កុំវាយតម្លៃសមត្ថកិច្ចទាំងមូលតាមកំហុសបុគ្គលមួយចំនួន
សមត្ថកិច្ចដែលមានមនសិការ និងគោរពតួនាទីមានគគោក! កុំយកករណីមន្ត្រីសមត្ថកិច្ចអសកម្មម្នាក់ពីរនាក់មកសន្និដ្ឋាន ហើយវាយតម្លៃជារួម។ មកដល់ពេលនេះ មានពលរដ្ឋមួយចំនួនបានប្រើប្រាស់បណ្តាញសង្គមជារចនាបទរិះគន់សមត្ថកិច្ចយ៉ាងខ្លាំងក្លា ជាពិសេសគឺមន្ត្រីប៉ូលីសចរាចរណ៍ ដោយពេលខ្លះពួកគាត់ក្តៅ ហើយកំពុងតែជ្រកក្រោមម្លប់ឈើ ឬអគារ បែរជានាំគ្នាផ្សព្វផ្សាយថាជាការលបពួនស្ទាក់ចាំចាប់ និងផាកពិន័យអ្នកធ្វើដំណើរទៅវិញ។
ជាការពិត នៅក្នុងចំណោមជួរសមត្ថកិច្ចទាំងអស់ គឺពិតជាមានមន្ត្រីខិលខូច និងឆ្លៀតឱកាសបែបនោះមែន ប៉ុន្តែវាមិនមែនទាំងអស់ឡើយ។ មន្ត្រីដែលស្អាតស្អំ និងគោរពភារកិច្ចមានគគោក ហើយសកម្មភាពដែលមហាជនរិះគន់ថាជាការពួនស្ទាក់នោះ ពេលខ្លះមិនដូចការគិតបែបនោះទេ។ យើងគួរយោគយល់ និងត្រូវយល់ពីស្ថានភាព ពីព្រោះសមត្ថកិច្ច ជាពិសេសសមត្ថកិច្ចចរាចរណ៍ គឺពេលខ្លះធ្វើការក្រោមសំពាធបរិយាកាសប្រែប្រួលជានិច្ច ពេលខ្លះភ្លៀង ពេលខ្លះក្តៅ។ ពួកគាត់ក៏ជាមនុស្ស ដែលពេលខ្លះក្រោមសំពាធកម្តៅខ្លាំង និងហត់នឿយ ក៏ត្រូវការកន្លែងមានម្លប់ដើម្បីជ្រកផងដែរ។
ម្យ៉ាងវិញទៀត ទោះជាពួកគេពួនស្ទាក់ចាប់បែបនេះ ក៏មិនជាខុសអ្វីខ្លាំងដែរ ពីព្រោះការដែលពួកគាត់ធ្វើបែបនេះក៏ដោយសារតែពួកយើងទាំងអស់គ្នាផងដែរ។ សព្វថ្ងៃនេះ មានអ្នកខ្លះគោរពច្បាប់ចរាចរណ៍មិនមែនព្រោះខ្លាចច្បាប់ ឬខ្លាចការទទួលខុសត្រូវនោះទេ ប៉ុន្តែគឺខ្លាចសមត្ថកិច្ចនេះឯង។ ទោះជាសមត្ថកិច្ចខ្លះពួកគាត់ពួនស្ទាក់ក៏ដោយ ប៉ុន្តែបើយើងទាំងអស់គ្នាគោរពច្បាប់ គោរពភ្លើងសញ្ញាចរាចរណ៍ និងមិនរំលោភគំនូសចរាចរណ៍ ពួកគាត់ជាសមត្ថកិច្ចក៏មិនអាចរកហេតុផលអ什្វាមកឃាត់យើងបានដែរ។
សូមគោរពច្បាប់ចរាចរណ៍ចេញពីមនសិការ និងការទទួលខុសត្រូវចាប់ពីពេលនេះតទៅ ពីព្រោះថាបើសិនជាយើងបណ្តែតបណ្តោយទៀត មិនដឹងពេលណាឆ្នាំណាទេ ទើបយើងមានពលរដ្ឋដែលចេះ និងគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាតលើសលុបដូចជានៅស្រុកគេ។ សព្វថ្ងៃនេះ ដោយសារតែយើងមិនគោរពច្បាប់នេះហើយ ទើបជាមូលហេតុចម្បងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់មនុស្សរាប់សិបនាក់។ ជាក់ស្តែង នៅក្នុងវង្វង់៩ខែនៃឆ្នាំ២០២៦ នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សសរុបប្រមាណ ១.១៦០នាក់។ ផ្អែកតាមស្ថិតិនេះ ក្នុងមួយថ្ងៃពលរដ្ឋយើងបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាមធ្យមប្រមាណពី ៤ ទៅ ៥នាក់ ហើយដើមចមនៃគ្រោះថ្នាក់គឺការមិនគោរពចរាចរណ៍នេះឯង។
សរុបទៅ ការវាយតម្លៃសមត្ថកិច្ចគួរតែផ្អែកលើការពិត និងសកម្មភាពជាក់ស្តែង មិនគួរយកកំហុសរបស់មន្ត្រីមួយចំនួនមកសន្និដ្ឋានលើសមត្ថកិច្ចទាំងមូលនោះទេ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏ត្រូវបន្តអនុវត្តតួនាទីប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងយុត្តិធម៌ ដើម្បីទទួលបានការជឿទុកចិត្តពីសាធារណជន។ អ្វីដែលសំខាន់ជាងនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវចាប់ផ្តើមគោរពច្បាប់ចរាចរណ៍ចេញពីមនសិការ និងការទទួលខុសត្រូវផ្ទាល់ខ្លួន មិនមែនគោរពតែពេលឃើញសមត្ថកិច្ចនោះទេ។ ការគោរពច្បាប់មិនមែនដើម្បីគេចពីការផាកពិន័យទេ ប៉ុន្តែដើម្បីការពារជីវិតខ្លួនឯង អ្នកដទៃ និងសុវត្ថិភាពសង្គមទាំងមូល។ ប្រសិនបើយើងគ្រប់គ្នាចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថចាប់ពីថ្ងៃនេះ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកសាងវប្បធម៌គោរពច្បាប់នៅកម្ពុជានឹងអាចសម្រេចបានកាន់តែប្រសើរ។
