ត្រឹម២៤ម៉ោងដំបូងគ្រោះថ្នាក់ចរាចរណ៍មាន៧លើក
គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករគ្មានស្រមោលនៅក្នុងលើទ្រូងផ្លូវ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ននិងបើកបរក៏ដូចជាប្រើប្រាស់ទ្រូងផ្លូវសារធារណៈប្រកបដោយការទទួលខុសត្រូវទាំងអស់គ្នា ។
តាមរបាយការណ៍របស់សមត្ថកិច្ចដែលបានប្រកាស បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយគិតត្រឹមពីម៉ោង ២រសៀល ថ្ងៃទី១៥ ដល់ម៉ោង ២ រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមានចំនួន ៧លើក នៅក្នុងនោះយប់ ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ រងរបួសសរុប១៥នាក់ នៅក្នុងនោះរងរបួសធ្ងន់៩នាក់ និងរងរបួសស្រាល ៦នាក់ ហើយអ្នកធ្វើដំណើរតាមម៉ូតូដោយមិនពាក់មួកសុវត្ថិភាពមាន១៣នាក់។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មូលហេតុ ដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តំា បត់គ្រោះថ្នាក់ និងស្រវឹង ។
នេះគឺជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម ដែលនៅសេសសល់២ថ្ងៃទៀត ហើយក៏ជាពេលវេលាដែលបងប្អូននឹងធ្វើដំណើរច្រើនទៅកាន់គោលដៅនានានៅទូទាំងប្រទេស ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ននិងបើកបរដោយស្មារតីទទួលខុសត្រូវ ដើម្បីកុំអោយថ្ងៃសប្បាយក្លាយជាថ្ងៃដែល កើតទុក្ខសម្រាប់អ្នកទាំងអស់គ្នា ។
នៅពេលដែលបងប្អូនកាន់ចង្កូតយានយន្តមិនថាម៉ូតូឬរថយន្ត ឬ ត្រីចក្រយានយន្តជាដើម គឺដំបូងបំផុតហើយក៏ត្រូវតែយកចិត្តទុកដាក់បំផុតនោះគឺការបើកបរដោយស្មារតីប្រុងប្រយ័ត្ន យកចិត្តទុកដាក់លើការគោរពច្បាប់ចរាចរណ៍ ។
រាល់ពេលដែលកាន់ចង្កូតយានដាច់ខាតត្រូវតែចាំនិងរំលឹកខ្លួនយើងជានិច្ចថា សុវត្ថិភាពគឺជាចំណុចអតិភាព ។ សូមកុំបើកបរលឿន គោលដៅដែលអ្នកកំណត់វាគង់តែទៅដល់ទេ គ្រាន់តែយឺតនិងឆាប់ ។ យឺតសុវត្ថិភាពគួរតែយកយឺតទៅ កុំយកឆាប់ហើយគ្រោះថ្នាក់។
សូមកុំភ្លេចថា ការបើកបរដែលធ្វេសប្រហែសមួយពព្រិចភ្នែកយើងមិនគ្រាន់តែបង្កគ្រោះថ្នាក់ដល់ខ្លួនយើងទេ គឺអាចដល់អ្នករួមដំណើរជាបងប្អូន ជាក្រុមគ្រួសារ ជាសាច់ញាតិ ហើយក៏អាចប៉ះពាល់ដល់អ្នកដទៃទៀតផងដែរ ។
សរុបសេចក្តីទៅ ប្រសិនបើយើងបើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ មានន័យថា យើងប្រើប្រាស់ទ្រូងផ្លូវប្រកបដោយការទទួលខុសត្រូវ ហើយប្រសិនបើយើងទាំងអស់គ្នាមានការទទួលខុសត្រូវទាំងអស់គ្នាយើងនឹងអាចគោរពនិងធានាបានសុវត្ថិភាពទាំងអស់គ្នា ដូច្នេះផ្លូវថ្នល់លែងជាឃាតករគ្មានស្រមោលទៀតហើយ ប៉ុន្តែវានឹងក្លាយជាច្រកនៃការតភ្ជាប់ដើម្បីយើងទាំងអស់គ្នា ។ សូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នា៕