បើយើងប្តេជ្ញារួមគ្នា ! អ្វីក៏យើងអាចធ្វើបានដែរ
រឿងគ្រឿងស្រវឹងនៅពេលនេះ ហាក់ផុលផុសហើយនៅលើបណ្តាញសង្គមក៏សកម្មនិងសារពីបុគ្គលល្បីៗជាច្រើននៅក្នុងសង្គម ឲ្យរួបរួមគ្នាព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។
គ្រឿងស្រវឹងមិនមែនជាភេសជ្ជៈល្អចំពោះសុខភាពឡើយ ហើយផ្ទុយទៅវិញវាជាប្រភពនៃបញ្ហាចំបងគំរាមកំហែងសុខភាព និង បង្កបញ្ហាសង្គមជាច្រើន ដូច្នេះយើងទាំងអស់គ្នាមានតួនាទីគ្រប់គ្នានៅក្នុងការធ្វើយុទ្ធនាការបន្ទុចបង្អាក់ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងសង្គមរបស់យើង ។
ជាទូទៅមានជំងឺដង្កាត់ជាច្រើនដែលវាបង្កមកពីការប្រើប្រាស់គ្រឿងស្រវឹង រាប់តាំងពីថ្លើម ក្រពះលំពែង ពោះវៀន តម្រង់នោម បេះដូង ខួរក្បាលជាដើម ហើយបញ្ហាសង្គមវិញនោះវាគឺជាប្រភពនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និង សកម្មភាពអបាយមុខឫអនាចារជាច្រើនទៀតផងដែរ ។
កំណើននៃការប្រើប្រាស់គ្រឿងស្រវឹងកន្លងមកគឺមកពីគ្រប់គ្នាគ្រប់សមាសភាព មិនថាចាស់មិនថាក្មេងគឺសុទ្ធសឹងតែមានចំណែកពាក់ព័ន្ធនឹងការលើកទឹកចិត្តឲ្យការប្រើប្រាស់គ្រឿងស្រវឹងនៅសង្គមកម្ពុជាយើងវាកើនឡើងខ្លាំង ។
គ្រឿងស្រវឹងត្រូវបានផ្សព្វផ្សាយនិងលើកទឹកចិត្តដោយមិនដឹងខ្លូនដោយចាស់ៗនៅក្នុងគ្រួសារ និង សហគមន៍ ដោយរួមទាំងឪពុកម្តាយ ដោយការផ្សាយពាណិជ្ជកម្ម និង ការឃោសនាផ្សេងៗនៅក្នុងសង្គម ដោយរួមទាំងយុទ្ធនាការឃោសនាបែបត្រេកត្រអាល តាមរយៈការផ្សព្វផ្សាយថា ការប្រើប្រាស់គ្រឿងស្រវឹងបានរង្វាន់ ជាដើម។ល។
ផ្អែកតាមទឡ្ហីករណ៍នេះ យើងទាំងអស់គ្នាបានឃើញហើយថា យើងទាំងអស់គ្នាសុទ្ធតែមានចំណែកពាក់ព័ន្ធនឹងរឿងនេះទាំងអស់គ្នា ហើយយើងទាំងអស់គ្នាសុទ្ធសឹងតែចូលរួមលើកទឹកចិត្តយុវជននិងក្មេងៗជំនាន់ក្រោយនៃយើងឲ្យស្គាល់គ្រឿងស្រវឹង គ្រប់គ្នា ។
សូមកុំប្រកែក ហើយប្រកាន់ពេលដែលយើងខ្ញុំបង្ហាញសក្ខីកម្មនេះឡើង ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមូលគំនិតនិងមតិរួមគ្នាថា ត្រូវតែទប់ស្កាត់បញ្ហានេះយើងទាំងអស់គ្នាគួរតែចូលរួមទប់ស្កាត់បញ្ហានេះទាំងអស់គ្នា ។
សរុបទៅ គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពនៃបញ្ហាសង្គមជាច្រើន ដែលប៉ះពាល់ដល់គ្រួសារ សហគមន៍ និងការអភិវឌ្ឍប្រទេសជាតិ។ ការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយតែឯងឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ចាប់ពីក្រុមគ្រួសារ សាលារៀន សហគមន៍ អ្នកសារព័ត៌មាន បុគ្គលល្បីៗ រហូតដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ ប្រសិនបើយើងម្នាក់ៗចាប់ផ្តើមផ្លាស់ប្តូរពីខ្លួនឯង បញ្ឈប់ការលើកទឹកចិត្ត ការផ្សព្វផ្សាយ និងការធ្វើឱ្យការប្រើប្រាស់គ្រឿងស្រវឹងក្លាយជារឿងធម្មតានៅក្នុងសង្គម នោះយើងនឹងអាចរួមចំណែកកសាងសង្គមមួយដែលមានសុខភាពល្អ សុវត្ថិភាព និងអនាគតកាន់តែប្រសើរសម្រាប់យុវជន និងកូនចៅជំនាន់ក្រោយ។ ការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់សុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គមកម្ពុជាទាំងមូល។