តើកម្ពុជាអាចមានជំហានថ្មីក្នុងវិថីនយោបាយនៅក្នុងប្រទេសដែរឬទេ?

ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ព្រមទាំងជំនួបរវាងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារលោក កឹម សុខា បានក្លាយជាព្រឹត្តិការណ៍មួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិភាគ អ្នកនយោបាយ និងសាធារណជន។

តើកម្ពុជាអាចមានរបត់នយោបាយជំហានថ្មីណាមួយកើតឡើងទេនៅចុងឆ្នាំនេះឆ្នាំក្រោយ? ក្រោយការចែករំលែកសាររបស់សម្តេចធិបតីបន្ទាប់ពីជំនួប ដែលបានលើកឡើងពីលទ្ធភាពនៃកិច្ចសហការរវាងអ្នកនយោបាយជំនាន់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងជាពិសេសនៅលើឆាកអន្តរជាតិ បានធ្វើឱ្យមានការចាប់អារម្មណ៍ជារួម។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺពាក្យថា «អ្នកនយោបាយជំនាន់ថ្មីដូចគ្នា» ដែលសម្តេចធិបតីបានប្រើក្នុងសាររបស់ខ្លួន។ ពាក្យនេះមិនត្រឹមតែបង្ហាញពីការមើលឃើញនូវភាពជាអ្នកនយោបាយជំនាន់ថ្មីរបស់លោកស្រី កឹម មនោវិទ្យា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចត្រូវបានមើលឃើញថាជាការបើកចំហចំពោះគំនិតនៃការសហការរវាងមនុស្សដែលមានប្រវត្តិ និងទស្សនៈនយោបាយខុសគ្នា ដើម្បីស្វែងរកចំណុចរួមមួយដែលអាចបម្រើផលប្រយោជន៍ជាតិបាន។

ដោយឡែក ខាងសម្តេចតេជោឯណោះវិញ ក៏បង្ហាញពីសមត្ថភាពលោកស្រី កឹម មនោវិទ្យា ផងដែរ ហើយក្រោយជំនួបនេះ លោកស្រីក៏ទទួលបានតួនាទីជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី។ ក្នុងបរិបទនយោបាយកម្ពុជា ការរួបរួម និងការសន្ទនារវាងភាគីដែលមានប្រវត្តិនយោបាយខុសគ្នា តែងតែជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍។

ដូច្នេះហើយ ជំនួបនេះមិនអាចត្រូវបានមើលត្រឹមតែជាកិច្ចជួបជជែកធម្មតារវាងមនុស្សពីរនាក់នោះទេ ប៉ុន្តែវាក៏អាចត្រូវបានចាត់ទុកជាសញ្ញាមួយដែលបង្ហាញថា ការសន្ទនា និងការស្វែងរកចំណុចរួម អាចជាមធ្យោបាយមួយសម្រាប់កាត់បន្ថយភាពខ្វែងគំនិត និងបង្កើតបរិយាកាសនយោបាយដែលមានភាពទូលំទូលាយជាងមុន។

ការលើកឡើងរបស់លោក អ៊ូ វីរៈ ថា «២០២៧ ជាឆ្នាំនយោបាយគួរចាប់អារម្មណ៍បំផុត» ក៏បានធ្វើឱ្យការចាប់អារម្មណ៍លើដំណើរនយោបាយខាងមុខកាន់តែខ្លាំង។ ទោះបីជាមិនអាចសន្និដ្ឋានជាមុនថានឹងមានការវិវត្តបែបណាក៏ដោយ ក៏ការលើកឡើងនេះបង្ហាញថា អ្នកតាមដាននយោបាយកំពុងមើលឃើញថា រយៈពេលប៉ុន្មានឆ្នាំខាងមុខអាចជាដំណាក់កាលដែលមានការប្រែប្រួល និងការរៀបចំកម្លាំងនយោបាយថ្មីៗគួរឱ្យចាប់អារម្មណ៍។

ជាមួយគ្នานេះ លោក រៀល ខេមរិន្ទ្រ ដែលជាអ្នកនយោបាយមួយរូប ក៏បានចាត់ទុកជំនួបនេះថាជា «ជំហានថ្មីមួយទៀតនៃការរួបរួម ដើម្បីបន្តវេននៃទំពាំងនយោបាយកម្ពុជា»។ ទស្សនៈនេះបានបង្ហាញពីការរំពឹងថា អ្នកនយោបាយជំនាន់ថ្មីអាចមានតួនាទីកាន់តែសំខាន់ក្នុងការបន្តដំណើរនយោបាយរបស់ប្រទេស។ ជាពិសេស ប្រសិនបើអ្នកនយោបាយជំនាន់ថ្មីអាចដាក់ផលប្រយោជន៍ជាតិជាមូលដ្ឋាន ហើយមានសមត្ថភាពសន្ទនា សហការ និងគោរពភាពខុសគ្នា នោះវាអាចជាចំណុចវិជ្ជមានមួយសម្រាប់សង្គមកម្ពុជា។

យ៉ាងណាក៏ដោយ ការវាយតម្លៃអំពីជំនួបនេះ គួរតែផ្អែកលើការវិវត្តជាក់ស្តែងនៅពេលខាងមុខ មិនគួរប្រញាប់ធ្វើការសន្និដ្ឋានថាវាជាការផ្លាស់ប្តូរនយោបាយធំមួយរួចទៅហើយនោះទេ។ ព្រោះអ្វីដែលសំខាន់ជាងជំនួបមួយ គឺសកម្មភាពបន្តបន្ទាប់ និងលទ្ធផលដែលអាចកើតចេញពីការសន្ទនា និងកិច្ចសហការទាំងនោះ។

អ្វីដែលសាធារណជនចង់ឃើញ គឺនយោបាយដែលផ្តល់អាទិភាពដល់ផលប្រយោជន៍ប្រទេសជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយអ្នកនយោបាយអាចរក្សាការសន្ទនាគ្នាបាន ទោះបីមានភាពខុសគ្នាខាងទស្សនៈក៏ដោយ។ ប្រសិនបើការរួបរួមរបស់អ្នកនយោបាយជំនាន់ថ្មីអាចក្លាយជាការរួបរួមលើផលប្រយោជន៍ជាតិ មិនមែនគ្រាន់តែជាការរួបរួមតាមផលប្រយោជន៍នយោបាយទេ នោះវាពិតជាអាចក្លាយជាជំហានដ៏មានតម្លៃសម្រាប់អនាគតកម្ពុជា។

 

Daily Program

Livesteam thumbnail
khmer popup image