ជោគវាសនាជនភៀសសឹកជាង៣០ម៉ឺននាក់នៅព្រំដែនគួរជារបៀបវារៈ១សម្រាប់ប្រជុំ GBC នៅថ្ងៃច័ន្ទ !

ប្រមុខក្រសួងការពារជាតិកម្ពុជានិងថៃតាមគម្រោងនឹងជួបគ្នានៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៥​ខាងមុខ តាមកម្មវិធីដែលបានគ្រោងទុក​ដូចមាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​ដែល​អាន​ដោយ​លោក អានវ៉ា អ៊ីប្រាហ៊ីម នៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជានិងថៃកាលពីដើមសប្តាហ៍កន្លងទៅ។

មកដល់ពេលនេះភាគីកម្ពុជានិងថៃ ពិតជាបានកំពុងតែកំពុងតែបំពេញទៅតាមលក្ខខណ្ឌ​ដែល​មានចែងនៅក្នុងសេចក្តីប្រកាសរួមនោះ គឺរួមមានការអនុវត្តបទឈប់បាញ់នៅពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ឈានចូលថ្ងៃទី​២៩ ខែកក្កដា។ ហើយបន្ទាប់​មក​គឺការជួបចរចារក្រៅផ្លូវការ​រវាងមេបញ្ជាការ​ភូមិភាគកម្ពុជា​និងថៃ។​

ពីរចំណុចដែលសង្កត់ធ្ងន់នៅក្នុងសេចក្តីប្រកាសរួមនេះគឺបានអនុវត្តបណ្តើរហើយមេបញ្ជាការភូមិភាគទាំងពីរភាគីក៏បានយល់ព្រមបទឈប់បាញ់ មិនធ្វើការចល័តទ័ពហើយក៏មិនបន្ថែមកម្លាំង និង យល់​ព្រម​​បង្កើតក្រុមការងារទំនាក់ទំនងគ្នាឡើងវិញ។ មកដល់ពេលនេះ​ស្ថានការណ៍ជាក់ស្តែង​នៅព្រំដែនស្ងប់​ស្ងាត់ តែលើការទូតគឺនៅតែមានការចោទប្រកាន់និងច្រានចោលទៅវិញទៅមក ខណៈដែលនៅលើ​បណ្តាញ​​​សង្គមក៏វិលវល់សម្បើមដែរ។​

កាលពីម្សិលភាគីកម្ពុជាក៏បានរៀបចំដំណើររបស់ក្រុមអ្នកសង្កេតការណ៍ដែលជាមន្រ្តីសេនានុព័ន្ធយោធាប្រចាំនៅកម្ពុជាមកពី១៣ ប្រទេស ចុះដល់តំបន់ដែលរងគ្រោះដើម្បីឲ្យដឹងអំពីស្ថានភាព​ពិតដូច​អ្វីដែលកម្ពុជាបានលើកឡើង ។​

មកដល់ពេលនេះការអនុវត្តកិច្ចព្រមព្រៀងនេះមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយមេ​បញ្ជា​ការ​ទាំងពីរភាគីទំនងជាមិនអាចមានសមត្ថកិច្ចទៅសម្រេចអ្វីលើសពីនេះដែរ។ ភាគីថៃនៅ​បន្តចោទ​ប្រកាន់ភាគីកម្ពុជាដដែលៗអំពីការរំលោភបទឈប់បាញ់​ ហើយកម្ពុជាក៏​បានខិតខំបំភ្លឺនឹងច្រានចោល ហើយក៏បានអំពាវនាវឲ្យភាគីថៃឈប់បំភ្លៃការពិត។

និយាយឲ្យចំទៅស្ថានភាពវាហាក់ដូចនៅបន្តផុយស្រួយនៅឡើយទេ ស្របពេលដែល មេដឹកនាំ​បរទេសបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ បន្តខិតខំពង្រឹង​ការអនុវត្តយ៉ាងប្រាកដ​ប្រជានូវកិច្ចព្រម​ព្រៀង​បទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយមកដល់ពេលនេះ ជនភៀសសឹក​កម្ពុជានៅ​ក្នុង​ខេត្ត​៥ គឺឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិសាត់ និង សៀមរាប​បានឡើងរហូតដល់ទៅ ជាង ១៦ ម៉ឺននាក់ ។

សរុបទៅក្រោយពេលដែលមានបទឈប់បាញ់​ដែលអនុវត្តបាន ៣ថ្ងៃមកនេះ យើងសង្ឃឹមថា ការអនុវត្ត​នេះនឹងបន្តមានជារៀងរហូត ហើយដល់ថ្ងៃទី ០៤ ខែសីហា ខាងមុខភាគី​ទាំងពីរនឹង​ពិភាក្សា​ដូច្នេះសូមរិះគិតដល់ទុកលំបាកពលរដ្ឋ ដែលកំពុងភៀសខ្លួន​ទាំងសងខាងអាច​មានការធានាត្រឹមត្រូវ​មួយ​ដើម្បី​ឲ្យពួកគេឆាប់បានវិលត្រឡប់ទៅលំនៅស្ថានពួកគេវិញ បន្តជីវភាពជាប្រក្រតីឡើងវិញ៕

 

Daily Program

Livesteam thumbnail