បញ្ហាហិង្សាម្ចាស់ផ្ទះនឹងអ្នកបម្រើការនៅក្នុងផ្ទះសម្បូរ គ្រាន់តែករណីខ្លះមិនទាន់បែកធ្លាយ!
បញ្ហាហិង្សារបស់ម្ចាស់ផ្ទះលើអ្នកបម្រើការងារនៅក្នុងផ្ទះសម្បូរ ហើយរឿងអ្នកបម្រើការនៅក្នុងផ្ទះមានចារឹករពិសដៃរពិសជើង ពោលគឺមិនស្មោះត្រង់ក៏សំបូរ នេះគឺជាបញ្ហាសង្គមមួយនៅកម្ពុជានាពេលបច្ចុប្បន្ន។
ថ្មីៗនេះករណីម្ចាស់ផ្ទះមួយវាយដំនិងធ្វើទារុណកម្មនៅខាងទីក្រុងប៉ោយប៉ែតគឺគ្រាន់តែជាករណីជាក់ស្តែង មួយប៉ុណ្ណោះ ។
តាមពិតទៅរឿងនេះវាមានដើមហេតុនិងដើមចមរបស់វា ដោយម្ចាស់ផ្ទះចោទស្រ្តីអ្នកបម្រើការនៅក្នុងផ្ទះ ចោទថា យកទូរស័ព្ទរបស់ខ្លួនទៅលក់ ហើយក៏ចាត់ពិន័យដោយវាយដំ ហើយក៏មានបែកធ្លាយវីដេអូហិង្សានោះរហូតដល់មានពិរុទ្ធលើខ្លួន ។
ជាការពិតជីវិតអ្នកបម្រើការនៅតាមផ្ទះ ការរងនូវអំពើហិង្សាគឺគ្រាន់តែជារឿងមួយប៉ុណ្ណោះ ។ មកដល់ពេលនេះ ជីវិតពួកគេពេលខ្លះអភ័ព្វ ដោយរងគ្រោះខ្លះមិនមានវាយដំច្រំធាក់ដូចជាករណីខាងលើទេ តែជាហិង្សាដោយពាក្យសំដី ពាក្យអសុរស ពាក្យត្មិះតិដៀល ហើយក្រៅពីនោះក៏អាចមានករណីរងនូវការបៀតបៀនផ្លូវភេទថែមទៀតក៏អាចមានផងដែរ ។
ជាទូទៅភ័ព្វវាសនារបស់ពួកគេផ្ញើរនៅលើសមាណចិត្តរបស់ម្ចាស់ផ្ទះ ប្រសិនបើពួកគេអាចមានវាសនា បម្រើការងារនៅតាមលំនៅស្ថានដែលម្ចាស់មានព្រហ្មវិហារធម៌ មានការអធ្យាស្រ័យមានការសណ្តោស ពួកគេត្រូវបានចាត់ទុកថា ជាសមាជិកម្នាក់នៅក្នុងគ្រួសារ ហើយដឹងទុក្ខធុរៈនានា ។
ទន្ទឹមនឹងនោះ អ្នកដែលបម្រើការតាមផ្ទះខ្លះក៏មានសន្តានមិនល្អផងដែរ ដោយពួកគេខ្លះមានចិត្តគំនិតមិនស្មោះត្រង់ កឹបកេង ហើយលួចនេះលួចនោះ សូម្បីតែទ្រព្យសម្បត្តិមានតម្លៃរបស់ម្ចាស់ផ្ទះ ហើយក៏មានអ្នកខ្លះខ្វះគុណធម៌វាយធ្វើបាបកូនម្ចាស់ផ្ទះ និង សកម្មភាពមិនមានគុណធម៌ជាច្រើនទៀត ។
សរុបទៅ បញ្ហាហិង្សារវាងម្ចាស់ផ្ទះ និងអ្នកបម្រើការងារតាមផ្ទះ គឺជាបញ្ហាសង្គមមួយដែលកើតឡើងពីភាគីទាំងសងខាងក្នុងករណីផ្សេងៗគ្នា។ មានករណីដែលអ្នកបម្រើការងាររងនូវការរំលោភបំពាន អំពើហិង្សា ការបៀតបៀន និងការប្រមាថពីម្ចាស់ផ្ទះ ខណៈនោះក៏មានអ្នកបម្រើការងារមួយចំនួនប្រព្រឹត្តអំពើមិនស្មោះត្រង់ ឬធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់គ្រួសារម្ចាស់ផ្ទះផងដែរ។ ដូច្នេះ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវគុណធម៌ សុចរិតភាព ការគោរពសិទ្ធិគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ជាជាងប្រើអំពើហិង្សា ។ លើសពីនេះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរតែពង្រឹងការអនុវត្តច្បាប់ និងការការពារសិទ្ធិរបស់ភាគីទាំងពីរ ដើម្បីបង្កើតទំនាក់ទំនងការងារប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងមនុស្សធម៌នៅក្នុងសង្គម។