គេកាន់តែមើលស្រាលយើង ! យើងត្រូវតែប្រឹងនិង​អត់ធ្មត់

នៅពេលគេមើលស្រាលយើង ខឹងគេចុះ ប៉ុន្តែកុំប្រទូសសារ៉ាយហើយយកកំហឹងទល់កំហល់ គឺប្រើសតិហើយកែប្រែការឈឺចាប់ឲ្យទៅជាកម្លាំងដើម្បីខិតខំធ្វើឲ្យ​សម្រេចបានលើសពីគេ ប៉ុន្តែប្រសិនបើយើងខឹងគេ តែមិនខំ ហើយផ្ទុយទៅវិញនៅតែបន្តត្រសុលក្បាលឲ្យគេមើលងាយទៀតនោះ វាគឺជារឿង​មួយ​មិនគួរទាល់តែសោះ។

មកដល់ពេលនេះ ទំនាស់ព្រំដែនយើងនៅតែក្តៅហើយ​រងើកភ្លើង ចង់ក្លាយ​ជាអណ្តាតភ្លើងម្តងៗទៅហើយ ប៉ុន្តែយើងប្រកាន់យកការអត់ធ្មត់ ដូច្នេះនៅពេលដែល ស្ថិតនៅក្នុងស្ថានភាពនេះ យើងគួរតែនាំគ្នាប្រឹងប្រែងលើកកំពស់ចលនាជាតិនិយមដែលត្រឹមត្រូវ។

តាមស្ថិតិពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កាលពីខែតុលា ឆ្នាំ២០២៥កន្លងទៅកម្ពុជាយើងនៅតែបន្តនាំចូលទំនិញពីថៃ ដោយមានទំហំប្រមាណជា ជិត២៤០លានដុល្លារ។ ផ្អែកតាមស្ថិតិនេះឃើញថា តម្លៃនាំចូលទំនិញពីថៃនៅពេលនេះធ្លាក់ចុះជិត២០ភាគរយ ដោយសារតែការធ្វើចលនាជាតិនិយមនិងពហិការរបស់ប្រជាពលរដ្ឋកម្ពុជា បើធៀបនឹងតម្លៃនាំចូលនៅក្នុងរយៈពេល​ដដែលកាលពីឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជា ជាង ២៩៨ លានដុល្លារ។

ជាការពិតលទ្ធផលនៃការធ្វើពហិការលើទំនិញពីប្រទេសដែលមានអរិភាពជាមួយនឹងកម្ពុជាគឺថយចុះមែន ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ទំហំនៃការនាំចូលពីប្រទេសនេះនៅតែច្រើន​ដែលយើងចាំបាច់ ត្រូវតែខិតខំធ្វើពហិការបន្ថែមទៀត ហើយទន្ទឹមនឹងនោះ គឺក៏ត្រូវតែ​បង្កើនសមត្ថភាពខ្លួនយើង ដើម្បីជំនួសតម្រូវការផលិតផលពីគេឲ្យបាន។ រឿងគេនាំចូលគឺជារឿងរបស់គេ ប៉ុន្តែសំខាន់យើងជាអ្នក​ប្រើប្រាស់គឺយើងមានសិទ្ធិ យើងមានជម្រើស។

ក្រៅពីនោះ អ្វីដែលយើងត្រូវតែជៀសវាងឲ្យបាន ហើយកុំអោយយកប្រយោជន៍មកដឹកមុននោះ គឺយកផលិតផលគេមកកែប្រែប្រភព ហើយដាក់ចូលទីផ្សារអោយពលរដ្ឋយើងប្រើប្រាស់។  អ្នកដែលប្រព្រឹត្ត បែបនេះ នៅពេលដែលរកឃើញគឺគួរតែអនុវត្តទៅតាមច្បាប់ឲ្យដាច់ខាតដោយមិនលើកលែង។

សូមលើកកំពស់ការពង្រឹងសមត្ថភាពផលិត កែច្នៃ រាល់ផលិតផលដែលមាននៅក្នុងស្រុកឲ្យបាន។ ដរាបណាគេកាន់តែមើលងាយមើលស្រាលយើងដាច់ខាតកែប្រែការឈឺចាប់នេះឲ្យទៅជាសក្តានុពលហើយដុតកំហឹងពីការចងគំនុំទៅជាការឈឺចាប់ខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឲ្យខ្លាំង។ នៅក្នុងករណីដែលយើងខឹងគេហើយឆេវឆាវវាអាចចូលអន្ទាក់របស់គេ ហើយពេលខ្លះយើងក៏អាចខាតបង់ច្រើនដែរ។ សូមប្រឹងប្រែងធ្វើពហិការបន្ថែមទៀត ដើម្បីជាតិមាតុភូមិរបស់យើងទាំងអស់គ្នា៕

 

Daily Program

Livesteam thumbnail