បុរសគួរពិនិត្យរកមហារីកក្រពេញប្រូស្តាត ហើយនារីគួរស្វែងរកមហារីកមាត់ស្បូន
សម្រាប់មនុស្សដែលមានវ័យចាប់ពី៤៥ឆ្នាំឡើងសម្រាប់បុរសគួរពិនិត្យនិងពិគ្រោះជំងឺផ្សេងៗ ហើយសំខាន់គឺមហារីកក្រពេញប្រូស្តាត ដោយឡែកនារីគឺមហារីកមាត់ស្បូន។
តាមពិតជីវិតមនុស្សដែលមានវ័យនេះគឺត្រូវប្រឈមមុខនឹងជំងឺជាច្រើនប្រភេទ ហើយមហារីកក៏មានច្រើនដែរ នៅក្នុងនោះមហារីកក្រពេញប្រូស្តាតនិងមហារីកមាត់ស្បូនគឺមានភាគរយខ្ពស់គួរសម ហើយក៏គ្រោះថ្នាក់គួរសម។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត សម្រាប់បុរសក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។
ក្រពេញប្រូស្តាតរីកធំ គេអាចរកឃើញតាមការ ពិនិត្យឈាម និងជួបគ្រូពេទ្យជំនាញខាងតម្រងនោម និងក្រពេញប្រូស្តាត ដើម្បីពិគ្រោះ និងធ្វើការវិភាគរោគវិនិច្ឆ័យ។ គេអាចកត់សំគាល់រោគសញ្ញនេះ គឺមានដូចជានោមតក់ៗ នោមដាច់ៗ ពិបាកនោមពេលប្រឹងនោមដំបូង កំលាំងទឹកនោមចេញខ្យោយ។ ក្រៅពីនោះវាមាន រោគសញ្ញារំខានមួយចំនួនកើតមានឡើងដូចជាមានទឹកនោមហៀចេញសើមៗរហូត ហើយនោមញឹកទាំងពេលថ្ងៃ និងពេលយប់។ នៅពេលខ្លះអ្នកជំងឺមានអាការៈនោមឈាម ឬអាច នោមលែងចេញ។
សម្រាប់នារីវិញ មហារីកមាត់ស្បូនមិនមានអាការៈច្បាស់ទេ ប៉ុន្តែជាទូទៅប្រសិនបើមានឈាមចេញពីទ្វារមាសមិនធម្មតា ខុសពីវដ្តរដូវ ទឹករំអិលចេញច្រើនហើយមានក្លិន ឈឺចាប់ពេលរួមភេទ ឈឺចង្កេះ ឬតំបន់ត្រគាក អស់កម្លាំងឬស្រកទម្ងន់ដោយមិនដឹងមូលហេតុ ចូរប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។
សម្រាប់នារីនៅកម្ពុជាដើម្បីបង្ការមហារីកមាត់ស្បូន គេមានវ៉ាក់សាំងដូច្នេះសូមប្រញាប់ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីបង្ការនិងការពារជំងឺនេះ។
សរុបទៅ ដើម្បីការពារអាយុជីវិតរបស់យើងការពារសុខភាពការបង្ការនិងព្យាបាលទាន់ពេលវេលាគឺជាកត្តាដ៏មានប្រសិទ្ធភាពនៅក្នុងការសង្រ្គោះជីវិតរបស់យើងទាំងអស់គ្នា ដូច្នេះសូមកុំខ្ជិលច្រអូសឬយកហេតុផលនេះហេតុផលនោះមិនទៅពិនិត្យសុខភាព។ ចូរឧស្សាហ៍ត្រូតពិនិត្យសុខភាពតាមការកំណត់ដើម្បីយើងអាចឆាប់រកឃើញជំងឺនិងអាចសង្រ្គោះជីវិតយើងទាំងអស់គ្នាបាន៕