បើសន្តិភាពនៅតែផុយស្រួយ! យើងទាំងអស់គ្នាសូមកុំបន្ថយដៃរឿងយុទ្ធនាការផ្សេងៗ

ការប៉ះទង្គិច៥ថ្ងៃដែលបង្ហូរឈាម ថ្វីត្បិតតែបានផ្អាកក៏ពិតមែន ប៉ុន្តែវានៅតែផុយស្រួយហើយភាគីថៃនៅតែបន្តចោទប្រកាន់មកកម្ពុជាជាបន្តបន្ទាប់ ដូច្នេះបងប្អូនកងកម្លាំងចាំបាច់ត្រូវតែត្រៀមខ្លួនជានិច្ចមិនត្រូវប្រហែស ហើយអ្នកនៅខាងក្រោយក៏កុំបន្ធូរដៃ។
អ្នកនៅជួរមុខប្រសិនបើគ្មានការគាំទ្រពីអ្នកនៅខាងក្រោយពិតប្រាកដនិងមានការប្តេជ្ញាចិត្តខ្ពស់ទេនោះ ពួកគេក៏ពិបាកផងដែរ ដូច្នេះយើងទាំងអស់គ្នានៅខាងជួរក្រោយគួរតែបន្តលើកកំពស់ការចូលរួម ឲ្យកាន់តែស្វាហាប់តាមលទ្ធភាពតាមការស្ម័គ្រចិត្ត។
ការជួយនិងការគាំទ្រនេះ គឺមិនមែនតែម្តងទេ គួរតែធ្វើជាបន្តបន្ទាប់កុំអោយដាច់ដរាបណាបញ្ហាវានៅតែគ្មានអ្វីជាការធានាច្បាស់លាស់ ហើយប្រក្រតីភាពនៃសង្គមរបស់យើងនៅព្រំដែននៅមិនទាន់បានស្តារឡើងវិញដូចជាកាលពីដើមខែមិថុនាទេនោះ។
សកម្មភាពរបស់បងប្អូនយើងនៅខាងក្រោយអាចមានជាការឧបត្ថម្ភជាថវិកា ជាស្បៀងអាហារក្រៀមៗ ជាទឹក ដែលងាយៗដើម្បីបងប្អូនយោធិនយើងនៅសមរភូមិអាចនឹងងាយស្រួលទទួលទាន នៅក្នុងករណីមានការគំរាមកំហែងនិងរំលោភបំពានជាថ្មី ។ បងប្អូនក៏អាចជួយជាថ្នាំសង្កូវខ្លះៗ ពីព្រោះបងប្អូនយោធិនយើងនៅជួរមុខពេលខ្លះគឺត្រូវប្រចាំការនៅក្រោមកំដៅថ្ងៃ ទឹកភ្លៀង ខ្យល់ត្រជាក់ ងាយនឹង រងហានិភ័យសុខភាព។ ក្រៅពីនោះបងប្អូនក៏អាចជួយជាសំភារៈចាំបាច់នៅក្នុងការពារ អាកាសធាតុ របស់ដែលបងប្អូនយោធិនងាយស្រួលយកតាមខ្លួននិងមានភាពចាំបាច់សម្រាប់ប្រើប្រាស់ នៅពេលជាប់ដៃនៅសមភូមិផ្សេងៗ ។
នៅពេលនេះបញ្ហាតានតឹងនៅព្រំដែនដែលបានវិវត្តទៅជាការប៉ះទង្គិច ហើយប្រើប្រាស់សព្វាវុធដ៏សាហាវៗ តាំងពីយន្តហោះទម្លាក់គ្រាប់បែក ការប្រើប្រាស់អាវុធគីមី គ្រាប់បែកចង្កោមគឺបានឈានដល់បទឈប់បាញ់មែន តែស្ថានភាពមកដល់ពេលនេះគឺនៅតែមន្ទិលនៅឡើយដែលចាំបាច់យើងត្រូវតែបន្តយកចិត្តទុកដាក់បន្ថែមទៀត ។
បងប្អូននៅជួរមុខត្រូវតែប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវស្តាប់បទបញ្ជាពីថ្នាក់លើ ហើយប្រតិបត្តិតួនាទីនិងភារកិច្ចឲ្យច្បាស់លាស់។ បងប្អូនកុំភ្លេចខ្លួន ពីព្រោះពេលនេះភាពស្ងប់ស្ងាត់ដែល កើតពីបទឈប់បាញ់គឺផុយស្រួយណាស់ ហើយនៅពេលនេះទាំងនយោបាយនិងយោធា ហាក់ដូចជា នៅតែបន្តសកម្មភាពនិងកាយវិការហាក់មិនស្មោះត្រង់ច្រើនដែលយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្ន។
សរុបសេចក្តីទៅ ស្មារតីនៃការរួបរួមនិងជួយគ្នាទៅវិញទៅមកគឺចាំបាច់ត្រូវតែបន្តទៅមុខបន្ថែមទៀត ហើយធ្វើឲ្យជាប់កុំអោយដាច់ទាល់តែទំនាក់ទំនងរវាងប្រទេសទាំងពីរអាចវិលមករកស្ថានភាពដែលនឹងនរពិតប្រាកដគ្មានការចោទប្រកាន់ គ្មានការរំលោភបំពាន ហើយគ្រប់ភាគីឯកភាពគ្នាដោះស្រាយតាមយន្តការច្បាប់អន្តរជាតិពិតប្រាកដ៕
Daily Program
