ផលិតករនៅក្នុងស្រុកគួរតែប្រឹង ហើយអ្នកប្រើប្រាស់គួរតែលើកទឹកចិត្ត ឈ្មួញគួរភ្ញាក់រលឹក

មួយរយៈនេះ​នៅលើបណ្តាញសង្គមឃើញមានការផ្សព្វផ្សាយច្រើននូវផលិតផលនៅក្នុងស្រុក ក្រោយពេលដែលកម្ពុជានិងថៃមានទំនាស់ព្រំដែនជាមួយនឹងគ្នា ហើយស្ថានភាពនៅតែ​កំពុង​តានតឹងនៅឡើយ។​

ផលិតផលខ្មែរដែលបានផ្សព្វផ្សាយនៅពេលនេះគឺមានជាច្រើនមុខដែរ គឺមានតាំងពីម៉ាស៊ីនបិទស្ទិកឃ័រលើផលិតផល ដែលពីមុនគឺភាគច្រើនគឺយើងផលិតនាំចូលពីស្រុកគេមកប្រើប្រាស់នៅក្នុងស្រុក មានផលិតផលសាប៊ូនៅ មានផលិតផលអាហារកែច្នៃ មានផលិតផលជាគ្រឿងផ្សំប្រើប្រាស់នៅក្នុងផ្ទះបាយ ជាដើម។ល។

តាមការផ្សព្វផ្សាយនោះ គឺឃើញថា ផលិតផលនៅក្នុងស្រុកមានច្រើនមែន ប៉ុន្តែនៅពេលដែលយើងចូលទៅតាមផ្សារទំនើប និង​តាមទីផ្សារ ជាទូទៅគឺពិបាករក​ទិញយកមកប្រើប្រាស់ នោះគឺអាចដោយសារតែបរិមាណនិងគុណភាព​ផលិតនៅមានកម្រិត​ក៏ថាបាន។

មកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាជាទូទៅបានបង្ហាញនូវនិន្នាការ នៅក្នុងការគាំទ្រ ផលិតផលនៅក្នុងស្រុក ​ទោះបីជាផលិតដែលផលិតនៅក្នុងស្រុកមានតម្លៃថ្លៃបន្តិចក៏ដោយ ក៏នៅតែស្ម័គ្រចិត្ត ប៉ុន្តែសំខាន់វាពិបាកស្វែងរក។

នៅពេលដែលចូលទៅក្នុងផ្សារទំនើបគឺមានផលិតផលជាច្រើនដែលសរសេរជាភាសាជាតិ ពោលគឺភាសាខ្មែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រភពពិតនៃផលិតផលទាំងនោះមិនមែនជាផលិតផល​កម្ពុជា​នោះទេ។​

ប្រការនេះហើយដែលយើងត្រូវតែស្មោះត្រង់ ជាពិសេសគឺក្រុមឈ្មួញ ដែលរកស៊ីនានា គួរតែស្មោះត្រង់ហើយមិនគួរនាំចូលផលិតផលបន្លែបន្លំឬក្លែងក្លាយអត្តសញ្ញាណ យកមកបំពេញទីផ្សារនោះទេ។ អ្វីដែលបងប្អូនគួរតែធ្វើ គឺគួរតែស្វះស្វែងរក​ប្រភពផលិតកម្មផ្គត់ផ្គង់នៅក្នុងស្រុក ហើយសហការគ្នាជាមួយនឹងផលិតករពង្រឹងនិងពង្រីកផលិតកម្ម ហើយឈានទៅកែលំអរគុណភាព ដើម្បីធ្វើយ៉ាងណាលើកកំពស់ចលនានិងចលករជំរុញ​ផលិតកម្មផលិតកែច្នៃនៅក្នុងស្រុក។​

កម្ពុជានៅពេលនេះសំបូរវត្ថុធាតុដើមជាច្រើន ប៉ុន្តែខ្វះការកែច្នៃ ហើយវត្ថុធាតុដើមជាច្រើនត្រូវហូរចេញទៅក្រៅប្រទេស។ ពេលខ្លះវត្ថុធាតុដើមខ្លះ ដោយសារតែខ្វះការកែច្នៃ កសិករក៏លែងបង្កបង្កើនផល ... ជាដើម ប៉ុន្តែប្រសិនបើយើងកែច្នៃ ជំរុញផលិតកម្ម មានផែនការច្បាស់លាស់ នោះយើងគិតថា វានឹងបង្កើតនូវស្ថានភាពមួយល្អទាំងអស់គ្នា។​

សរុបទៅយើងទាំងអស់គ្នាគួរតែខិតខំទាំងអស់គ្នា ដើម្បីយើងអាចទទួលបាននិងមានឱកាសប្រើប្រាស់ផលិតផលនៅក្នុងស្រុកដែលមានគុណភាព គុណតម្លៃ សោភ័ណ្ឌភាព និង មាននិរន្តរភាពទីផ្សារពិតប្រាកដ ហើយសង្ឃឹមថា ស្មារតីនេះនឹងបន្តជានិច្ចកុំបានតែមួយឆាវ​ ស្រាប់តែស្ថានភាពអំណោយផល ទំនិញគេធ្វើកម្មវិធីផ្សព្វផ្សាយបញ្ចុះតម្លៃអីនាំគ្នាបំភ្លេចផលិតផលនៅក្នុងស្រុកទៅត្រឡប់រកស្ថានភាពចាស់វិញ៕​

 

 

 

Daily Program

Livesteam thumbnail