កុំប្រហែសរដ្ឋមន្រ្តីព្រមានហើយរឿងព័ត៌មានតាម Facebook និង Tiktok
ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស Facebook និង Tiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយដែលពលរដ្ឋនិយមនោះ លោក នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន ចេញសាររំលឹកឲ្យពលរដ្ឋលើកកំពស់ការប្រុងប្រយ័ត្ន។
បើតាមសាររបស់លោករដ្ឋមន្រ្តីបានឲ្យដឹងថា នៅពេលនេះ មានក្រុម និងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
នៅក្នុងស្ថានភាពបែបនេះ លោកអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការ។
លោករដ្ឋមន្រ្តីក៏សំណូមពរឲ្យ ប្រជាពលរដ្ឋទាំងអស់ ជឿជាក់ និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច ដូចជា សេចក្តីប្រកាសផ្លូវការ ស្ថាប័នព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងគោរពតាមស្តង់ដារសារព័ត៌មាន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីលើកទឹកចិត្តឲ្យពលរដ្ឋ ចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក និងរួមគ្នាការពារបរិយាកាសព័ត៌មានឱ្យមានភាពស្អាតស្អំ តម្លាភាព និងទទួលខុសត្រូវ។ លោកបានអះអាងថា ការប្រុងប្រយ័ត្នរបស់ពលរដ្ឋ គឺជាកម្លាំងសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។
សារនេះគឺជាការពញាក់ស្មារតីមួយ ពីព្រោះនៅលើបណ្តាញសង្គមពិសេស Facebook និង Tiktok គឺមានព័ត៌មានជាច្រើន។ ព័ត៌មានទាំងនោះខ្លះមានចរិតជាការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ខ្លះមានលក្ខណៈជាការចែករំលែកចំណេះដឹង ខ្លះមានលក្ខណៈជាការរិះគន់ស្ថាបនា ហើយខ្លះក៏យកវាជាច្រកបញ្ចេញកំហឹង នេះកំហឹងនោះ ឬក៏ជាកន្លែងឬឧបករណ៍បន្ធូរបន្តយការតានតឹងឬកង្វល់ណាមួយ។
ក្រៅពីនោះក៏អ្នកខ្លះដូចដែលលោករដ្ឋមន្រ្តីបានរំលឹកដូច្នេះដែរ គឺគេមានចេតនានយោបាយ ដែលបង្កប់នូវឧបាយកល ហើយអាចនឹងធ្វើឲ្យយើងដែលទទួលព័ត៌មាននេះ មានបញ្ហាក៏ថាបាន។ ខ្លះទៀតគេប្រើប្រាស់វាគឺជាច្រកសម្រាប់អាជីវកម្មលក់ទំនិញនេះទំនិញនោះ រហូតដល់អ្នកខ្លះយកវាទៅបោកប្រាស់ថែមទៀតផង។
សរុបទៅយើងមិនហាមឃាត់ទេហើយសង្គមក៏ដូចជាអាជ្ញាធរមិនហាមឃាត់ដែរ តែរំលឹកឲ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះព័ត៌មានដែលមានចារឹកអាក្រក់ ដោយប្រើប្រាស់បណ្តាញសង្គម Facebook និង Tiktok ជាឧបករណ៍។ សូមយើងទាំងអស់គ្នាប្រុងប្រយ័ត្ននឹងយកចិត្តទុកដាក់នៅក្នុងពេលដែលលេងវា បើត្រឹមតែជាកំសាន្ត បន្ធូភាពតានតឹង ចែករំលែកចំណេះដឹងមិនអីទេ តែកុំយកវាជាមូលដ្ឋានទៅប្រពឹត្តអំពើដែលផ្ទុយនឹងច្បាប់៕