ពលរដ្ឋល្អគួរតែត្រូវគោរពច្បាប់! មិនមែនគោរពសមត្ថកិច្ចប៉ូលីសនោះទេ

ទោះសមត្ថកិច្ចចុះត្រួតពិនិត្យឫមិនត្រួតពិនិត្យយើងជាប្រជាពលរដ្ឋចាំបាច់ត្រូវតែគោរពច្បាប់ទាំងអស់គ្នា មិនមែនគោរពសមត្ថកិច្ចប៉ូលីសឡើយ។

ច្បាប់គឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ហើយគ្រប់គ្នាត្រូវតែគោរពច្បាប់ទោះជាស្ថាប័នណាមួយក៏ដោយ សូម្បីតែថ្នាក់ដឹកនាំ និង សមត្ថកិច្ច ប៉ុន្តែជាទូទៅនៅស្រុកយើង ប្រជាពលរដ្ឋមួយចំនួននៅតែយល់ច្រឡំ ហើយច្រើនមើលស្រាលច្បាប់ ប៉ុន្តែបែរជានាំគ្នាទៅគោរពបុគ្គលទៅវិញ។

កាលណាឯកសារមួយត្រូវបានអនុម័តដោយរដ្ឋសភា និង ដោយព្រឹទ្ធសភា ហើយព្រះមហាក្សត្រឡាយព្រះហស្ថលេខាហើយនោះវានឹងក្លាយជាច្បាប់ ដែលគ្រប់គ្នាត្រូវតែគោរព ប៉ុន្តែនៅកម្ពុជាយើងមិនដូច្នេះទេ គឺមួយចំនួននៅតែគោរពបុគ្គលដែលអង្កុយនៅលើច្បាប់។

ជាក់ស្តែងដូចជាករណីច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ! ប្រសិនបើយើងសង្កេតមើលទៅតាមទិដ្ឋភាពជាក់ស្តែងគឺពលរដ្ឋមួយចំនួនគោរពសមត្ថកិច្ចជាង ទាំងដែលគេដឹងថា សមត្ថកិច្ចក៏ត្រូវតែស្ថិតនៅក្រោមច្បាប់ ហើយតម្រូវឲ្យសមត្ថកិច្ចគោរពច្បាប់ផងដែរ។

មកដល់ពេលនេះគ្មាននរណាអង្គុយនៅលើច្បាប់បានឡើយ ហើយគ្រប់សមាសភាពសង្គមក៏តម្រូវឲ្យមាន ច្បាប់ផងដែរ ដូច្នេះយើងចាំបាច់ត្រូវតែគោរពច្បាប់។

ករណីចរាចរណ៍ក៏ដូចគ្នា ពលរដ្ឋមួយចំនួន ហាក់មិនសូវយកចិត្តទុកដាក់ច្បាប់ឡើយ ហើយអ្វីដែលពួកគេកំពុងតែយកចិត្តទុកដាក់គឺសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនេះឯង។ រវាងច្បាប់និងសមត្ថកិច្ចនៅលើទ្រូង ផ្លូវពលរដ្ឋមួយចំនួនគឺគោរពហើយខ្លាចបុគ្គលជាសមត្ថកិច្ចជាងគោរពច្បាប់ ដូច្នេះហើយបានជានៅពេលដែលមិនមានសមត្ថកិច្ចត្រួតពិនិត្យ គឺអ្នកបើកបរខ្លះចាប់ក៏ចាប់ផ្តើមរយីករយាគលើផ្នែកច្បាប់នេះ។​

អ្នកបើកបរមួយចំនួននៅរាជធានីភ្នំពេញ ពួកគេគោរពភ្លើងបញ្ជានិងគំនូសចរាចរណ៍ តែនៅពេលដែលសមត្ថកិច្ចមានវត្តមាន តែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងករណីសមត្ថកិច្ចមិននៅទីតាំងនោះ សកម្មភាពរំលោភគឺឃើញជាបន្តបន្ទាប់ ដែលយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់។

សូមពង្រឹងការគោរពច្បាប់ចរាចរណ៍ ហើយនៅពេលនេះទោះបីជាលោកឧបនាយក់រដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការ ផ្អាកការត្រួតពិនិត្យនិងផាកពិន័យចរាចរណ៍ ខណៈដែលពលរដ្ឋកំពុងតែប្រឈមមុខនឹងវិបត្តិប្រេងដោយសារតែសង្រ្គាមនៅមជ្ឈឹមបូព៌ា។

សរុបទៅច្បាប់ចរាចរណ៍និងឯកសារគតិយុទ្ធនានាដែលដាក់ចេញហើយយើងត្រូវតែគោរព ទោះជាសមត្ថកិច្ចត្រួតពិនិត្យក៏ដោយក៏យើងត្រូវតែគោរព។ ប្រសិនបើយើងម្នាក់ៗមិនគោរពទេនោះ វាគ្រោះថ្នាក់ចំពោះខ្លួនយើងហើយក៏អាចនឹងក្លាយជាបញ្ហារសណ្តាប់ធ្នាប់សង្គមផងដែរ​៕ ​

 

Daily Program

Livesteam thumbnail