គ្រុនផ្តាសាយបក្សីកើតមួយករណីទៀតហើយ ! ប្រុងប្រយ័ត្នផង

គ្រុនផ្តាសាយបក្សីដែលបង្ករដោយមេរោគ H5N1 បានរកឃើញមួយករណីថ្មីបន្ថែមទៀតហើយ ដោយករណីថ្មីនេះគឺរកឃើញនៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះត្រូវបានគេដឹងថា គឺទើបតែមានអាយុ៦ ឆ្នាំ ហើយត្រូវបានបញ្ជាក់ថា ឆ្លងមេរោគនេះ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី ០៥ ខែសីហា ថ្មីៗនេះ។

ក្រសួងសុខាភិបាលបានប្រកាសថា កុមារីរងគ្រោះគឺមានរោគសញ្ញាគ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម ក្រោយពេលដែលនៅក្នុងភូមិនេះមានករណីមាន់ឈឺនិងងាប់ជាបន្តបន្ទាប់ ហើយក៏មានសេចក្តីរាយការណ៍ថាឪពុកម្តាយកុមារី បានយកមាន់ដែលឈឺទៅធ្វើម្ហូបមុនថ្ងៃដែលកុមារីចាប់ផ្តើមឈឺ​។​

សូមប្រុងប្រយ័ត្នអំពីរឿងនេះ! គិតមកដល់ពេលនេះជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញជាបន្តបន្ទាប់នៅទីតាំងផ្សេងៗពីគ្នា ពោលគឺជាង ១០ ករណីហើយ ដោយមានករណីខ្លះបានបាត់បង់ជីវិតផងដែរ។​

ដើម្បីបង្ការនិងការពារជំងឺនេះ ក្រសួងសុខាភិបាល បានរំលឹកថា ជំងឺនេះនៅតែបន្តការគំរាមកំហែងសុខភាពគ្រប់គ្នានៅឡើយ នៅក្នុងករណីមានសត្វបក្សី ជាពិសេសគឺមាន់ទាឈឺ ឬងាប់ សូមប្រុងប្រយ័ត្ន នៅក្នុងអំឡុងពេលដែលមានសត្វបក្សីឈឺ ហើយបងប្អូនប្រជាពលរដ្ឋមាននរណាម្នាក់នៅក្នុងសហគមន៍មានអាការៈជំងឺដូចខាងលើ គឺសូមប្រញាប់មកកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាព។

ជំងឺនេះឆ្លងពីសត្វបក្សីដែលផ្ទុកមេរោគមកមនុស្ស ហើយអត្រាគ្រោះថ្នាក់ខ្ពស់ដែរ។  មកដល់ពេលនេះគេនៅមិនទាន់រកឃើញភស្តុតាងនៃការចម្លងមេរោគនេះពីមនុស្សទៅមនុស្សនៅឡើយទេ ប៉ុន្តែអ្នកវិទ្យាសាស្រ្តក៏មិនបានច្រានចោលដែរ ដូច្នេះនៅពេលដែលមាននរណាម្នាក់ឈឺ សូមយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនផងដែរ។​

ដើម្បីបង្ការនិងការពារការឆ្លងមេរោគនេះ កុំប៉ះពាល់សត្វបក្សីដែលមានជំងឺ នៅក្នុងករណីប៉ះគឺត្រូវពាក់ស្រោមដៃ និងពាក់ម៉ាស់ ឫុយកក្រមាដែលស្អាតល្អបិទច្រុះ ហើយចាប់បក្សាបក្សីទាំងនោះស្រុះទឹកក្តៅដាំពុះ រួចបោចរោមឲ្យស្អាតល្អ។​

នៅក្នុងដំណើរការធ្វើការចំអិនគឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូអោយបានញឹកញាប់  ហើយធ្វើម្ហូបឲ្យបានឆ្អិនល្អ។ ករណីទទួលទានស៊ុតក៏ដូចគ្នានេះដែរ គឺគួរតែចំអិនអោយល្អ កុំទទួលទានតាមរបៀបជ័រព្នៅ។ ហើយការទុកដាក់អាហាររវាងអាហារឆ្អិននិងសាច់បក្សីឆៅគឺនៅកន្លែងឲ្យដាច់ពីគ្នា  រួចក៏ត្រូវសំអាតឧបករណ៍ធ្វើម្ហូបឲ្យស្អាតល្អជានិច្ច។

នៅក្នុងករណីបញ្ជៀសបានគឺយកល្អគួរតែកុំទទួលទានពពួកបក្សាបក្សីដែលឈឺ ជាពិសេសគឺងាប់ ដោយទុកដាក់ហើយកប់វាចោលឲ្យត្រឹមត្រូវតាមវិធានការណ៍សុវត្ថិភាព។ នៅក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់មកពិគ្រោះយោបល់និងពិនិត្យសុខភាពនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងការពន្យារពេល នាំឲ្យប្រឈមនឹងហានិភ័យខ្ពស់ប៉ះពាល់ដល់អាយុជីវិតបាន៕

 

 

Daily Program

Livesteam thumbnail