ភ្ញៀវទេសចរបរទេសមកលេងយើងមិនទាន់កម្រើកឡើងនៅឡើយទេ អត់ធ្មត់បន្តទៀត!

ស្ថិតិនៃភ្ញៀវទេសចរបរទេសដែលបានមកលេងកម្សាន្ត ពោលគឺធ្វើដំណើរទេសចរណ៍កម្សាន្តនៅកម្ពុជា មកដល់៧ខែដើមឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ត្រូវបានក្រសួងទេសចរណ៍បានប្រកាសដោយត្រង់ៗថា នៅបន្តធ្លាក់ចុះ បើធៀបនឹងភ្ញៀវទេសចរបរទេសដែលមកលេងនៅកម្ពុជាកាលពី៧ខែ ឆ្នាំ២០២៥។

នៅក្នុងស្ថានភាពនេះ ចូរប្រឹងប្រែងបន្តទៀត ពីព្រោះស្ថានភាពប្រទេសយើងនៅតែមានអរិភាពព្រំដែន ហើយស្ថានភាពនៅលើពិភពលោកក៏នៅមន្ទិល បូកផ្សំនឹងការផ្សព្វផ្សាយលាបពណ៌ថា កម្ពុជាគឺជាប្រទេសដែលប្រឡូកប្រឡាក់នឹងឧក្រិដ្ឋកម្មស្កេមអនឡាញ។

នៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍បានប្រកាសជាចំហរនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រទេសកម្ពុជាយើងទើបតែទទួលបានភ្ញៀវទេសចរអន្តរជាតិ១,៩៩លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណជា៤៦ភាគរយ។ ប្រភពដដែលបានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិទាំងនោះមានចិន វៀតណាម សហរដ្ឋអាមេរិក អង់គ្លេស បារាំង ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ជាដើម ដូច្នេះសូមបន្តជួយគ្នាបន្ថែមទៀត ។

ជាការពិតមកដល់ពេលនេះយើងទាំងអស់គ្នាបានកំពុងតែខិតខំធ្វើអ្វីៗគ្រប់យ៉ាងយ៉ាងផុលផុស ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរបរទេសវិលត្រឡប់មកធ្វើដំណើរទេសចរណ៍នៅកម្ពុជាដូចពីមុនវិញ។ នៅក្នុងស្ថានភាពបែបនេះ យើងគួរតែបន្តអត់ធ្មត់ ហើយប្រឹងប្រែងលុបបំបាត់អ្វីដែលអសកម្ម ។ គ្រប់គ្នាគួរតែមានភារកិច្ចជួយគ្នាមួយដៃមួយជើងបន្ថែមមួយកម្រិតទៅមុខទៀត។ សូមកុំអាល់អស់សង្ឃឹម ស្របពេលដែលពេលនេះ អន្តរជាតិក៏បានកំពុងតែដឹងនិងជ្រាបនូវស្ថានភាពពិតដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជាហើយ។

សូមអត់ធ្មត់ ហើយនៅក្នុងស្ថានភាពនេះ សូមភ្ញៀវទេសចរនៅក្នុងស្រុកជួយគាំទ្រសេវាកម្មភ្ញៀវទេសចរណ៍មូលដ្ឋាន សហគមន៍ និងផលិតផលនៃវិស័យទេសចរណ៍នៅក្នុងស្រុក។ មកដល់ពេលនេះយើងបានកំពុងតែប្រឹងប្រែង ហើយនៅថ្ងៃសៅរ៍អាទិត្យ អ្នកទេសចរនៅក្នុងស្រុកបានកំពុងតែនាំគ្នាជួយគាំទ្រផលិតផលនិងសេវាកម្មនៅក្នុងស្រុកជាបន្តបន្ទាប់។

ផ្អែកតាមស្ថិតិ ភ្ញៀវទេសចរកម្ពុជាទៅលេងនៅក្រៅប្រទេសក៏ធ្លាក់ចុះដែរ ដោយនៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៦ដដែល គឺមានពលរដ្ឋដើរលេងត្រឹមតែជាង៦៣ម៉ឺននាក់ ធ្លាក់ចុះជាង៣០ភាគរយ។

សរុបទៅ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៦ គឺជាសញ្ញាមួយដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបន្តថែមទៀត។ ទោះបីស្ថានភាពនៅមិនទាន់អំណោយផលក៏ដោយ ក៏យើងមិនគួរបាក់ទឹកចិត្ត ឬមើលរំលងសក្តានុពលដ៏ធំធេងរបស់វិស័យទេសចរណ៍កម្ពុជាឡើយ។ អ្វីដែលសំខាន់នៅពេលនេះ គឺការបន្តពង្រឹងសុវត្ថិភាព អនាម័យ គុណភាពសេវាកម្ម សណ្តាប់ធ្នាប់ និងភាពទាក់ទាញនៃគោលដៅទេសចរណ៍ ព្រមទាំងបង្កើនការផ្សព្វផ្សាយការពិតអំពីកម្ពុជា ដើម្បីស្តារទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ។ ជាមួយគ្នានេះ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរក្នុងការធ្វើដំណើរកម្សាន្តក្នុងស្រុក និងការគាំទ្រអាជីវកម្ម សហគមន៍ ផលិតផល និងសេវាកម្មទេសចរណ៍ក្នុងស្រុក ក៏ជាកម្លាំងដ៏សំខាន់សម្រាប់ជួយរក្សាចលនាសេដ្ឋកិច្ច និងជួយអ្នកប្រកបរបរក្នុងវិស័យនេះឱ្យអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះបាន។

 

Daily Program

Livesteam thumbnail
khmer popup image