តើសេវាកម្មវេជ្ជសាស្រ្តនៅស្រុកយើងនឹងបន្តកែលំអរបន្ថែមទៀតឬទេ?

រដ្ឋមន្រ្តីក្រសួងសុខាភិបាលមួយរយៈពេលនេះ បានលើកឡើងច្រើន​អំពីគុណភាពនិងសេវាកម្ម​របស់ក្រុមគ្រូពេទ្យ និងស្តង់ដា​វេជ្ជសាស្រ្តនៅតាមមន្ទីរពេទ្យនានានៅក្នុងប្រទេសជាច្រើនដង ដូច្នេះ​សង្ឃឹម​ថា សេវាកម្មនិងវិស័យវេជ្ជសាស្រ្តនៅស្រុកយើង​នឹងកាន់តែកែលំអរបន្ថែម​មួយកម្រិត​ថែមទៀត​។​

ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាន​លើកឡើងជាថ្មី​ទៀតហើយ នៅក្នុងកិច្ចប្រជុំកម្រិតក្រសួងដោយផ្ទាល់និងតាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ។​

នៅក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើន​ការយកចិត្ត​ទុកដាក់ខ្ពស់ អំពីសុវត្ថិភាពអ្នកជំងឺ ដោយត្រូវពង្រឹងការបម្រើសេវា ទាំងការពិនិត្យពិគ្រោះ និងព្យាបាល នៅពេលមកទទួលសេវាពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយជាពិសេសផ្នែកសម្ភព និងស្រ្តី ទារក កុមារ និងមនុស្សចាស់។

លោករដ្ឋមន្រ្តី បានជំរុញលើសុវត្ថិភាពអ្នកជំងឺ ដោយការពង្រឹងប្រព័ន្ធព័ត៌មាន ការកត់ត្រាទុក បង្កើនការស្រាវជ្រាវនៅតាមអង្គភាព និងរៀបចំផែនការបណ្តុះបណ្តាលទាំង បច្ចេកទេសព្យាបាល និងការគ្រប់គ្រងប្រើប្រាស់ឱសថឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្រ្តីក៏បានណែនាំដល់ថ្នាកដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល ត្រូវពន្លឿន និងជំរុញការងារឯកសាររដ្ឋបាល ឱ្យបានលឿនទាន់ពេលវេលា និងការបម្រើសេវាច្រកចេញចូលជូនដល់​ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរដោយឡែក ផ្នែកទំនាក់ទំនងត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍឱ្យបានជាប់លាប់ និងកៀងគរឱ្យមានការចូលរួមពីដៃគូ។

ចំណុចទាំងនេះគឺជាចំណុចដែលសុទ្ធតែជាធាតុចូលដ៏សំខាន់នៅក្នុងការពង្រឹងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ខណៈដែលពេលនេះពលរដ្ឋ​មួយចំនួនដែលបញ្ឈប់ការស្វែងរក​សេវាសុខភាព​នៅក្នុង​ប្រទេស​ថៃ ដោយសារតែអរិភាពនៅតាមព្រំដែន និង ការរើសអើង សូមងាកមកប្រើ​សេវាវេជ្ជសាស្រ្ត​នៅ​ក្នុង​ស្រុក ហើយមួយចំនួនក៏បង្វិលទៅប្រទេសផ្សេងមានម៉ាឡេស៊ី វៀតណាម ជាដើម​​។

សម្រាប់អ្នកដែលសម្រេចចិត្តសាកល្បងសេវានេះនៅក្នុងស្រុក វាគឺជាឱកាសមួយ ហើយ​ប្រសិនបើ​ក្រុមគ្រូពេទ្យយើងអាចផ្តល់ទំនុកចិត្តដល់ពួកគាត់បាននៅពេលនេះ ពួកគាត់នឹងបន្តផ្សព្វផ្សាយ ហើយអាច​នឹងបន្តទាក់ទាញមិត្តភក្តិ និង សាច់ញាតិ​បន្ថែមនោះសេវាកម្ម​សុខាភិបាល​នៅក្នុងស្រុកយើង​ដឹងតែ​ទៅ​មុខ។

សរុបទៅយើងសង្ឃឹមថា គោលការណ៍​សុវត្ថិភាពអ្នកជំងឺ គឺជាចំណុចស្នូលនៃសេវាសុខាភិបាល និងជាវប្បធម៌ទំនើបកម្ម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ អាចនឹងចាក់ទម្លុះបេះដូងពលរដ្ឋយើងបាន។​ ចាក់បានសម្រេចយ៉ាងណាគឺជាឱកាសរបស់អស់លោកក្រុមគ្រូពេទ្យយើងហើយ៕​

 

 

Daily Program

Livesteam thumbnail