បើយើងមានលុយពេលនេះ ! គួរនាំគ្នាចំណាយថវិកាដើរលេងនៅក្នុងស្រុកវិញជួយជាតិ
នៅពេលនេះភ្ញៀវទេសចរបរទេសចូលមកលេងនៅកម្ពុជាយើងធ្លាក់ចុះខ្លាំងណាស់ ដូច្នេះប្រសិនបើយើងមានលុយមានថវិកាហើយចង់ដើរលេងនៅក្រៅប្រទេស យើងគួរផ្អាកសិនហើយសម្លឹងរករមណីដ្ឋាន និង គោលដៅទេសចរណ៍នៅក្នុងស្រុកដែលមិនទាន់ទៅជំនួសវិញ ។
តាមស្ថិតិរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ពីខែមករា ដល់ឧសភា ឆ្នាំ២០២៦ភ្ញៀវទេសចរបរទេសមកលេងនៅក្នុងស្រុកយើងមានតែ ១,៥៣ លាននាក់ ធ្លាក់ចុះប្រមាណជា ជិត៤៨ភាគរយ ហើយពលរដ្ឋកម្ពុជាយើងដែលចេញទៅដើរលេងនៅក្រៅប្រទេសគឺមានប្រមាណជា ៤៤៩.០៦៦ នាក់ ធ្លាក់ចុះប្រមាណជា ៣៩ភាគរយដែរ ។
ជាការពិតទៅនៅក្នុងស្ថានភាពបច្ចុប្បន្នពលរដ្ឋយើងក៏មិនសូវទៅក្រៅប្រទេសច្រើនដែរ ប៉ុន្តែផ្អែកតាមស្ថិតិខាងលើគឺយើងនៅតែមានអ្នកដែលចេញទៅលេងនៅក្រៅប្រទេស ដោយគោលដៅគឺមានតាំងពី ចិន វៀត ណាម ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន និង អឺរ៉ុប ជាដើម ។ ការដែលបងប្អូនយើងទៅលេងនៅក្រៅប្រទេសទាំងនោះគឺមិនអត់ប្រយោជន៍ទេ គឺអាចទទួលបានបទពិសោធន៍ថ្មី ចំណេះដឹង និង ស្វែងយល់ពីបរិយាកាសផ្សេងៗ ។
នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើបងប្អូនចង់ដកបទពិសោធន៍ចង់ស្វែងយល់ពីអ្វីមួយដែលមានគោលដៅទៅ គឺប្រសើរបំផុត ប៉ុន្តែប្រសិនបើត្រឹមតែទៅដើរលេងធម្មតាទេ យើងគួរចំណាយធនធាននេះ នៅក្នុងស្រុកយើងដើម្បីជួយសេដ្ឋកិច្ចរបស់ស្រុកយើង ។
កញ្ចប់ចំណាយរបស់បងប្អូនចេញក្រៅប្រទេសម្តងៗមិនអស់តិចឡើង ពោលនៅក្នុងម្នាក់ ត្រឹមតែវៀតណាម ការចំណាយម្តង់ៗក៏មិនក្រោយ២០០ ដុល្លារដែរ ទៅលើថ្លៃធ្វើដំណើរ ថ្លៃហូបចុក និង ថ្លៃស្នាក់នៅ ហើយលុយទាំងនេះចេញពីហោប៉ៅយើងគឺចូលទៅហោប៉ៅគេទាំងអស់តែម្តង ប៉ុន្តែប្រសិនបើយើង មិនទៅទេ ឫលោកពេលនៃដំណើរទេសចរណ៍នេះសិន នោះយើងអាចនឹងឲ្យកញ្ចប់ថវិកានេះធ្លាក់លើដៃពលរដ្ឋយើង ហើយថវិកានោះវានឹងវិលទៅវិលមកហើយអាចនឹងវិលមករកយើងវិញខ្លះនៅពេលណាមួយ ដូច្នេះសូមរិះគិត ។
នៅពេលនេះស្ថានភាពសេដ្ឋកិច្ចនៅស្រុកយើងកំពុងតែប្រឈមមុខនឹងស្ថានភាពមួយ ដែលស្រអាប់បន្តិច ដោយកំណើនសេដ្ឋកិច្ចថមថយខ្លាំង ដូច្នេះយើងទាមទារការប្រុងប្រយ័ត្ននិងរៀបចំផែនការចំណាយ និង គ្រប់គ្រងចំណូលឲ្យលំអិត ដើម្បីយើងអាចម្ចាស់ការធានានិរន្តភាពនៃសង្គមរបស់យើងនៅពេលអនាគត។ សន្សំសំចៃនិងជួយជាតិសិនទៅ ចាំពេលដែលស្ថានការណ៍ប្រសើរចាំរៀបចំផែនការហើយដើរកំសាន្តនៅក្រៅក៏ប្រសើរដែរ ។