កុំបន្លាចគេអំពីមេរោគដែលខ្លួនមិនដឹងច្បាស់

ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គមមានការចែករំលែកច្រើនគួរសមរឿងជំងឺម្យ៉ាងដែលភាសាអង់គ្លេសហៅថា អង់ត្រាក់ (Anthrax) ប៉ុន្តែខ្មែរយើងហៅថា ជំងឺពិសធ្យូង។
ជំងឺនេះរកឃើញនៅថៃឯណោះទេ ប៉ុន្តែបណ្តាញសង្គមខ្លះបានយកវាមកបន្លាចដល់សហគមន៍នៅក្នុងប្រទេស។
ពេលដែលយើងបានដឹងគួចែករំលែកអ្វីដែលបានដឹង និងសេចក្តីពិតរបស់វាបានហើយ ហើយរំលឹកឲ្យប្រុងប្រយ័ត្ននិងលើកកំពស់ការយល់ដឹងប៉ុណ្ណឹងគឺអាចជួយដល់បងប្អូនរបស់យើងហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺដែលគេកំពុងតែបន្លាចសង្គមនេះ គឺរកឃើញនៅខេត្តមុកដាហាន ប្រទេសថៃ។
ហើយជំងឺពិសធ្យូងនេះ គឺកើតលើបុរសម្នាក់ ដោយគេដឹងជាបឋមថា មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។
ប្រភពដដែលបានបន្តថា ជំងឺពិសធ្យូងនេះ មានថ្នាំព្យាបាលជា ដូច្នេះកុំបារម្ភខ្លាំងពេក។ វាគឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។
ប្រភពដដែលបានបន្តថា ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឹងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដើម។ ជំងឺបង្កឡើងដោយមេរោគបាក់តេរីនេះ មានបីទម្រង់ ជំងឺអង់ត្រាក់លើមនុស្ស ស្បែក ដង្ហើម និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិចគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត។
ប្រភពដដែលបានលើកទឹកចិត្តឲ្យពលរដ្ឋទាក់ទងរាយការណ៍នៅក្នុងករណីសង្ស័យនឹងជំងឺនេះ។ជំងឺនេះប្រសិនបើឆ្លងតាមស្បែកអាចងាយស្រួលព្យាបាល ប៉ុន្តែបើវាឆ្លងតាមផ្លូវដង្ហើមនិងសរីរាងខាងក្នុងគឺអាចពិបាកព្យាបាល។
តាមការស្រាវជ្រាវលើឯកសារវេជ្ជសាស្រ្តមួយចំនួនបានឲ្យដឹងថា ជំងឺពិសធ្យូងនេះ អាចមានរោគសញ្ញាខ្លះៗដូចជាដំបៅនៅលើស្បែក ក្រោយពេលមានកន្ទួលរមាសដូចសត្វល្អិតខាំ ហើយវិវត្តទៅជាដំបៅដែលនៅចំណុចកណ្តាលខ្មៅ។ អ្នកជំងឺ អាចមានអាការៈហើមនៅក្នុងក្រពេញទឹករងៃដែលឈឺ និងនៅក្បែរនោះ។ ជួនកាល មានរោគសញ្ញាដូចជាគ្រុនក្តៅ និងឈឺក្បាល វាក៏អាចមានអាការៈដូចជា រោគរលាកក្រពះពោះវៀន បណ្តាលមកពីការបរិភោគសាច់សត្វដែលមានមេរោគមិនបានចម្អិនឆ្អិន។
សរុបទៅនៅពេលមានអាការៈមួយចំនួន ដូចជាដំបៅនៅលើស្បែក ចង្អោរ ឈឺពោះ ឈឺក្បាល បាត់បង់ចំណង់អាហារ គ្រុន រាគធ្ងន់ធ្ងរ ហូរឈាម ឈឺបំពង់ក និងពិបាកលេបទឹកមាត់ ហើមក ឈឺទ្រូងកម្រិតស្រាល ដង្ហើមខ្លីៗពិបាកដកដង្ហើម សូមប្រញាប់មករកសេវាសុខាភិបាល ហើយយកចិត្តទុកដាក់អនាម័យខ្លួនប្រាណ កុំបរិភោគសាច់ដែលមិនឆ្អិនល្អ ហើយក៏កុំជិតស្និទ្ធនឹងពពួកសត្វស៊ីស្មៅ៕
Daily Program
