បើចង់ជួយជាតិ សូមកុំចែករំលែកព័ត៌មានក្លែងក្លាយ !

ព័ត៌មានក្លែងក្លាយច្រើនណាស់នៅពេលនេះ ហើយព័ត៌មានខ្លះទៀតគឺបង្កើតឡើងមិនមែនដោយពលរដ្ឋខ្មែរនោះទេ វាគឺជាព័ត៌មានដែលបង្កើតឡើងដោយបរទេសដែលមានបំណងអូសទាញនិងបង្កើតទស្សនៈ អវិជ្ជមានដល់ជាតិ។
ពពួកព័ត៌មានទាំងនេះ ជាទូទៅមានចរឹតបង្អាប់បន្ថោកជាតិសាសន៍យើង ជាព័ត៌មានដែលមានភាព អុជអាល បង្កកំហឹង ហើយក៏ជាប្រភេទព័ត៌មានដែលបង្កើតឡើងបង្កើតនូវស្ថានភាពដែលធ្វើយ៉ាងណា ឲ្យពលរដ្ឋយើងបែកបាក់សាមគ្គីនិងឯកភាពជាតិ ដែលនៅពេលនេះយើងកំពុងតែមានភាពរឹងមាំ និង រួមគ្នាជាធ្លុងមួយ។
តាមការបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសរួចហើយសូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីព្រោះនៅពេលនេះនៅលើបណ្តាញសង្គមគឺមានការកន្លែងបន្លំគណនី ដែលពួកគេបានប្រើប្រាស់ឈ្មោះជាខ្មែរ ហើយប្រើប្រាស់ភាសាក៏ខ្មែរដែរ ប៉ុន្តែធាតុពិតពួកគេមិនមែនជាខ្មែរឡើយ។
លោកបានបញ្ជាក់ថា ការក្លែងបន្លំនេះ គឺជាកលល្បិចថ្មីមួយទៀតដែលត្រូវបានភាគីថៃប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរ ក្នុងគោលបំណងបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ដូច្នេះនៅក្នុងនាមយើងជាខ្មែរពិតប្រាកដគឺត្រូវតែប្រុងប្រយ័ត្ន កុំចាញ់ល្បិចនេះ នាំឲ្យយើងបែកបាក់សាមគ្គី។
បងប្អូនរាល់ព័ត៌មានដែលបងប្អូនបានទទួលពីបណ្តាញសង្គម នៅពេលនេះ គឺសូមផ្ទៀងផ្ទាត់ហើយកុំចេះតែចែករំលែក ហើយចែកចាយបន្ត ពីព្រោះគេអាចនឹងខ្ចីដៃយើងទាំងអស់គ្នា បង្ករជម្ល៉ោះ បង្កើតគំនិត និង បង្កប់ទស្សនៈសង្ស័យនិយម នាំឲ្យយើងបែកបាក់សាមគ្គី ដែលជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ការពារជាតិនិងបូរណៈភាពទឹកដីនៃកម្ពុជា។
បងប្អូនសូមកុំប្រហែស ព័ត៌មានដែលគួរចែកចាយគឺតែជាព័ត៌មានដែលចេញពីប្រភពផ្លូវការ ប្រភពដែលមានវិជ្ជាជីវៈ ប្រភពដែលមានការទទួលខុសត្រូវច្បាស់លាស់។
នៅពេលនេះភាគីដែលរំលោភបំពានយើងគឺកំពុងតែរិះរកគ្រប់វិធីតាំងពីយោធា ល្បិចនៅក្នុងការបង្កសង្រ្គាមចិត្តសាស្រ្ត បញ្ហាសេដ្ឋកិច្ច បញ្ហាការទូត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដោយសារតែកម្លាំងសាមគ្គីភាពរឹងមាំ យើងនៅតែបន្តប្រយុទ្ធប្រឆាំងនឹងផែនការដ៏ខ្មៅងងឹតនេះបាន។
សរុបសូមលើកកំពស់ការប្រុងប្រយ័ត្នហើយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន ចេះថ្លឹងថ្លែង និង មានសុភវិនិច្ឆ័យដើម្បីកុំអោយជាតិយើងគ្រោះថ្នាក់ព្រោះតែយើងខ្វះការប្រុងប្រយ័ត្ន ។ ដើម្បីមានប្រយោជន៍ដល់ជាតិ សូមចែកចាយអ្វីដែលជាប្រភពផ្លូវការ អ្វីដែលជាព័ត៌មានពិតប្រាកដរបស់កម្ពុជា ដើម្បីពលរដ្ឋយើងនិងសហគមន៍អន្តរជាតិកាន់តែដឹងនិងយល់អំពីកម្ពុជាពិតប្រាកដ៕
Daily Program
