងអំពើហិង្សាខុសតម្រានេះ ត្រូវបានគេដឹងថា បានកើតមានឡើងផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៧និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦​ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្រៅពីក្មេងទំនើងមួយក្រុមនេះ សមត្ថកិច្ចទំនងជានឹងបន្តស្រាវជ្រាវវែកមុខអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានបង្កអំពើហិង្សាខាងលើ បណ្តាលឲ្យរថយន្ត ម៉ាកអាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ រងការខូចខាតយ៉ាងដំណំ។

ករណីហិង្សានេះគឺជាករណីដែលមិនគួរកើតឡើងបង្កឡើងដោយទំនាស់បន្តិចបន្តួច ហើយស្រែកថាបុករះ រហូតដល់មានការជិះម៉ូតូ រត់តាមវាយទាត់ធាក់គប់សុទ្ធតែដុំថ្មមកលើរថយន្តខាងលើ។ ក្រៅពីពួកគេទាំង៩នាក់នេះ អាចនៅមានអ្នកដែលប្រឡូកនៅក្នុងករណីនេះជាច្រើននាក់ ហើយកាមេរ៉ាសុវត្ថិភាពបានបង្ហាញ​មុខមាត់យ៉ាងច្បាស់លាស់ និងថតសកម្មភាពហិង្សានោះយ៉ាងជាក់ស្តែង។

នៅក្នុងចំណោមអ្នកដែលពាក់ព័ន្ធ ក៏អាចមានអ្នកខ្លះអត់ដឹងរឿងអីតាំងពីដើមសោះដល់ពេលឮគេស្រែក ឮគេចោទក៏បង្កសកម្មភាពហិង្សានឹងគេដែរ។ អ្នកទាំងនោះនៅពេលនេះបានកំពុងតែភ័យខ្លួន ពីព្រោះតែសកម្មភាពឆេវឆាវនិងធ្វើតាមគ្នា។

នៅពេលដែលកើតរឿងនេះមើលទៅសប្បាយស្រែកហ៊ោកញ្ជ្រៀវ ហើយធ្វើសកម្មភាពយ៉ាងក្លៀវក្លា សូម្បីតែខ្លួនមិនដឹងរឿងអីសោះនោះក៏អ្នកខ្លះចូលរួមផងដែរ ដែលនេះគឺជាសកម្មភាពដែលមិនគួរកើតមានឡើងឡើយ។

បងប្អូនក្មួយៗនៅពេលដែលបានជួបប្រទះនូវរឿងរ៉ាវនានា បើមិនដឹងរឿងឫមិនដឹកក្បាលកន្ទុយអីទេនោះ គឺកុំពាក់ព័ន្ធ។ ហើយអ្នកដែលពាក់ព័ន្ធប្រសិនបើមានរឿងវិវាទនឹងគ្នា សូមកុំប្រើប្រាស់ហិង្សា គួរតែប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយ។

នៅក្នុងករណីបងប្អូនកូនក្មួយប្រពឹត្តិដូចជាករណីខាងលើនេះ ប្អូនៗនិងកូនក្មួយអាចនឹងខូចអនាគត ដោយសារតែសកម្មភាពផ្តេសផ្តាសក្រៅតម្រាបែបខាងលើ។

សរុបទៅសូមកុំប្រតិបត្តិនិងធ្វើសកម្មភាពលើរឿងដែលមិនដឹងសាវតាឫដើមហេតុពិតប្រាកដ បើមិនដូច្នេះទេ វារងាហើយអាចនឹងត្រូវមានពិរុទ្ធផ្នែកច្បាប់ថែមទៀតផង។ នៅពេលដែលជួបប្រទះរឿងរ៉ាវនានា កើតមានឡើងសូមកុំទម្លាប់ប្រើប្រាស់ហិង្សា។ សូមរៀនប្រើប្រាស់ច្បាប់ ប្រើប្រាស់ភាពថ្លៃថ្នូរ និង ភាពត្រឹមត្រូវ ដោះស្រាយបញ្ហា៕

 

Daily Program

Livesteam thumbnail