ជំងឺមហារីកច្រើន ហើយតម្លៃព្យាបាលថ្លៃតើយើងគួរធ្វើម៉េច?

ដូចដែលយើងដឹងជំងឺមហារីនៅកម្ពុជានៅក្នុងមួយឆ្នាំអាចមានប្រមាណជា ២ម៉ឺននាក់ ហើយស្លាប់វិញ គឺប្រមាណជា ១៤.០០០ នាក់ ឯណោះ ដូច្នេះវាគឺជាអត្រាមួយខ្ពស់គួរសមដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់។
មកដល់ពេលនេះ អ្នកដែលកើតជំងឺនេះនៅពេលដែលឮថា ខ្លួនកើតជំងឺនេះគឺដឹងតែអស់សង្ឃឹមតែម្តង ហើយចាប់ផ្តើមមើលពិភពលោកឡើងងងឹតឈឹង ពីព្រោះថ្លៃព្យាបាលមិនថោកឡើយ ដោយជំងឺខ្លះគឺត្រូវការវះកាត់ដែលមានតម្លៃរាប់ពាន់ដុល្លារ ហើយបើចាក់គីមីវិញក៏វាមិនជាថោកដែរ។
ជាទូទៅ អ្នកកើតជំងឺមហារីកដែលគ្មានលទ្ធភាពឬមានតិចតួច ពួកគាត់មិនព្យាបាលតែម្តង តើអ្នកត្រូវអស់សង្ឃឹមហើយគេងរង់ចាំមរណៈភាពដោយអស់សង្ឃឹមឬយ៉ាងណា ?
នៅក្នុងករណីនេះ សូមកុំមើលពិភពលោកទាំងអស់សង្ឃឹម យើងអាចបន្តរស់នៅដោយព្យាយាមរក្សាកម្លាំងចិត្ត។ មកដល់ពេលនេះ មនុស្សជាច្រើនរស់នៅរាប់ឆ្នាំបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញមហារីកនៅក្នុងខ្លួន ជាពិសេសអ្នកដែលរកឃើញវានៅដំណាក់កាលដំបូង ទោះបីជាមិនជ្រើសរើសយកជម្រើសវះកាត់ឬប្រើគីមីក៏ដោយ។
វិធីសាស្រ្តដែលអ្នកទាំងនោះអាចរក្សាជីវិតបាន គឺថែទាំសុខភាពដោយខ្លួនឯងយ៉ាងត្រឹមត្រូវ ដោយការបញ្ឈប់គ្រឿងស្រវឹង រក្សារបបអាហារជំនួយសុខភាព មិនសូវសំបូរខ្លាញ់ អំបិលតិច បន្លែច្រើន និងប្រូតេអ៊ីនគ្មានខ្លាញ់។
នៅក្នុងស្ថានភាពនោះវាពិតជាពិបាកធ្វើចិត្ត ប៉ុន្តែកម្លាំងចិត្តជាកត្តាសំខាន់ដើម្បីយកឈ្នះជំងឺនេះ និងអាចរក្សាជីវិតបានយូរអង្វែង។ យើងគួរតែព្យាយាមសម្រាកនិងគ្រប់គ្រងភាពតានតឹង ដោយសារតែ សុខភាពផ្លូវអារម្មណ៍គឺសំខាន់ណាស់។
យើងអាចពិភាក្សាជាមួយក្រុមគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធអំពីការធ្វើរោគវិនិច្ឆ័យ ហើយក៏អាចនឹងពិចារណាចូលរួមក្រុមគាំទ្រជំងឺមហារីក ឬការប្រឹក្សា ដោយផ្ទាល់ ឬតាមអ៊ីនធឺណិត។
ម្យ៉ាងទៀតយើងអាចព្យាយាមរក្សាកម្លាំងចិត្តបំពេញការងារជាប្រក្រតី ហើយរៀបចំផែនការហិរញ្ញវត្ថុឲ្យបានប្រសើរ ដើម្បីគ្រួសារ ហើយចេះគ្រប់គ្រងពេលវេលា និងព្យាយាមបង្កើតបរិយាកាសល្អៗនៅក្នុងជិវិត។
សរុបទៅសូមកុំរស់ទាំងអស់សង្ឃឹម ទោះបីជាយើងដឹងថា យើងកើតជំងឺនេះដែលគេអាចវាស់អាយុជីវិតយើងក៏ដោយ។ កាលណាយើងនៅមានជីវិតគឺយើងនៅតែមានសេចក្តីសង្ឃឹមហើយព្យាយាមតស៊ូនឹងវា លុះដំណាក់កាលចុងក្រោយនៃជីវិត។ សូមព្យាយាមប្រឹងប្រែង!៕
Daily Program
