គ្រោះថ្នាក់ចរាចរណ៍នៅឆមាសទី១ថយចុះច្រើន ប៉ុន្តែបើភ្លេចខ្លួនវាអាចស្ទុះឡើងខ្លាំង!

ស្ថិតិដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងនាពេលថ្មីៗនេះបានបង្ហាញថា ជនរងគ្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ទាំងស្លាប់ របួស និងករណីគ្រោះថ្នាក់គឺថយចុះគួរជាទីកត់សំគាល់នាឆមាសទី១ដើមឆ្នាំ ប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចដកដៃពីការពង្រឹងការត្រួតពិនិត្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ហាក់កម្រើកឡើងវិញ។

ស្ថិតិបានឲ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥  ចំនួនអ្នកស្លាប់តាមដងផ្លូវនៅកម្ពុជាបានធ្លាក់ចុះមកត្រឹម​៦៩៤នាក់ធ្លាក់ចុះ ១២ ភាគរយដោយថយចុះពីចំនួន ៧៩៣ នាក់ក្នុងរយៈពេលដូច​គ្នាកាលពីឆ្នាំមុន។

ស្ថិតិក៏បានបង្ហាញទៀតផងដែរថា ក្រៅពីចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថយ ស្ថិតិអ្នករបួសវិញ គឺមានចំនួនត្រឹមតែ ១៤៧៦  នាក់ដោយមានការធ្លាក់ចុះ ៣០ ភាគរយនេះបើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដែលមានអ្នករបួសដល់ទៅ ២១១៦ នាក់។ អ្នករបួស និងអ្នកស្លាប់ទាំងនេះ គឺត្រូវបានសមត្ថកិច្ចធ្វើការកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ត្រឹមតែ ១ ០៦៦  ករណីដោយធ្លាក់ចុះ  ៣០,៥ ភាគរយ បើធៀបនឹងករណីរយៈពេលដដែលនាឆ្នាំចាស់ គឺមានរហូតដល់ទៅ ១ ៥៣៤  ករណីនោះ។

គួររំលឹកថា កាលពីឆមាសទី១ សមត្ថកិច្ចបានរិតបន្តឹងខ្លាំងលើបញ្ហាត្រួតពិនិត្យចរាចរណ៍ ហើយនៅក្នុងអំឡុងពេលនោះ ក៏មានការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចជាបន្តបន្ទាប់ជាច្រើនករណីផងដែរ ប៉ុន្តែទន្ទឹមនឹងនោះអត្រានៃករណីអ្នករងគ្រោះគឺឃើញថាថយចុះ។

មកដល់ពេលនេះករណីគ្រោះថ្នាក់ចរាចរណ៍មិនអាចប្រហែសបានទេ ហើយស្ថានភាពហាក់កម្រើកឡើងវិញ ចាប់តាំងពីសមត្ថកិច្ចចរាចរណ៍បានទទួលបទបញ្ជាផ្អាកការត្រួតពិនិត្យមួយរយៈ ក្រោយពេលដែលមានការប៉ះទង្គិចនៅព្រំដែនជាមួយនឹងថៃ។

មើលតែនៅលើផេករបស់អគ្គស្នងការនគរបាលជាតិទៅឃើញហើយ គ្រោះថ្នាក់ចរាចរណ៍បានបន្តកើតមានជាបន្តបន្ទាប់ ដោយគ្មានថ្ងៃស្រាកស្រាន្តសោះ ហើយមូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​គោរព​សិទ្ធិ​បត់​មិន​ប្រយ័ត្ន បត់​គ្រោះថ្នាក់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​ងងុយដេក​។ ភាគច្រើននៃករណីគ្រោះថ្នាក់នេះភាគច្រើនគឺនៅពេលរាត្រី។

ផ្អែកតាមស្ថិតិនេះ ជាទូទៅនៅក្នុងមួយថ្ងៃមានពលរដ្ឋកម្ពុជាស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍៤នាក់ជាមធ្យម ដូច្នេះវាគឺជាតួលេខដ៏ខ្ពស់មួយដែលយើងគួរតែយកចិត្តទុកដាក់។ រឿងគ្រោះថ្នាក់ចរារណ៍នេះ តែប្រហែស ឬបន្ធូរដៃគឺដឹងតែអាចកើនឡើង។ សូមបងប្អូនពង្រឹងការប្រុងប្រយ័ត្ន នៅពេលដែលសមត្ថកិច្ចបន្ធូរដៃ យើងគួរតែរិតតែប្រុងប្រយ័ត្ន ហើយតាំងចិត្តថាជាអ្នកកាន់ ចង្កូតនៅក្នុងសង្គមដែលស៊ីវីល័យចេះគោរពច្បាប់ជាពិសេសគឺច្បាប់ចរាចរណ៍។ សូមខ្លាចច្បាប់ ដោយការគោរពច្បាប់ ហើយកុំខ្លាចច្បាប់ព្រោះតែសមត្ថកិច្ច។ បើយើងម្នាក់ៗនៅតែមានទស្សនៈបែបនេះ នោះគ្រោះថ្នាក់ចរាចរណ៍គឺនៅតែ ជាប្រភពសម្លាប់ជីវិតមនុស្ស បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋយើងដដែលដូចតែគ្នាហ្នឹង៕

Daily Program

Livesteam thumbnail