បើក្រុមគ្រូពេទ្យកម្ពុជាសង្រ្គោះជីវិតមនុស្សមុនបង់ប្រាក់ល្អបំផុត !

ជាទូទៅមិនថាមន្ទីរពេទ្យឯកជននោះទេ សូម្បីតែមន្ទីរពេទ្យរដ្ឋគឺភាគច្រើនតែងតែឲ្យពលរដ្ឋជាអ្នកជំងឺឬក្រុមគ្រួសារអ្នកជំងឺត្រូវបង់លុយសិនបានទទួលព្យាបាលអ្នកជំងឺជាក្រោយ។

សម្រាប់ពលរដ្ឋជាទូទៅពេលទៅមន្ទីរពេទ្យមិនថាឯកជនឬសាធារណៈនោះទេ ដំបូងគឺត្រូវទៅចុះឈ្មោះ ហើយនៅពេលដែលចុះឈ្មោះនោះហើយមន្ទីរពេទ្យភាគច្រើនគឺតម្រូវឲ្យត្រូវបង់លុយមុនបានពិគ្រោះ ជាមួយវេជ្ជបណ្ឌិតតាមក្រោម ហើយនៅពេលដែលអ្នកជំងឺត្រូវបន្តដំណើរការផ្សេងទៀតដូចជាតម្រូវឲ្យថតនេះថតនោះ ឫពិនិត្យនេះពិនិត្យនោះ គឺក៏ទាមទារត្រូវបង់លុយមុនសិនបានយកវិក័យប័ត្រទៅភ្ជាប់ជាមួយ ដើម្បីបានបន្តពិនិត្យ។

នៅក្នុងករណីអ្នកជំងឺប្រើប័ណ្ណសមធម៌ឬ ប័ណ្ណប.ស.ស ក៏តម្រូវឲ្យអ្នកជំងឺទៅចុះឈ្មោះនៅការិយាល័យទទួលបន្ទុកប្រចាំមន្ទីរពេទ្យជាមុនផងដែរ  ហើយនៅពេលដែលវេជ្ជបណ្ឌិតសម្រេច យ៉ាងណាគឺក៏ត្រូវទៅជួបមន្រ្តីទទួលបន្ទុក ជាមុនដែរបានបន្តដំណើរការសេវាកម្មនោះបន្តទៀត ។

មន្ទីរពេទ្យខ្លះវិញដំបូងឡើយគឺត្រូវទៅចុះឈ្មោះដូចគ្នា តែការចុះឈ្មោះនោះគឺមិនតម្រូវឲ្យបង់ប្រាក់អ្វីនោះទេ ។ ចុះឈ្មោះរួចក៏ត្រូវទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ។ នៅក្នុងករណីវេជ្ជបណ្ឌិតមិនតម្រូវឲ្យធ្វើការត្រួតពិនិត្យទេ គឺមានការចេញវេជ្ជបញ្ជាគឺបានយកវេជ្ជបព្ជានោះទៅគណនេយ្យបង់លុយបានបើកថ្នាំ ។ ប៉ុន្តែបើសិនជាតម្រូវឲ្យពិនិត្យនេះពិនិត្យនោះបន្ថែម គឺត្រូវតែទៅបង់លុយឫយកឯកសារប.ស.សទៅដាក់នៅគណនេយ្យមុនដូចគ្នា បានក្រុមវេជ្ជបណ្ឌិតជំនាញបន្តអាចទទួលពិនិត្យតាមវេជ្ជបញ្ជានោះ ។​

ផ្អែកតាមស្ថានភាពនោះ គឺជាទូទៅលុយនៅតែជាជំហាននាំមុខ ដូច្នេះត្រង់ចំណុចនេះវាហាក់ដូចជាខុសនឹងភារកិច្ចចំបងរបស់វេជ្ជបណ្ឌិតឫបុគ្គលិកសុខាភិបាល ដែលមានភារកិច្ចសំខាន់បំផុតគឺជួយសង្រ្គោះជីវិតអ្នកជំងឺទោះជាអ្នកជំងឺជានរណាក៏ដោយ ដូច្នេះប្រសិនបើមន្ទីរពេទ្យណា ជាពិសេសគឺមន្ទីរពេទ្យរដ្ឋ គិតគូរកែសម្រួលត្រង់ចំណុចនេះបាន នោះវាគឺជារឿងប្រសើរបំផុត ។

និយាយឲ្យចំទៅ បញ្ហា បង់ប្រាក់មុន ទើបព្យាបាលតាមក្រោម មិនមែនជាបញ្ហាបច្ចេកទេសធម្មតាទេ ប៉ុន្តែជាបញ្ហាទំនុកចិត្ត និងមនុស្សធម៌។ ជីវិតមនុស្សមិនគួរត្រូវបានដាក់ឲ្យរង់ចាំក្រោមលក្ខខណ្ឌហិរញ្ញវត្ថុឡើយ ជាពិសេសនៅពេលស្ថានភាពបន្ទាន់ ដែលពេលវេលាគិតជានាទីនិងវិនាទីសុទ្ធអាចកំណត់អាយុជីវិតនិងមរណភាពបានទំាងអស់។ ភារកិច្ចចម្បងរបស់បុគ្គលិកសុខាភិបាល គឺសង្គ្រោះជីវិត និងបន្ថយការឈឺចាប់ មិនមែនសួររកបង្កាន់ដៃជាមុនទេ។

ជាការពិតការគ្រប់គ្រង ប្រព័ន្ធរដ្ឋបាល និងការគ្រប់គ្រងហិរញ្ញវត្ថុគឺជារឿងចាំបាច់សម្រាប់និរន្តរភាពរបស់មន្ទីរពេទ្យ ប៉ុន្តែវាអាចរៀបចំឲ្យមានលំនាំបត់បែន និងមនុស្សធម៌ជាងនេះបាន។ ការកំណត់គោលការណ៍ច្បាស់លាស់ថា សង្គ្រោះមុន ចាំគិតលុយពេលក្រោយ ជាពិសេសសម្រាប់ករណីបន្ទាន់ ឬអ្នកកាន់ប័ណ្ណសមធម៌ និងប.ស.ស. នឹងជួយកាត់បន្ថយការខកចិត្តរបស់ពលរដ្ឋ និងពង្រឹងភាពជឿជាក់លើសេវាសុខាភិបាលសាធារណៈ។

សរុបទៅបើមន្ទីរពេទ្យណាមួយអាចធ្វើឲ្យគោលការណ៍មនុស្សធម៌ឈរលើលទ្ធផលហិរញ្ញវត្ថុបាន នោះមន្ទីរពេទ្យនោះនឹងក្លាយជាគំរូល្អសម្រាប់ស្ថាប័នដទៃ។ យើងទាំងអស់គ្នាត្រូវដឹងថាពេលដែលពលរដ្ឋមានអារម្មណ៍ថាជីវិតរបស់ពួកគេត្រូវបានគេគោរព និងផ្តល់អាទិភាព មន្ទីរពេទ្យនោះមិនត្រឹមតែសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្គ្រោះទំនុកចិត្តសង្គមផងដែរ។ ក្រៅពីនោះយើងត្រូវដឹងថា សេវាសុខាភិបាលដែលមានគុណភាពពិតប្រាកដ គឺមិនវាស់តម្លៃត្រឹមចំនួនប្រាក់ទទួលបានទេ ប៉ុន្តែវាវាស់នូវតម្លៃតាមចំនួនជីវិតដែលបានសង្គ្រោះ និងបេះដូងនៃសេចក្តីករុណា៕

 

Daily Program

Livesteam thumbnail